ខេត្តឧត្តរមានជ័យ ៖ ថៅកែជើងខ្លាំងវ័យក្មេងនិងជាអ្នកគៀងគរពលករខ្មែរឆ្លងដែនចូលទៅលួចកាប់ឈើក្រញូងនៅទឹកដីថៃ សកម្មភាពពលករខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសថៃលួចកាប់ឈើក្រញូងនៅតែបន្ដឥតឈប់ឈរ ដោយគ្មានសមត្ថកិច្ច ឬ អាជ្ញាធរណាមួយ ទប់ស្កាត់និងបង្ក្រាបឡើយ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ច ដែលឈរជើងតាមបន្ទាត់ព្រំដែនបាននិយាយថា ៖ ថៅកែជើងខ្លាំងទី១ ៖ ឈ្មោះ គឹម ហ៊ាប្រុស គឺជាអ្នករត់ការលុយកាក់ជាមួយស្ថាប័នពាក់ព័ន្ធ ។ រីឯទី២ ឈ្មោះ ហង្ស ជាអ្នករកពលករឡើងទៅកាប់ឈើក្រញូងនៅប្រទេសថៃ ហើយអ្នកទាំងពីរ រស់នៅក្នុងភូមិ ទំនប់ អភិវឌ្ឍន៍ ឃុំ អូរស្វាយ ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ។
បើតាមប្រភពពីសមត្ថកិច្ចតូចតាចបានលួចខ្សឹបប្រាប់អ្នកកាសែតថា ៖ ថៅកែវ័យក្មេងជើងខ្លាំងទាំងពីររូបខាង
លើនេះថា នៅរកស៊ីឈើក្រញូងដដែលបានដាក់កំលាំងពលករឆ្លងដែនជាច្រើននាក់តាមព្រំដែនជើងភ្នំដងរែក ហើយប្រភពនោះបានបន្តទៀតថា សមត្ថកិច្ចដែលឈរជើងនៅតាមបន្ទាត់ព្រំដែននោះ មិនអាចបន្ទោសពួកគាត់បានឡើយ ដោយឈ្មួញទាំងពីរនាក់នេះមានខ្សែធំណាស់ ទើបពួកគាត់មិនហ៊ានបង្ក្រាបឡើយ ។
សមត្ថកិច្ចដែលឈរជើងនៅតាមបន្ទាត់ព្រំដែនបាននិយាយថា រឿងរ៉ាវទាំងអស់ហ្នឹងមានតែ ឯកឧត្តម សរ ថាវី ទេអាចបង្រ្កាបបានក្រុមឈ្មួញជើងខ្លាំងកែងឆេះជង្គង់ហោះបាន ពីព្រោះក្រុមឈ្មួញនេះមានខ្នងធំជាងលោកអភិបាលខេត្តទៅទៀត ។
អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕
ដោយ៖ លោក សុខ សាវ៉េត