ខេត្ត ស្ទឹងត្រែងៈការដឹកជញ្ជូនឈើតាមរថយន្តយីឌុបចេញពីតំបន់បាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅតែកើតមានពេញបន្ទុក បើទោះបីជាទំនប់នេះក៏សាងសង់រួចរាល់ក្តី។
ប្រជាពលរដ្ឋរស់ភូមិឃុំស្រែគរ ស្រុក សេសាន ខេត្តស្ទឹងត្រែងបាន អះអាងថាស្ទើររាល់យប់ មានរថយន្តយីឌុបដឹកឈើចាប់ពី ២០ គ្រឿង៣០ឡើងទៅ ចេញពីការដ្ឋានក្រុមហ៊ុនសំអាតបាតអាងនេះ។
ប្រជាសហគមន៍ និង សកម្មជនបរិស្ថានបារម្ភជាថ្មីទៀតថា តទៅអនាគសម្បត្តិធម្មជាតិ នៅខេត្តស្តឹងត្រែង និង ព្រៃឈើក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ នឹង រលាយហិនហោចនៅពេលខ្លីខាងមុខនេះ ខណៈបច្ចុប្បន្នការដឹកជញ្ជូនឈើចេញពីតំបន់បាតអាងខុសច្បាប់ នៅតែកើតមានឥតឈប់ឈរយ៉ាងអនាធិបតេយ្យ។
ប្រជាពលរដ្ឋរស់នៅឃុំស្រែគរ ស្រុក សេសាន បានប្រាប់ដោយមិនហ៊ានបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឱ្យដឹងកាលពីថ្ងៃទី២០មីនា ឆ្នាំ២០១៩ ថា រថយន្តយីឌុបចាប់ពី ២០គ្រឿងឡើងទៅ៣០គ្រឿង កំពុងប្រមូលដឹកឈើអាជ្រៀកនិងឈើអាឡាំជាបួនជ្រុងចេញពីការដ្ឋានរបស់ក្រុមហ៊ុនបាតអាង ទំនងជាដឹកទៅកាន់ប្រទេសវៀតណាម និង ដេប៉ូទិញឈើផ្សេងទៀតក្នុងប្រទេសកម្ពុជា។ លោកថា ឈើទាំងនោះរាប់ពាន់ម៉ែត្រគូប ឋិតក្នុងការដ្ឋានរបស់ក្រុមហ៊ុននេះ អ្នកភូមិប្រទះឃើញដឹកជញ្ជូនចេញក្រៅ នៅពេលយប់តាមរថយន្តយីឌុប ឬវ៉េងអងដោយជ្រកក្រោមស្លាកមានប៉េសេ(pc)ដោយក្នុងមួយគ្រឿងអាចដឹកឈើចាប់ពី ៣០ម៉ែត្រគូបឡើងទៅ។ ប្រជាពលរដ្ឋបន្តថា សព្វថ្ងៃនេះអាជីវកម្មឈើនៅតំបន់នោះ មានអ្នកការពារយាមកាមជាមន្ត្រីអាវុធហត្ថប្រុងប្រយ័ត្នបំផុត និង ដាក់បារ៉ាស់រនាំង ២ទីតាំងផ្សេងគ្នា នៅច្រកផ្លូវចូលឃុំស្រែគរថ្មី ក្នុងបំណងបិទបាំងព័ត៌មានពីភាពមិនប្រក្រតីនៃអាជីវកម្មឈើនៅតំបន់នោះ៖ «ដឹកឈើរាល់យប់ ដឹកតាមយីឌុបឬវ៉េវអងក្នុងមួយរថយន្តចាប់ ៣០ម៉ែត្រគូបឡើងទៅ ហើយក្នុងមួយយប់ៗ ៥០ ទៅ ៦០ យីឌុបឯណោះ»។
ប្រជាពលរដ្ឋ និង ប្រជាសហគមន៍សម្ដែងការសោកស្តាយពីការថយចុះទំហំព្រៃឈើធំធេង នៅខេត្ត ស្ទឹងត្រែង ដែលជាជម្រកធនធានធម្មជាតិធំជាងគេនៅកម្ពុជា ជាពិសេសតំបន់ឧទ្យានជាតិវីរៈជ័យ និង តំបន់ព្រៃសហគមន៍ផ្សេងទៀតនៅខេត្ត ស្ទឹងត្រែង ត្រូវគេលួចកាប់ឈើធំៗ បន្លំដឹកជញ្ជូនចូលបាតអាងដោយប្រើរថយន្តបាកុង និង គោយន្តកែឆ្នៃ។ល។សំរុកដឹកចូលបាតអាងដើម្បីដាក់ម៉ាស៊ីនរ៉ៃអារជ្រៀកនិងឡាំជាបួនជ្រុងតំរូវទៅតាមឈ្មួញកម៉្មង់។ រីឯមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដែលមានតួនាទីទប់ស្កាត់បទល្មើសព្រៃឈើ នៅតែមានទម្លាប់ទទួលសំណូកពីក្រុមឈ្មួញដឹកឈើទាំងនោះដដែលជាដដែល។
ក្នុងករណីនេះដែរសារព័ត៌មានយើងនៅមិនទាន់អាចទាក់ទងអភិបាលស្រុកសេសានស្ដីទី លោក សុវណ្ណ ពិសេដ្ឋ និងតំណាងក្រុមហ៊ុនសំអាតបាតអាង លោក អ៊ុំ រ៉េត ដើម្បីសុំការបំភ្លឺរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២៦មីនាឆ្នាំ២០១៩ ព្រោះគ្មានលេខ។ រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ក្ត្រា ក៏មិនអាចទាក់ទងបានដែរ ពីព្រោះគ្មាន លេខ។
កន្លងទៅថ្មីនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងជាសាធារណៈទាក់ទិនការកាប់ឈើពីខាងក្រៅ បន្លំចូលបាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោម២ បន្ទាប់ពីក្រុមហ៊ុននេះបានបិទទ្វារទឹកកម្ពស់ ៧០ ម៉ែត្រជាយូរមកហើយ។ លោកស្នើឱ្យអាជ្ញាធរជំនាញពិនិត្យអាជីវកម្មនេះឡើងវិញ៖ «ខ្ញុំសួរហាស សារ៉េត ទៅប្រមូលបាតអាងអីទៀត បើបាតអាងសល់ទឹក ៧០ម៉ែត្រ។ វាមិនមែនសម្អាតបាតអាង ទេតាមពិតវាទៅកាប់ឈើនៅអីណាណី ថាសំអាតបាតអាង។ វារីអគ្គិសនីធ្វើយូរហើយ នៅតែសំអាតបាតអាងមិនចេះចប់មិនចេះហើយ។
បើទោះបីជា សម្តេច ក្រឡាហោម ស ខេង ថ្លែងបែបនេះក្តី ក៏គ្មានស្ថាប័នណាមួយអនុវត្តតាមដែរមានន័យថា បទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ គឺសាបដូចទឹកទន្លេអញ្ចឹង។
សេចក្ដីរាយការណ៍សហគមន៍ការពារព្រៃឈើ ឱ្យដឹងថា ក្រុមហ៊ុនបាតអាងបានឈូសឆាយផ្លូវជាយូរមកហើយ សម្រាប់ដឹកឈើចេញពីតំបន់ឧទ្យានជាតិវីរៈជ័យ ឋិតក្នុងស្រុក សៀមប៉ាង ខេត្ត ស្ទឹងត្រែង និង ស្រុក តាវែង ខេត្ត រតនគិរី។ អាជីវកម្មឈើទ្រង់ទ្រាយធំនេះ បានធ្វើឱ្យឈើមូលមានតម្លៃត្រូវបានគេអាររំលំ រួចដឹកតាមរថយន្តប៉ាកុង ចូលផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីបន្លំជាឈើស្របច្បាប់ បានកើតមានច្រើនឆ្នាំមកហើយ។
សកម្មជនបរិស្ថានដែលចុះតាមដានរឿងនេះ លោក ហេង ស្រស់ មានមតិថា អាជ្ញាធរពាក់ព័ន្ធគ្មានសមត្ថភាពទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ព្រោះមេខ្លោងជួញដូរឈើទាំងនោះ គឺគេស្គាល់ឈ្មោះជាឧកញ៉ាម្នាក់ នេះតែម្តងដែលមានលុយនិងអំណាច នាំគ្នាធ្វើសកម្មភាពនេះ។លោកថា ដង្ហើមចុងក្រោយដើម្បីសង្គ្រោះព្រៃឈើបានខ្លះ មានតែពលរដ្ឋ និង កម្លាំងយុវជនទេ ពីព្រោះ ក្រសួងពាក់ព័ន្ធក៏អសមត្ថភាពទប់ស្កាត់បទល្មើសព្រៃឈើឆ្លងដែនអស់ទៅហើយដែរ។ លោកថា បច្ចុប្បន្នក៏នៅមានការប្រមូលឈើពីខាងក្រៅចូលក្នុងតំបន់បាតអាង ដើម្បីបន្លំជាឈើស្របច្បាប់រួចដឹកទៅប្រទេសវៀតណាម និង ចែកចាយក្នុងស្រុក។ លោករកឃើញថា អ្នកមានអំណាច ដែលល្បីខាងជួញដូរឈើទៅក្រៅប្រទេសសុទ្ធសឹងជាមន្ត្រីអ្នកមានអំណាចគ្រាក់ៗ និងមាន ឧកញ៉ា ជាអ្នកនៅពីក្រោយខ្នងក្នុងមុខរបរនេះ «ឈើហ្នឹងដឹកចេញពីឧទ្យានជាតិវីរៈជ័យ ដោយប្រើរថយន្តប៉ាកុងគោយន្តឆ្នៃ និង អាត្រាក់ដោយពួកគេដឹកចេញពីស្រុក សៀមប៉ាង និង ស្រុក តាវែង គឺយកឆ្ពោះទៅបាតអាង ហើយគេដឹកទៅវៀតណាមតាមច្រកអូរយ៉ាដាវក្នុងខេត្ត រតនគីរី ច្រកត្រពាំងស្រែក្នុងខេត្ត ក្រចះ ស្រុក មេមត់ក្នុងខេត្តត្បូងឃ្មុំ ផងដែរ៕អង្គភាពយើងរង់ចាមការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (សេសាន).