ខេត្តកំពត៖នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាល ខេត្តកំពតបានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ ២០១៩ ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ និងលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។ក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្ត បាន លើកបញ្ជាក់ថា ពាក់ព័ន្ធសម្រាប់ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ដែលខេត្តកំពតត្រៀមធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ រដ្ឋបាលខេត្តបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន រួច ហើយ ដែរ និងបន្តរៀបចំការងារមួយចំនួនបន្ថែមទៀតដោយត្រូវកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាព ជុំវិញទីតាំង ពិធីនិងក្នុងក្រុងទាំងមូល។ជាមួយនោះដែរ លោក អភិបាល ខេត្ត ក៏បានស្នើដល់គណៈកម្មការអន្តរក្រសួង ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីថោង ខុនមេត្តា ជួយអន្តរាគមន៍ លើការពន្លឿន នូវការកសាងកំណាត់ផ្លូវចាប់ពីចំណុចផ្លូវប្រសព្វ ផ្លូវជាតិ លេខ ៣ និងផ្លូវជាតិលេខ៤១រហូតដល់ក្រុងកំពតឱ្យបានរួចរាល់ ដើម្បី សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ–អន្តរ ជាតិ និងប្រជាពលរដ្ឋមកលេងកម្សាន្តបុណ្យសមុទ្រចុងឆ្នាំ២០១៩ នេះផងដែរ។នាឱកាសនោះ លោក ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា៖បុណ្យសមុទ្រគឺជាបុណ្យ មួយមានសារប្រយោជន៍ក្នុងការរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍សម្រាប់ខេត្តទាំងបួនជាប់មាត់សមុទ្រពោលគឺចាប់ពីបាន ធ្វើបុណ្យសមុទ្រលើកទីមួយមកមានភ្ញៀវទេសចរជាតិ–អន្តរ ជាតិមកកម្សាន្តខេត្តទាំងបួនមានការកើនឡើងជាបន្ត បន្ទាប់ ស្របទៅអ្វីដែលគោលដៅទាក់ទាញទេសចរណ៍ ដែល រាជរដ្ឋា ភិបាល បានកំណត់ស្រាប់។លោក ថោង ខុន ក៏បានអះអាងថា ពិធីបុណ្យសមុទ្រនៅខេត្តកំពតនាចុងឆ្នាំ២០១៩នេះ នឹងខិតខំរៀបចំឱ្យមានភាពទាក់ទាញប្រសើរជាងឆ្នាំមុនៗ ជាមួយនឹងផលិតផលទេសចរណ៍ថ្មីៗប្លែកភ្នែកជាច្រើន ដើម្បីជាគម្រូសម្រាប់ការរៀបចំបុណ្យសមុទ្រលើកក្រោយៗទៀត។
លោករដ្ឋមន្រ្តី ក៏បានលើកឡើងបន្តថា នៅសល់ពេលតែ៦ខែទៀតប៉ុណ្ណោះ បុណ្យសមុទ្រនឹងចូលមកដល់ហើយ។ដូច្នេះរដ្ឋបាលខេត្ត មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវចាប់ផ្តើមត្រៀមរៀបចំការងារបុណ្យសមុទ្រនេះពីឥឡូវនេះទៅដែលជាបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពតនាចុងឆ្នាំ២០១៩នេះដើម្បីឱ្យអ្នកដែលចូលរួមនឹងមើលឃើញអ្វីដែលជាផលិតផលទេសចរណ៍ប្លែកៗ អ្វីដែលជាសក្ដានុពល និងភាពរីកចម្រើនឥតឈប់ឈររបស់ខេត្តកំពត ពិសេសក្រុងកំពតដែលសំបូរសំណង់បុរាណកេរ្តិ៍ដំណែលពីសម័យបារាំង ដ៏សែនស្រស់ឆើតឆាយនៅពេលយប់ នាពេលបច្ចុប្បន្ននេះ។លោកបានបន្តថារូបលោករួមនឹងរដ្ឋបាលខេត្ត ក្រុងស្រុក នឹងរួមគ្នាធ្វើឱ្យពិធីបុណ្យសមុទ្រនៅខេត្តកំពតនេះមានភាពទាក់ទាញ ប្លែកភ្នែកជាងឆ្នាំកន្លងទៅ។ក្នុងនោះលោកស្នើឱ្យមន្ទីរជំនាញនិងអាជ្ញាធរត្រូវរៀបចំតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តសារជាថ្មីឡើងវិញ ធ្វើយ៉ាងណាឱ្យស្អាត មានសុវត្ថិភាពនិងបរិស្ថានអនាម័យល្អជាងមុនរួមនិងការជំរុញផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនសាធារណៈជនបានដឹងពីពិធីបុណ្យសមុទ្រនៅខេត្តកំពតចាប់ពីពេលនេះតទៅផងដែរ។ដោយឡែករដ្ឋបាលខេត្តក៏ត្រូវសម្រួលនិងគិតគូអំពីផ្លូវធ្វើដំណើរ ទៅកាន់តំបន់គោលដៅទេសចរណ៍ ឬរមណីយដ្ឋានក្នុងខេត្ត ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ត្រូវជួសជុល ឬត្រូវធ្វើថ្មីតែម្តងដើម្បីឆ្លើយតបបានទៅនឹងរាជរដ្ឋាភិបាលដែលកំណត់ថាជាខេត្តគោលដៅទេសចរណ៍បែបប្រវត្តិសាស្ត្រ កសិទេសចរណ៍ធម្មជាតិ នឹងជាផ្នែកមួយនៃមជ្ឍមណ្ឌលពាណិជ្ជកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ចទេសចរណ៍ផងដែរ។ជាមួយនោះលោករដ្ឋមន្ត្រី ក៏បានណែនាំការដាក់តាំងពិពណ៌ផលិតផលក្នុងស្រុកដើម្បីសម្គាល់អត្តសញ្ញាណរបស់ខេត្ត ឬតំបន់ភូមិឃុំនៃស្រុក។ ពិសេស ត្រូវដាក់ស្លាកឈ្មោះ ផលិតផលកសិផល ផ្សេងៗ ចៀសវាងការដាក់តាំងបន្លំ ផលិតផលរបស់គេថាជារបស់ខេត្តកំពត។ នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន ក៏បានស្នើសុំឱ្យមានការចូលរួម សម្អាតអនាម័យទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ត្រូវតុបតែង សម្អាតគេហដ្ឋានរបស់ខ្លួនដើម្បីឱ្យមានភាពទាក់ទាញ៕ដោយ៖ ( ក្រុងកំពត)