ព្រៃវែង៖ ក្រោយពីផ្ទុះរឿង រវាងអតិថិជនគាំទ្រស្រាបៀរកម្ពុជា ដែលបានទិញស្រាបៀរពីក្រុមហ៊ុន ចំនួន ១៣២ កេស ដើម្បីធ្វើពិធីជប់លៀងឡើងគេហដ្ឋាន កាលពីចុងខែមករាកន្លងទៅ ដែលពួកគាត់អះអាងថា ពួកគាត់ទាំងពីរ ទទួលបានសន្លឹកឆ្នោតផ្សងសំណាងចំនួន ២សន្លឹកពិតប្រាកដមែន ហើយរូបគាត់ទាំងពីរ ក៏ជាបេក្ខជនឈ្នះរង្វាន់ឡាន Ford Ranger 2024 ផងដែរ បែរជាមិនទទួលបានឡាន ដូចការប្រកាសរបស់ក្រុមហ៊ុន ម្នាក់ជាប្ដីមានឈ្មោះ វ៉ា ង៉ុយ និងប្រពន្ធមានឈ្មោះ តុង ស្រៀង រស់នៅក្នុងឃុំ កោះរការ ស្រុកពាមជរ ខេត្ដព្រៃវែង។ ខណៈពួកគាត់ទាំងពីរ កើតទុក្ខមិនសុខចិត្ដ មានឈ្មោះត្រូវរង្វាន់ហើយ បែរជាក្រុមហ៊ុនមិនបើករង្វាន់ឱ្យ ទៅវិញ។
ក្រោយពីមានការ ជជែកវែកញ៉ែក ពេញបណ្ដាញសង្គម និងមានសារព័ត៌មានជាច្រើនអង្គភាពធ្វើការចុះផ្សាយ ជុំវិញការលើកឡើងរបស់ ប្ដីប្រពន្ធទាំងពីរខាងលើ និងមានមតិរិះគន់ខ្លាំងៗពីមហាជន នៅពេលនេះ ឃើញថា ក្រុមហ៊ុនស្រាបៀរកម្ពុជា ឬ Khmer Beverages បានចេញសេចក្ដីបំភ្លឺព័ត៌មាន ជាសាធារណៈ ដោយមានខ្លឹមសារដើមដូចតទៅ៖
សេ ចក្ដីបំភ្លឺព័ត៌មាន អតិថិជនជាទីគោរព! ក្រុមហ៊ុន ខ្មែរ ប៊ែវើវីជីស សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបច្បាស់ថា ចំពោះលក្ខខណ្ឌកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ជាកញ្ចប់រង្វាន់សម្រាប់ផ្តល់ ជូនតែគូអាពាហ៍ពិពាហ៍ពិតប្រាកដ ដែលជាវ ស្រាបៀរ កម្ពុជា សម្រាប់រៀបចំមង្គលការ ទើបមានសុពលភាពក្នុងការទទួលរង្វាន់ពីកញ្ចប់នេះ។ ក្រោយពេលការចាប់បានសន្លឹកឆ្នោត យើងត្រូវគោរពទៅតាមគោលការណ៍ និងលក្ខខណ្ឌមុនពេលបើករង្វាន់ដោយការផ្ទៀងផ្ទាត់ ទៅលើឯកសារ (អត្តសញ្ញាណបណ្ណរបស់ស្វាមីភរិយា សន្លឹកឆ្នោត ដែលមានលេខបណ្ណ ត្រូវរង្វាន់ លិខិតបញ្ចក់អាពាហ៍ពិពាហ៍ រូបថតរៀបការ និងធៀបការ) ដើម្បីបញ្ជាក់ពីភាព ត្រឹមត្រូវ។ ក្នុងលក្ខខណ្ឌមិនមានឯកសារណាមួយមកបញ្ជាក់ឱ្យគ្រប់ទៅតាមលក្ខខណ្ឌដូច បានកំណត់ខាងលើ នឹងត្រូវទុកជាអាសារបង់។
ក្នុងករណីអតិថិជនជារកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ដើម្បីយកទៅឡើងផ្ទះ ខួបកំណើត ឬជប់លៀងផ្សេងៗ ហើយចៃដន្យទទួលបានសន្លឹកឆ្នោត យើងសុំរក្សាសិទ្ធិមិន ប្រគល់រង្វាន់ជូននោះទេ ដោយសាររង្វាន់នេះផ្ដល់រង្វាន់ជូនអតិថិជនដែលគោរពទៅតាម
លក្ខខណ្ឌរៀបអាពាហ៍ពិពាហ៍ច្បាស់លាស់តែប៉ុណ្ណោះ។
យើងខ្ញុំសូមបញ្ជក់ថា ក្រុមហ៊ុទសូមប្រកាន់យកនូវគោលការណ៍របស់ក្រុមហ៊ុនដោយប្រគល់
រង្វាន់ជូនអតិថិជនដែលជាវកញ្ចប់អាពាហ៍ពិពាហ៍ពិតប្រាកដតែប៉ុណ្ណោះ ដូចដែលមាទ បញ្ជាក់ច្បាស់តាមរយៈការផ្សព្វផ្សាយនាពេលកន្លងមក។ សូមអរគុណ!
CAMBODIA KB KHMER BEVERAGES
សូមបញ្ជាក់ជូនផងដែរថា ការចេញផ្សាយសេចក្ដីបំភ្លឺព័ត៌មាន របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា គឺនៅវេលាព្រឹកថ្ងៃទី ០៤ ខែកក្ដដា ឆ្នាំ២០២៤នេះ។
បន្ទាប់ពីបានឃើញ សេចក្ដីបំភ្លឺព័ត៌មាន ខាងលើ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា អតិថិជនដែលមានឈ្មោះឈ្នះរង្វាន់ឡាន ហើយមានមនុស្សម្នារជាច្រើន គេបានដឹង ស្ទើរតែពេញមួយប្រទេស បានប្រាប់មកសារព័ត៌មានយើងខ្ញុំថា «ពិតជាអស់សង្ឃឹមហើយ ឃើញគេថាមិនបើកឱ្យនោះ ព្រោះរូបខ្ញុំពីរនាក់ប្ដីប្រពន្ធល្បីពេញស្រុក អ្នកណាៗ ក៏អបអរ សប្បាយចិត្ដជំនួសពួកខ្ញុំដែរ តែបែរជាមិនបានឡានដូចគេប្រកាសនោះ ខ្ញុំខ្មាស់គេណាស់ ហើយពិតជាអយុត្ដិធម៌ទៀតផង»។
តើរឿងនេះ ក្រុមហ៊ុនស្រាបៀរកម្ពុជា និងបិទបញ្ចប់ត្រឹមនេះមែនដែរឬទេ? មហាជននឹងរង់ចាំតាមដានថា តើក្រុមហ៊ុនស្រាបៀរកម្ពុជា ពិតជា មិនចូលរួមដោះស្រាយជូនអតិថិជន ដែលមានឈ្មោះឈ្នះរង្វាន់ឡាននោះ ឬយ៉ាងណា។