ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម ភឺន ផល្លា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អញ្ជើញជាគណៈអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា កម្ពស់៣ជាន់ មាន១៨បន្ទប់ និងសមិទ្ធផលនានា នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ អគារសិក្សា និងសមិទ្ធផលនានា នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៧ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិស័យអប់រំ និងសិក្សាធិការជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ផ្នែកអប់រំរបស់ប្រជាជនក្នុងខេត្តកណ្តាល ដើម្បីសម្រេចបាននូវគោលនយោបាយស្តីពីការអប់រំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរ ឯកឧត្តម ភឺន ផល្លា ដែលបានជួយឧបត្ថម្ភសាងសង់នូវអគារសាលា និងសម្ភារៈសិក្សាមួយចំនួន ហើយឯកឧត្តមអភិបាលខេត្ត បានស្នើដល់ឯកឧត្តម ភឺន ផល្លា បន្តជួយកសាងសាលារៀនបន្តទៀត ដើម្បីឱ្យសាលាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអប់រំកូនចៅយើងនៅឃុំពើក និងទូទាំងស្រុកអង្គស្នួល។ បន្ថែមពីនេះសាលាជាមជ្ឈមណ្ឌល សម្រាប់បណ្ដុះបណ្ដាលមនុស្សអោយមានចំណេះដឹងប្រកបដោយសមត្ថភាព ដើម្បីការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងបន្តទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញលើកទឹកចិត្តអោយសិស្សានុសិស្ស ខិតខំរៀនសូត្រអោយក្លាយជាសិស្សឆ្នើម ជាសិស្សគម្រូ ដើម្បីឈានយកជ័យលាភីជូនសាលា និងក្រុមគ្រួសាររបស់យើង ចៀសឆ្ងាយពីគ្រឿងញៀន ចៀសអោយឆ្ងាយពីបងតូចបងធំ សិស្សពូកែមានរង្វាន់ តែបងតូចបងធំមានទោសទាន់ ត្រូវចេះគ្រប់គ្រងទុកដាក់សំរាមអោយបានត្រឹមត្រូវ ធ្វើឱ្យសាលាគ្មានសំរាម ដោយត្រូវចាត់ទុកថា គ្រូម្នាក់ សិស្សម្នាក់ គឺជាធុងសំរាមមួយ ត្រូវមានអនាម័យបរិស្ថានល្អជានិច្ចនៅក្នុងសាលា និងត្រូវប្រុងប្រយ័ត្នពេលធ្វើដំណើរកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។