អ្នកស្រី ជា សៀកហ៊ុន មានលុយ មានឥទ្ធិពលខ្លាំងនៅក្នុងខេត្តបាត់ដំបងបានដាក់ពាក្យបណ្តឹងត្រឹមតែ១ខែ ១ថ្ងៃ ធ្វើឲ្យតុលាការខេត្តបាត់ដំបងចេញសាលក្រមយ៉ាងតក់ក្រហល់ ចំណែកបណ្តឹងលោកយាយ ប៉ិច ប៊ុន ប្តឹងរហូតដល់ស្លាប់ខ្លួននៅតែគ្មានយុត្តិធម៌ជូនចំពោះវិញ្ញាណក្ខន្ធលោកយាយ ដោយតុលាការសម្រេចក្តីលឿនពេកដែលអាចផ្ទុយទៅនឹងក្រមនីតិវិធីរដ្ឋប្បវេណីមាត្រា៨០។
សូមរំលឹកថាលោកយាយ ប៉ិច ប៊ុន បានទទួលមរណៈភាពនៅក្នុងជន្មាយុ ៨៦ឆ្នាំទាំងអយុត្តិធម៌បំផុត រឿងជំពាក់លុយ សងលុយ តែបែរជាកាត់ដីរបស់លោកយាយ ទោះបីជាលោកយាយបានព្យាយាមដាក់ពាក្យបណ្តឹងចង់បានយុត្តិធម៌យ៉ាងណា នៅតែមិនអាចទាមទារបានរហូតទទួលមរណៈភាពទៅ។
លោកយាយ ប៉ិច ប៊ុន មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងឆ្នាំ២០០៨ លោកយាយបានទៅចងការប្រាក់ពីអ្នកស្រី ជា សៀកហ៊ុន មានទីលំនៅទល់មុខផ្សាររោងល្ខោន ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកាលនោះលោកយាយបានចងការប្រាក់ចំនួន ៩,៣០០ដុល្លារ ដោយដាក់បញ្ចាំដីស្រែទំហំ ៥,៥៦១ ម៉ែត្រការ៉េ ហើយលោកយាយបានសងប្រាក់ដើម្បីបានចំនួន ៥,៣០០ដុល្លារ ដូចមានយោងក្នុងលិខិតសងប្រាក់ដែលមានការបញ្ជាក់ពីអ្នកស្រី ជា ខាំ អតីតមេភូមិអង់ ប៉ុន្តែតុលាការសរសេរថាលោកយាយសងបានប្រាក់ដើមតែ ៣,៣០០ដុល្លារប៉ុណ្តោះ។
បន្ទាប់ពីបានចងការប្រាក់ និងបានសងជាហូរហែ ក្នុងឆ្នាំ២០០៩ លោកយាយបានធ្លាក់ខ្លួនឈឺដោយបានខកខានការសងប្រាក់ទៅអ្នកស្រី ជា សៀកហ៊ុន ហើយត្រូវបានអ្នកស្រី ជា សៀកហ៊ុន ប្តឹងលោកយាយទៅតុលាការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១០ ហើយត្រូវបានតុលាការទាញហេតុផងផ្ទាល់មាត់ និងចេញសាលក្រម នៅថ្ងៃតែមួយ ដែលគិតពីថ្ងៃដាក់ពាក្យបណ្តឹង ដល់ថ្ងៃចេញសាកក្រមគឺត្រឹមតែ ១ខែ ១តែប៉ុណ្ណោះ ដែលមានសាលក្រមលេខ ៣៣”ង”ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ដែលសាលក្រមសម្រេចឲ្យសងប្រាក់ដើម ៦,០០០ដុល្លារ រួមទាំងការប្រាក់ ៣ភាគរយចំនួន ២,៤៨៨ដុល្លារ ដែលនេះជានីតិវិធីលឿនបំផុត ដោយមានចម្ងល់ថាបើលឿនដូច្នេះតើតុលាការបានពិនិត្យក្នុងសំណុំរឿងនេះបានល្អិតល្អន់ដែលទេ? ហើយបើរាល់បណ្តឹងចាត់ការលឿនបែបនេះ គឺពិតជាច្បាស់ថាក្នុងតុលាការមិនមានការកកស្ទះសំណុំរឿងនោះទេ។ អ្វីដែលហួតហេតុទៀតនោះគឺតុលាការបានយកប្រាក់ដើម និងប្រាក់ការសរុបចំនួន ៨,៤៨៨ដុល្លារ ទៅគុណការប្រាក់ ៣ភាគរយបន្ថែមទៀតរយៈពេល៤ឆ្នាំ ដែលស្មើ៩,១៨០ដុល្លារ ហើយលុយនៅសល់ពីការយកដីលោកយាយលក់គឺតុលាការយកលុយនោះទៅអនុវត្តអស់ទៀតផង(តើការអនុវត្តនីតិវិធីបែបនេះត្រឹមត្រូវដែលឬទេ?)។ ហើយតុលាការគិតការប្រាក់បន្ថែមដូច្នេះចុះចំពោះអ្នកស្រី ជា សៀកហ៊ុន យកដីស្រែលោកយាយទៅជួលឲ្យគេ ទាំងដែលមានបណ្តឹងទាមទារ តើត្រូវសងលោកយាយរបៀបណា?
ចំពោះការសម្រេចលើការប្រាក់ ៣ភាគរយក្នុង១ខែ ស្មើ ៣៦ភាគរយ ក្នុង១ឆ្នាំទៀតសោត តើតុលាការមានបានមើលសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ដែលកំណត់អាត្រាការប្រាក់ដែលបានតម្រិតមិនឲ្យលើសពី ១៨ភាគរយក្នុង ១០ឆ្នាំដែរ ឬ ទេ?
សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៦ រាល់ពាក្យបណ្តឹងរបស់លោកយាយ ប៉ិច ប៊ុន វិញគឺតុលាការផ្អឹបទុកចោល បើទោះជាមានលិខិតអន្តរាគមន៍ពីឯកឧត្តម អង្គវង្ស វឌ្ឍានា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យលោកយាយប្តឹងសុំជំនំជម្រះសាជាថ្មី ហើយលោកយាយបានដាក់ពាក្យបណ្តឹងសុំជំនុំជម្រះសាជាថ្មី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ តែតុលាការមិនព្រមចាត់ការតាមបណ្តឹងរបស់លោកយាយនោះទេ ដោយទុកសំណុំរឿងលោកចោល។ ហើយលោកយាយបានអស់ជំនឿក្នុងចំណាត់ការតុលាការខេត្តបាត់ដំបង លោកយាយក៏បានដាក់ពាក្យសុំអន្តរាគមន៍ទៅ ឯកឧត្តម អង្គវង្ស វឌ្ឍានា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ម្តងទៀត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កម្មវត្ថុសុំប្តូរសមត្ថកិច្ចពីសាលាដំបូងខេត្តបាត់ដំបង ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង និងបានធ្វើសេចក្តីជូនដំណឹងទៅលោកប្រធានតុលាការខេត្តបាត់ដំបងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការសុំប្តូរសមត្ថកិច្ចពីសាលាដំបូងខេត្តបាត់ដំបង់ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏តុលាការមិនព្រមប្តូរទៀត។ នេះបង្ហាញថាតុលាការមិនមានឆន្ទៈក្នុងការចំណាត់ការចំពោះបណ្តឹង ដែលបានប្តឹងអ្នកស្រី ជា សៀកហ៊ុន ឫមួយលោកយាយគ្មានផលប្រយោជន៍អ្វី ឬ មានវិការៈអ្វីនៅក្នុងរឿងនេះ?
ក្រោយពេលមានពាក្យសុំអន្តរាគមន៍ និងមានការជូនដំណឹងទៅតុលាការ តុលាការមិនត្រឹមតែមិនព្រមប្តូរសមត្ថកិច្ចនោះទេ គឺលោកចៅក្រម រ័ត្ន ស៊ីថា បានចេញដីកាសម្រេចច្រានចោលបណ្តឹងទាមទារឲ្យជំនុំជម្រះសាជាថ្មីតែម្តង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ដែលទង្វើនេះបានបង្ហាញថាតុលាការមិនមានតម្លាភាព ក្នុងការផ្តល់យុត្តិធម៌ជូនលោកយាយនោះទេ។
ក្រោយពីលោកចៅក្រម រ័ត្ន ស៊ីថា ចេញដីកាសម្រេចច្រានចោលបណ្តឹងទាមទារឲ្យជំនុំជម្រះសាជាថ្មី លោកយាយបានដាក់ពាក្យសុំកិច្ចអន្តរាគន៍ទៅ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយក្រសួងយុត្តិធម៌បានចេញលិខិតលេខៈ០៦៨១ កយចសរវ០០/២១ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ក្រោយពីមានលិខិតអន្តរាគមន៍របស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង ចេញលិខិតសូមគោរពជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយបញ្ជាក់ថាលោកយាយពុំបានយកប្រាក់ទៅសង ទាំងដែលលោកយាយបានសុំសងប្រាក់រហូតតែអ្នកស្រី ជា សៀកហ៊ុន មិនទទួល និងបានយកទៅប្រគល់ឲ្យក្រឡាបញ្ជីនៅតុលាការទៀតនៅតែមិនទទួល ដោយមានលិខិតស្តីពីការសងប្រាក់របស់មេភូមិអង់ទៀតផង។ ចំពោះរបាយការណ៍ដែលសាលាដំបូងបានធ្វើគោរពជូនឯកឧត្តមរដ្ឋមន្ត្រី គឺលោកយាយបានបដិសេធ ហើយលោកយាយបានធ្វើពាក្យសុំអធិការកិច្ចទៅ ឯកឧត្តម កើត រិទ្ធ ជាថ្មីទៀតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បន្ទាប់បានដាក់ពាក្យសុំអន្តរាគមន៍លោកយាយក៏បានធ្លាក់ខ្លួនឈឺស្លាប់១ចំហៀងខ្លួន ពេលនោះក៏មានអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយពីស្ថានភាពរបស់លោកយាយ ក្នុងអំឡុងខែមេសា ឆ្នាំ២០២៣ ហើយត្រូវបានឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាត់មន្ត្រីអធិការកិច្ចចុះទៅពិនិត្យមើលពីស្ថានភាពលោកយាយដែលកំពុងឈឺ។ ក្រោយពីបានពិនិត្យនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារអធិការកិច្ចដែលមាន ឯកឧត្តម អ៊ូរ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ទឹម ស៊ីថា អនុរដ្ឋលេខា លោក យ៉ម ផារ៉ូត និងមន្ត្រីផ្សេងទៀត បានអញ្ជើញលោក យី ចាន់រ៉ា តំណាងលោកយាយ ប៉ិច ប៊ុន ចូលរួមប្រជុំដែលមានរយៈពេលជិត ៣ម៉ោង ក្នុងការប្រជុំនោះក៏មានការថតជាវីដេអូរទុកផងដែរ។ក្រោយចប់ការប្រជុំក្រុមការងារអធិការកិច្ចបានបានធ្វើរបាយការណ៍ស្តីលទ្ធផលប្រជុំដើម្បីឲ្យលោក យី ចាន់រ៉ា ចុះហត្ថលេខា តែនៅក្នុងលិខិតនោះមានខ្លឹមសារដែលលោក យី ចាន់រ៉ា មិនអាចចុះហត្ថលេខាបាន ដោយស្នើសុំឲ្យមានការកែសម្រួលខ្លឹមសារ ទើបលោកបានចុះហត្ថលេខាដូចលិខិតដែលក្រុមការងារប្រតិកម្មរហ័សផុសបង្ហាញជាសាធារណៈ។ ចំពោះក្នុងកិច្ចប្រជុំនោះលោក យី ចាន់រ៉ា ក៏បានសំណូមពរដែរគឺស្នើសុំឯកឧត្តមរដ្ឋមន្ត្រីជួយផ្តល់យុត្តិធម៌ជូនលោកយាយ ហើយនៅក្នុងអង្គប្រជុំបានប្រាប់ថានឹងធ្វើរបាយការណ៍ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី។ ក្រោយពីប្រជុំ រយៈពេលដែលលោកយាយកាន់តែធ្លាក់ខ្លួនឈឺខ្លាំងលោក យី ចាន់រ៉ា បានទៅសាកសួរពីដំណើរការ និងលទ្ធផលនៃការធ្វើអធិការកិច្ច។ ដោយលោក យី ចាន់រ៉ា បានទៅសួរនៅអគាធិការច្រើនលើក អគាធិការការបានប្រាប់ថាបញ្ជូនទៅអគ្គនាយកដ្ឋានរដ្ឋប្បវេណី ជាច្រើនដង ទើបឆ្លើយថាបានបញ្ជូនទៅរដ្ឋបាល លោក យី ចាន់រ៉ា បានសួរទៅរដ្ឋបាលថាបានបញ្ជូនទៅខុទ្ទកាល័យ រង់ចាំចំណារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៉ុន្តែការរង់ចាំនេះបានស្ងាត់បាត់រហូតដល់លោកយាយបានទទួលមរណៈភាពនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សាលាដំបូងខេត្តបាត់ដំបងបានចេញសេចក្តីថ្លែងការណ៍ ផ្ទុយពីច្បាប់ ហើយក្រុមការងារអធិការកិច្ចបានយកសេចក្តីថ្លែងការណ៍ទុកជាបានការទៅវិញ គឺក្រុមការងារអធិការកិច្ចមិនបានបង្ហាញពីលទ្ធផលអ្វីទាំងអស់។
នៅពេលដែលមិនមានលទ្ធផលអ្វីទាំងអស់នេះនៅថ្ងៃទី០៣ មិថុនា ឆ្នាំ២០២៤ លោក យី ចាន់រ៉ា និង អ្នកស្រី ពេជ្រ ស្រីរ័ត្ន បានដាក់ពាក្យសុំអធិការកិច្ច គោរពជម្រាបជូន សម្តេចអគ្គមហាសេនាបិតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា។ ដោយមានការយកចិត្តទុកដាក់ពីសម្តេចប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ព្រឹទ្ធសភាបានចេញលិខិតលេខៈ១៣០/០៨២៤/ពស/ច១ ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាផ្តល់លទ្ធផល នៃការដោះស្រាយករណីនេះមកជូន សម្តេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា ជ្រាបដ៏ខ្ពង់ខ្ពស់។ ពេលដែលមានលិខិតពីព្រឹទ្ធសភា ទើបនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈបញ្ជាការដឹកនាំយុទ្ធនាការ នៃក្រសួងយុត្តិធម៌បានចេញលិខិតជម្រាបមកលោក យី ចាន់រ៉ា និងអ្នកស្រី ពេជ្រ ស្រីរ័ត្ន។ ចំពោះលិខិតជូនដំណឹងរបស់គណៈបញ្ជាការយុទ្ធនាការនៃក្រសួងយុត្តិធម៌ក៏មិនមានភាពច្បាស់លាស់ដែរ ព្រោះតុលាការអនុវត្តផ្ទេកម្មសិទ្ធដីទៅឈ្មោះ ជា សៀកហ៊ុន នៅក្នុងឆ្នាំ២០១៥អស់ទៅហើយ ហេតុអ្វីបានជាមានរបាយការណ៍ថាលោកយាយបានចូលរួមក្នុងការវាយតម្លៃលក់លើកទី២នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ទៅវិញ ហើយបញ្ជាក់ថាតុលាការបានបន្ទន់ឥរិយាបទរយៈពេល៤ឆ្នាំ ដូច្នេះ៤ឆ្នាំ រាប់ពីឆ្នាំ២០២១ទៅ៤ឆ្នាំគឺចូលឆ្នាំ២០២៥ ទៅហើយ។
ចំពោះករណីរបស់លោកយាយ ប៉ិច ប៊ុន នេះអាចតុលាការ ក្រុមអធិការកិច្ច រួមទាំងគណៈបញ្ជាការយុទ្ធនាការ រាយការណ៍មិនច្បាស់ជូនឯកឧត្តមរដ្ឋមន្ត្រី ក្នុងរយៈកាលកន្លងមក។
ក្នុងករណីនេះកូនចៅរបស់លោកយាយ ប៉ិច ប៊ុន សូមសំណូមពរទៅទៅឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយពន្លឿនការដោះស្រាយក្នុងករណីលោកយាយ រួមទាំងលទ្ធផលនៃការដោះស្រាយ ជូនទៅសម្តេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា យោងតាមលិខិតរបស់ព្រឹទ្ធសភា និងសូមឲ្យតុលាការខេត្តបាត់ដំបងជួយបញ្ជូនឯកសារសំណុំរឿងទាំងមូលទៅព្រឹទ្ធសភាដោយសេចក្តីអនុគ្រោះ។ ចុងក្រោយក្រុមគ្រួសាររបស់លោកយាយសូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោប្រធានព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ចំពោះរឿងរបស់លោកយាយ ក្នុងករណីនេះមានតែសម្តេចតេជោទេទើបអាចជួយអោយវិញ្ញានក្ខន្ធលោកយាយទទួលបាននូវយុត្តិធម៌៕