ខេត្តក្រចេះ៖ បទល្មើសព្រៃឈើនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ បើទោះបីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យធ្វើការទប់ស្កាត់និងបង្ក្រាបក្នុងនោះសមត្ថកិច្ច និងជំនាញពាក់ព័ន្ធបានបន្តធ្វើការចាប់បង្ក្រាបនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ ។
ជាក់ស្តែងនៅយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ មានរថយន្តសាំយ៉ុងកែច្នៃដឹកធ្យូងពេញប្រៀបមួយគ្រឿង ដែលគេស្គាល់ច្បាស់ថា ជារថយន្តដឹកធ្យូងរបស់ថៅកែល្បីឈ្មោះ ចែវី ជាមេឈ្មួញយ៉ាងសកម្មបានធ្វើសកម្មភាពដឹកចេញពីចំណុចភូមិផ្សារ ឃុំដា ស្រុកចិត្តបុរី ខេត្តក្រចេះ ដើម្បីបន្តដឹកយកទៅលក់ចែកចាយនៅតាមបណ្ដារាជធានីខេត្ត និងឆ្លងដែនទៅលក់នៅប្រទេសវៀតណាមថែមទៀតផង ហើយក្នុងនោះសមត្ថកិច្ច និងជំនាញបានចុះល្បាតក៏ប្រទះឃើញរថយន្តសាំយ៉ុងកែច្នៃខាងលើបានដឹកធ្យូងពេញប្រៀប ក៏បានហៅសួរនាំតែត្រូវបានមេឈ្មួញឈ្មោះ ចែវី បញ្ជាឲ្យតៃកុងរថយន្តព្យាយាមបើកគេច និងបើកបំបុករថយន្តរបស់សមត្ថកិច្ចធ្វើឲ្យរងការខូចខាតចំនួន៤គ្រឿងស្ទើរតែទាំងស្រុង រួចក៏បើកគេចចូលទៅក្នុងផ្ទះអ្នកភូមិដើម្បីរត់គេចពីការចាប់បង្ក្រាប របស់សមត្ថកិច្ចជំនាញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ថៅកែល្បីឈ្មោះ ចែវី ដែលជាមេឈ្មួញដ៏សកម្មខាងលើតែងតែធ្វើសកម្មភាពដើរកៀងគរប្រជាពលរដ្ឋឱ្យបង្កើត ឡរដុតធ្យូង ដោយខ្លួនជាអ្នកចាំប្រមូលទិញនិងដឹកយកទៅចែកចាយនៅតាមបណ្ដារាជធានីខេត្ត និងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដៃកាន់រណាយន្តបើកគោយន្តចូលទៅកាប់រំលំដើមឈើតូច ធំ នៅក្នុងដែនជម្រកសត្វព្រៃយកមករុញចូលក្នុងឡធ្យូង ធ្វើឲ្យវិនាសកម្មធនធានធម្មជាតិព្រៃឈើបានកើនឡើងវិញ ដោយសារស្នាដៃថៅកែល្បីឈ្មោះ ចែវី ជាស្ត្រីដែលជាមេឈ្មួញដ៏សកម្ម និងមិនខ្លាចញញើតនឹងច្បាប់អ្វីបន្តិចសោះនោះ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មេឈ្មួញល្បីឈ្មោះ ចែវី ក្រោយពីធ្វើសកម្មភាពបើករថយន្តបំបុករថយន្តរបស់សមត្ថកិច្ចរួចហើយ ក៏បានបើករថយន្តរត់គេចចូលទៅក្នុងផ្ទះរបស់អ្នកភូមិ រួចហើយស្ត្រីដែលជាមេឈ្មួញដ៏សកម្មបានថតឡាយជាវីដេអូ និយាយនិងធ្វើកាយវិការស្រែកយំថាសមត្ថកិច្ចបើករថយន្តពីរបី មកបើកគៀបរថយន្តរបស់គាត់និងធ្វើបាបគាត់ ជាចេតនាធ្វើឲ្យមហាជនមានការយល់ច្រឡំមកលើសមត្ថកិច្ចដែលសមត្ថកិច្ចបានចុះបង្រ្កាបនឹងទប់ស្កាត់បទល្មើសទៅវិញ ។
ប្រភពដ៏ដែលបានបន្តទៀតថាស្ត្រីជាមេឈ្មួញល្បីឈ្មោះ ចែវី ដែលជាមេឈ្មួញដ៏សកម្មបានបន្តបើករថយន្តគេចទៅដល់ផ្ទះរបស់ខ្លួន និងស្រែកហៅបក្ខពួកមកលើកធ្យូងចុះពីលើរថយន្តអស់រួចហើយបាននាំគ្នាស្រែកហូរកញ្ជ្រៀវចំអកឡកឡឺយមកលើសមត្ថកិច្ចផងដែរ។ ដែលទង្វើររបស់មេឈ្មួញថៅកែ ចែវី ធ្វើនេះហាក់បីដូចជាមិនញញើតសមត្ថកិច្ច និងញញើតច្បាប់អ្វីបន្តិចឡើយ។ តើមេឈ្មួញល្បីឈ្មោះ ចែវី មានខ្នងបង្អែកធំណាស់មែនទេនៅក្នុងខេត្តក្រចេះ ទើបអាចរកស៊ីបទល្មើសបានដោយរលូនបែបនេះនោ?៕