ឧត្តរមានជ័យ ៖ ដោយអនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូស័ក្តិ មន្ត្រីក្រសួងពាណិជ្ជកម្មនិងឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល បានអោយមន្ត្រីកាំកុងត្រូលពង្រឹងការត្រួតពិនិត្យលើម្ហូបអាហារ បន្លែរផ្លែឈើ គ្រឿងភេស្ជៈ ដែលមានដាក់តាំងលក់ ក៍ដូចជានាំចូលតាមមាត់ច្រកព្រុំដែនអោយបានសមស្រប និងបញ្ញតិច្បាប់ស្តីពីសុវត្ថភាពម្ហូបអាហារ និងបង្រ្កាបការក្លែងបន្លំ ។
ជាក់ស្តែងនៅថ្ងៃទី23ខែមិនា ឆ្នាំ2017 លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ មានកិច្ចសហការពីរថយន្តពិសោធន៍ចល័ត MOBILE LAB របស់អគ្គនាយកដ្ឋានកាំងត្រូល ហើយមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបានចុះត្រួតពិនិត្យ ទំនិញនិងម្ហូបអាហារនៅទីតាំងផ្សារចំនួន2គឺ ផ្សាររង្វង់មូលអន្លង់វែង ស្ថិតក្នុងទីរួមស្រុកអន្លង់វែង និងផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ក្រុមមន្ត្រីកាំកុងត្រូលបានយកគំរូមួយចំនួនមកពិសោធន៍ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងស្វែងរកសំណល់កសិកម្ម ថ្នាំសម្លាប់សត្វល្អិត ដែលមាននៅលើបន្លែរផ្លែឈើ។ល។ ជាលទ្ធផលវិភាគបានបង្ហាញថា ម្ហូបអាហារ បន្លែរផ្លែឈើ ក្នុងផ្សាររង្វង់មូល អន្លង់វែង បានពិនិត្យនិងពិសោធន៍សរុបបាន25មុខ និងមាន1មុខនៅលើខ្ទឹមស ដែលមានសារធាតុថ្នាំពុលសម្លាប់សត្វល្អិត ដោយឡែកផ្សារសំរោងបានពិនិត្យសរុប28មុខ ក្នុងនោះបានរកឃើញ2មុខ គឺនៅក្នុងខ្ទឹមស មានសារធាត្ថ្នាំពុលសម្លាប់សត្វល្អិតដូចគ្នា និងទី2 មាននៅលើមឹកដែលផ្ទុកសារធាតុ formalin ( ជាប្រភេទថ្នាំដាក់សាកសពកុំអោយស្អុយ ) ។ ក្នុងនោះដែរលោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង និងលោក ខាន់ រ៉ាត់ បាន ណែនាំដល់អាជីវករទាំងអស់មិនអោយទទួលយកមកលក់ ឬប្រើប្រាស់បន្តរទៀត ។ លោក អ៊ុន សុភ័ក្រ និងលោក ខាន់ រ៉ាត់ បន្តរថា លោកនិងបន្ថែមការរិតបន្តឹង ការត្រួតពិនិត្យតាមមាត់ច្រកព្រុំដែនទាំង3ក្នុងខេត្តឧត្តរមានជ័យ ដោយផ្អែកលើលិខិតអនុញ្ញាតិរបស់ស្ថាប័នពាក់ព័ន្ធ អោយបានត្រឹមត្រូវនិងសមស្របតាមបញ្ញតិច្បាប់ស្តីពីសុវត្ថភាពម្ហូបអាហារ ទើបអាចអនុញ្ញាតិធ្វើការនាំចូលបាន ៕