ខេត្តត្បូងឃ្មុំ៖ បច្ចុប្បន្នគេឃើញមានល្បែងស៊ីសងគ្រប់ប្រភេទបើកលេងយ៉ាងរំភើយមិនរំខានដល់អាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធណាឡើយ ជាពិសេស នៅក្នុងទឹកដី ភូមិ អន្លង់ជ្រៃ ឃុំ កក់ ស្រុក ពញ្ញាក្រែក ខេត្ត ត្បូង ឃ្មូំ មាន សង្វៀនជល់មាន់មួយកន្លែងជ្រកផ្លាកកាស៊ីណូ និងមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ មាន បៀរ អាប៉ោង ឡុកឡាក់ជាដើម ។ល។ បើកលេងជារៀងរាល់ថ្ងៃ មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ (ពោលគឺមានអ្នកលេង តែគ្មានអ្នកបង្រ្កាប )។
បើយោងតាមប្រភពពីអ្នកញៀនល្បែងបានប្រាប់ គេហទំព័រព្រះវិហារថា សង្វៀនជល់មាន់នេះខាងអ្នកម៉ៅការគេបានរត់ការបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធរួចរាល់អស់ហើយ ហេតុដូច្នេះល្បែងស៊ីសងគ្រប់ប្រភេទរួមទាំងសង្វៀនជល់នេះផងដែរ គ្មានអ្នកណាហ៊ានប៉ះឡើយ ហើយប្រភពអ្នកញៀនល្បែងបានបន្តទៀតថា ល្បែងជល់មាន់ និងបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទគឺគេមាន ខ្នងបង្អែកយ៉ាងក្រាស់នៅក្រុងភ្នំពេញ ប៉ុន្តែអ្នកញៀនល្បែងនោះមិនបានប្រាប់ថា ខ្នងបង្អែកនោះមានឈ្មោះអ្វីនោះទេ គាត់មិនទាន់ប្រាប់ទេ ដោយ រូបគាត់ថា ចាំគាត់ស្រង់ដើមសិន ឥឡូវកំពុងតែចាញ់បាទ ហើយនៅក្នុងស្រុកពញ្ញាក្រែកល្បែងស៊ីសងគ្រប់ប្រភេទ កំពុងតែពេញនិយម ពីសំណាក់មហារជនទូទៅ មិនថា ទីជនបទឬទីប្រជុំជននោះទេ សូម្បីតែកាស៊ីណូក៏ពេញនិយមសម្រាប់ខ្មែរយើងដែរ ។
ជាក់ស្ដែងដូចជា កាស៊ីណូ នៅក្រោយសណ្ឋាគារភូមិយើង ជាដើម គឺមានបើកលេងល្បែងស៊ីសងគ្រប់ប្រភេទបៀរ ប៉ោងឡុកឡាក់ ជល់មាន់ ជាដើម។ល។
ហើយការលេងល្បែងទាំងនោះគឺមានភ្នាល់ចាក់លុយរាប់សិបលានរៀលខ្លះចាញ់ខ្លះឈ្នះក្នុងមួយថ្ងៃៗមិនតិចអ្នកនោះទេគឺមនុស្សចូលលេងយ៉ាងច្រើនកុះករ។
ប្រភពពីអ្នកលេងល្បែងម្នាក់ផ្សេងទៀតបានបង្ហើបថា កាស៊ីណូនេះ មានល្បែងគ្រប់ប្រភេទ ឡុកឡាក់ បៀរអាប៉ោង មាន់ជល់ ដែលក្នុងមួយគូរៗចាក់ចាប់ពី1លានរៀល ដល់40លានរៀលឯណោះ សម្រាប់ថ្ងៃធម្មតា ហើយបើមានគូរពិសេសគឺក្នុង1គូរចាក់ចាប់ពី5000$ទៅ20000$ក៏មានដែរ ហើយអ្នកដែលមកលេងក្នុងកាស៊ីណូនេះភាគច្រើនគឺមកពីឆ្ងាយ ហើយសុទ្ធតែខ្មែរយើង បើជនជាតិបរទេសមិនសូវមានទេ ។
គួរំលឹកផងដែរថា ក្នុងច្បាប់អាជីវកម្ម បើកកាស៊ីណូនិមួយៗ គឺតម្រូវឲ្យតែជនជាតិបរទេសជាអ្នកចូលលេង មិនអនុញ្ញាតឲ្យខ្មែរចូល លេងនោះទេ ឯល្បែងជល់មាន់គឺម្ចាស់អាជីវកម្មដែលបើកកាស៊ីណូ យកមកអែបដោយយកច្បាប់អាជីវកម្មកាស៊ីណូជាខែល
តែយ៉ាងណាកាស៊ីណូ នៅអន្លង់ជ្រៃនេះគឺផ្ទុយពីច្បាប់ខណៈនអ្នកលេងសុទ្ធតែជនជាតិខ្មែរ ហើយមានជល់មាន់រាប់សិបគូរក្នុងមួយថ្ងៃៗពលរដ្ឋ ដែលរស់នៅជិតទីនោះបានឲ្យដឹងថា កាសស៊ីណូនេះទើបនិងបើកលេង មិនទាន់បានពីរខែស្រួលបួលទេ តែភ្ញៀវមកលេងវិញច្រើន កុះករ សឹងតែគ្មានកន្លែងដាក់រថយន្តផង ។
ជាក់ស្តែងកាលពីពេលបុណ្យចូលឆ្នាំខ្មែរដែលជាប្រពៃណីជាតិនាថ្ងៃ ទី ១៤ ១៥ ១៦ ខែ មេសា ឆ្នាំ ២០១៧ នេះសង្វៀនជល់មាន់ជ្រកផ្លាកកាស៊ីណូនេះគឺ មាន ឡាន ម៉ូតូ ស៊េរីទំនើបៗ មានពាក់ស្លាក លេខ រដ្ឋ ស្លាកលេខ ខម ជាដើម។ដែលផ្ទុយពីបទបញ្ជារបស់ថ្នាក់ ដឹកនាំដែលមិនយកចិត្តទុកដាក់អនុវត្តន៍គោរពឡើយ ពោលគឺ មានតែ ផ្គើនបន្ថែមទៀត។
បើយោងតាមប្រជាពលរដ្ឋនៅ ស្រុក ពញ្ញាក្រែកបាននិយាយថា ពួកគាត់ ភ័យខ្លាច មាន ចោរឆក់ លួច ប្លន់ណាស់ ហើយប្រជាពលរដ្ឋនិយាយទៀតថា មិនដឹងជាខែឆ្នាំណា ទើបពួកគាត់ឈប់ភ័យខ្លាចឡើយ បើ ល្បែងស៊ីសងនៅក្បែរផ្ទះពួកគាត់អញ្ចឹង មួយថ្ងៃៗគាត់សំរានមិនដែលបានស្រួលទេនៅពេលយប់ គឺខា្លចក្រុមចោរ លួច ឆក់ឬ ប្លន់ ដោយសារតែមានល្បែងរីកស្គុះស្គាយ ដូចដួងតារារះនាពេលរាត្រីនោះ។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរខេត្ត ជាពិសេស ឯក ឧត្តម ប្រាជ្ញ ច័ន្ទ អភិបាល នៃ គណៈអភិបាល ខេត្ត ត្បូងឃ្មុំ សូមមេត្តា ជួយមានវិធានការណ៍ទៅលើសង្វៀនជល់មាន់ និងមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទផងទាន ពីព្រោះប្រជាពលរដ្ឋមានជំនឿលើតែ ឯកឧត្តមតែម្នាក់គត់ ណាមួយ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក៏ខិតជិតមលដល់ដែរ គួរតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទូទាំងខេត្ត ត្បូង ឃ្មុំ នេះ ។ធ្វើយ៉ាងណាកុំឲ្យពួកគាត់មានការភ័យខ្លាចចោរឆក់ លួចប្លន់ពេលពួកតាត់ធ្វើដំណើរទៅបោះឆ្នោតនាខាងមុខនេះ។
ពាក់ព័ន្ធការបើកសង្វៀនជល់មាន់និងបង្កប់ល្បែងផ្សេងៗជ្រកក្រោមផ្លាកកាស៊ីណូនេះគេហទំព័រព្រះវិហារមិនអាចសុំការបំភ្លឺពីថៅកែកាស៊ីបានឡើយ មូលគ្មានលេខទូរស័ព្ទ រីឯ ស្នងការនគរបាលខេត្ត ត្បូងឃ្មុំ នឹង មេប៉េអឹម ខេត្ត ក៏មិនអាចសុំការបន្យល់បានដែរ ដោយ គ្មាន លេខ ទូរស័ព្ទទំនាក់ទំនង ។គេហទំព័រព្រះវិហាររងចាំការបកស្រាយពីភាគីពាក់ព័ន្ធផងដែរ៕