បន្ទាយមានជ័យ៖ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត សហការណ៍ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ និងនគរបាលការពារព្រំដែនគោកលេខ៩១១ប៉ុស្តិ៍នគរបាលអូរបីជាន់ រួមគ្នាធ្វើការទប់ស្កាត់ និងធ្វើការណែនាំ ពលករប្រុសស្រីជាង១០០នាក់ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៧ ស្ថិតនៅតាមផ្លូវជាតិលេខ៥៨ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ពលករប្រុសស្រី ដែលបំរ៉ុងឆ្លងដែនខុសច្បាប់ត្រូវបានសមត្ថកិច្ចចំរុះខាងលើធ្វើទប់ស្កាត់ ខណៈពេលដែលពួកគេកំពុងតែជិះឡានសាំយ៉ុង តាក់ស៊ី កាត់តាមផ្លូវជាតិលេខ៥៨ មានចំនួន ៩រថយន្ត និងមានពលករចំនួនជាង១០០នាក់ ក្នុងនោះមានស្រី៤០នាក់ ប្រុសប្រមាណជា៧០នាក់ កុមារតូចៗចំនួន១០នាក់ និងតៃកុងរថយន្ត៩នាក់ ត្រូវបានសមត្ថកិច្ចចំរុះ ពន្យល់ណែនាំអោយវិលត្រលប់ទៅស្រុកកំណើតវិញ និងអោយតៃកុងរថយន្តផ្តិតមេដៃធ្វើកិច្ចសន្យា មិនអោយខុបឃិតជាមួយមេខ្យល់ដឹកពលករដឹកពលករឆ្លងដែនដោយខុសច្បាប់ និងមិនត្រូវដឹកជញ្ជូនមនុស្សសំរាប់ការនាំចេញឆ្លងដែន ឬការរត់ពន្ធមនុស្សខុសច្បាប់ បើមានលើកក្រោយនិងចាប់បញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធីច្បាប់។
លោកអនុសេនីយ៍ឯក អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបានប្រាប់ថា ការចុះទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់នេះគឺអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត កុំអោយពលករលួចឆ្លងដែនខុសច្បាប់ នៅតាមច្រករបៀងតូចៗតាមក្រវ៉ាត់ព្រំដែនខេត្តបន្ទាយមានជ័យនេះ និងណែនាំអោយពួកគាត់ឆ្លងដែនតាមផ្លូវត្រង់ឬទៅដោយស្របច្បាប់ ដើម្បីអោយពួកគាត់មានសុវត្តិភាពក្នុងការធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសជិតខាង។
ក្រុមពលករទាំងនោះបានអោយដឹងថា មូលហេតុដែលពួកគាត់ធ្វើការចំណាកស្រុកដោយខុសច្បាប់នេះដោយសារតែ តម្លៃនៃការធ្វើប័ណ្ណឆ្លងដែនថ្លៃខ្ពស់រហូតដល់ទៅរាប់ម៉ឺនបាត និងពេលខ្លះត្រូវក្រុមហ៊ុនបោកក៏មានដែរ ព្រមទាំងមានការចំណាយពេលយូរ ហើយត្រូវឡើងទៅធ្វើនៅភ្នំពេញ ណាមួយរាល់ពេលធ្វើបណ្ណឆ្លងដែនម្តងៗចំណាយថ្លៃរថយន្ត ថ្លៃដេក ថ្លៃចាយវាយទំរាំតែធ្វើបានរាប់ខែឯណោះ ។ ពួកគាត់បានបន្តទៀតថា ដោយសារតែបញ្ហាខាងលើ និងត្រូវចំណាយតិចជាងផងនោះ ទើបធ្វើអោយពួកគាត់ ទ្រាំលំបាក ពេលខ្លះត្រូវមេខ្យល់បោក យកមកទំលាក់ចោលក្នុងព្រៃ ថៅកែបោកក៏មិនហ៊ានប្តឹងដោយសារតែខ្លួនខុសច្បាប់ និងយកជីវិតទៅប្រថុយប្រថានតាមរថយន្តមេខ្យល់ដាក់ណែនប្រជ្រៀតគ្នា យកក្តារបិទជិះពីលើគ្នាក៏មាន និងត្រូវបើកគេចតម្រួតជាច្រើនកន្លែងទៀតផង។
ពលករទាំងនោះ បានសំណូមពរដល់ប្រមុខរដ្ឋាភិបាល សុំអោយមានការធ្វើប័ណ្ណឆ្លងដែននៅតាមបន្ទាត់ព្រំដែនដើម្បីងាយស្រួលដល់ពួកគាត់ និងបញ្ជុះតម្លៃអោយបានសមរម្យ ហើយប័ណ្ណដែលធ្វើនេះ សូមអោយមានប្រសិទ្ធភាពអាចធ្វើការបាន ចៀសវាងធ្វើបានមួយហើយ ត្រូវធ្វើមួយទៀត ហើយត្រូវតម្រួតថៃរករឿងតែរហូត៕