ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នេះ ខាងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបង្ហាញមុខជនសង្ស័យជួញដូរថ្នាំញៀនចំនួន២នាក់ព្រមទាំងថ្នាំញៀនមួយកញ្ចប់ធំ និងបានធ្វើតេះរកសារធាតុញៀននៅចំពោះមុខជនសង្ស័យទាំង២នាក់នោះផងដែរ។ សមត្ថកិច្ចប៉ូលិសជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តការណ៍ចុះនៅវេលាម៉ោង១៦និង០០នាទីល្ងាច ថ្ងៃទី១០ ចមខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៩ ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
លោក សាន់ និមល់ ស្នងការងទទួលបន្ទុកបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង បានឪ្យដឹងថា ខាងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន របស់លោក បានទទួលបានព័ត៌មានច្បាស់ការមួយ ថាមានករណីជួញដូរគ្រឿងញៀនមួយកន្លែងដែលស្ថិតនៅចំណុចខាងលើនោះ បន្ទាប់មក លោកក៏បានបញ្ជាឪ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបើកប្រតិបត្តការណ៍ចុះ
បង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់រួមនិងវត្ថុតាងថ្នាំញៀនមួយកញ្ចប់ធំនាំមក
កាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើការសួរនាំរួចរៀបចំកសាងសំណំុរឿងបន្តទៅ
កាន់តុលាការដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ ។ លោកបានបញ្ជាក់ថា ជនសង្ស័យដែលបាន
ចាប់ឃាត់ខ្លួនខាងលើនោះមានឈ្មោះ ទី១ ចាន់ សារឿន ភេទស្រី អាយុ៥០ឆ្នាំ និង
ទី ២ ឈ្មោះ អន ដាវី ភេទស្រី អាយុ២៤ឆ្នាំ ហើយ ក៏បានដកហូតវត្ថុតាង រួមមាន
គ្រឿងញៀនមួយកញ្ចប់ធំ មានទម្ងន់សរុបសុទ្ធស្មើនិង៣៥៣,៤ក្រាម ទូរស័ព្ទដៃអិនចុចពិលម៉ាកណូគា
ចំនួន២គ្រឿង និងកាបូបដាក់លុយចំនួន១ ។
បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ដែលបានចាប់ឃាត់ខ្លួនពីករណីជួញដូរថ្នាំញៀនខាងលើនោះ និងត្រៀមខ្លួនធ្វើការបញ្ជូនបន្តទៅតុលាការអនុវត្ថន៍តាមច្បាប់នៅ ថ្ងៃនេះហើយ ៕