ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ និង មន្រ្តីយោធាម្នាក់ បានរងរបួសដោយការ
បាញ់រះជាច្រើន គ្រាប់ពីសំណាក់ មន្រ្តីយោធាថៃ នៅក្នុង ទឹកដីថៃ កាលពីថ្ងៃទី២០ ខែមិថុនា
ឆ្នាំ២០១៧ វេលាម៉ោង ១៥ និង ៣០នាទី ស្ថិតនៅ ចំណុច បង្គោល សីម៉ា លេខ៧ ទល់មុខទឹកដី
កម្ពុជា ក្នុងនៅ ភូមិសាមគ្គី ឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ។
សេចក្តីរាយការណ៍ បានឱ្យដឹងថា ក្នុង ករណីយោធា បាញ់បណ្តាលឱ្យពលរដ្ឋខ្មែរ និង មន្រ្តីយោធា
រងរបួសចំនួន ២នាក់ ក្នុងចំណោម ១៩នាក់ ដែលលួចចូលទៅកាប់ ឈើក្រញូង ប្រទេសថៃ ជនរងគ្រោះ
មាន ឈ្មោះ អឿន កំសាន ភេទប្រុស អាយុ ២៧ឆ្នាំ ជាមន្រ្តីយោធា នៅផ្នែកសឹករងអន្លង់វែង នៅក្នុងអង្គភាព(ខ១)
នៃកងអនុសេនាធំលេខ៧ បណ្តាលឱ្យរងរបួសដៃស្តាំ ហើយបានរត់រួច ក្នុងថ្ងៃកើតហេតុ និង បានលាក់ខ្លួន
សំរាកព្យាបាលក្នុងបន្ទាយ (គ៧)នៃផ្នែកសឹករងស្រុកអន្លង់វែង។ ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ ហន់ ដានិត
ភេទ ប្រុស អាយុ ១៧ឆ្នាំ បានរងរបួសជើងខាងស្តាំពីរកន្លែង ដោយគ្រាប់ កាំភ្លើងចំនួន ២គ្រាប់ នៅលើ ក្បាលជង្គង់
១គ្រាប់ និង ក្រោមក្បាលជង្គង់ ១គ្រាប់ ដែលជាប្រជាពលរដ្ឋ រស់ភូមិ សាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង
និង បានបាត់ខ្លួននៅនៅថ្ងៃកើតហេតុ។ លុះដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបាន ប្រជាពលរដ្ឋថៃ
អ្នកបេះផ្សិត ប្រទះឃើញ ជនរងគ្រោះ នៅក្នុងព្រៃ ហើយបានមកផ្តល់ដំណឹងដល់អ្នកភូមិ ពលរដ្ឋខ្មែរ ឱ្យនាំយក
ជនរងគ្រោះ ចុះពីលើភ្នំ និងដឹកទៅកាន់មន្ទីរពេទ្យ ហើយបច្ចុប្បន្ន ជនរងគ្រោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជន។
ពាក់ព័ន្ធនឹងករណីនេះ យើងបានធ្វើការបំភ្លឺទៅ លោក ភោគ ភន មេបញ្ជាការផ្នែកសឹងរង ស្រុកអន្លង់វែង នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា
ឆ្នាំ២០១៧ តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន ដើម្បីសុំបំភ្លឺអំពីករណី មន្រ្តីជាកូនចៅរបស់លោក ដែលរងគ្រោះដោយសារទាហានថៃបាញ់។
តាមការរៀបរាប់ពីពលរដ្ឋខ្មែរ ម្នាក់ ក្នុងចំណោម ១៧នាក់ ដែលរត់គេចខ្លួន ពីការបាញ់ ប្រហារពីសំណាក់ ទាហានថៃ បាននិយាយថា
ពួកគាត់ឡើង ភ្នំឆ្លងដែន ចូលទឹកថៃ រកកាប់ឈើគ្រញូង ក៏ដោយសារមានមន្រ្តីយោធាកម្ពុជា ជាអ្នកនាំផ្លូវ និង ត្រូវបង់លុយឱ្យមន្រ្តីយោធា
នៅតាមច្រកនានា បើពុំនោះទេ ពួកគាត់ ក៏មិនអាចឡើងភ្នំឆ្លងដែនបានដែរ។
គួរបញ្ជាក់ថា ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ កន្លងមកក៏ធ្លាប់បានដាក់វិធានការ ទប់ស្កាត់បទល្មើសឈើគ្រញូង
តែការដាក់បទបញ្ជានេះ ហាក់បីដូចជាគ្មានប្រសិទ្ធិភាព ដែលមន្រ្តីយោធាផ្នែកសឹងរង ស្រុកអន្លង់វែង បានបើកភ្លើងខៀវ
ឱ្យពលរដ្ឋខ្មែរឡើងភ្នំកាប់ឈើគ្រញូងក្នុងទឹកដីថៃដដែល៕
0
ថៃបាញ់ពលរដ្ឋខ្មែរនិងទាហានម្នាក់រងរបួសធ្ងន់ក្នុងរឿងលួចកាប់ឈើគ្រញូង
Filed in: ព័ត៌មានសំខាន់ៗ