កំពង់ធំ៖ វិធានការរបស់ រដ្ឋាភិបាលដែលបានដាក់ចេញ កាលពីខែ មករា ឆ្នាំ ២០១៦ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និង ទប់ស្កាត់បទល្មើសរត់ពន្ធឈើ តាមបណ្តា រាជធានីខេត្ត មួយចំនួន ត្រូវបានមជ្ឈដ្ឋាននានា វាយតំលៃថា គឺ ជារឿង
ឥតន័យ ព្រោះ មកដល់ពេលនេះបទល្មើសកាប់ឈើ និង ការដឹកជញ្ជូនឈើ នៅតែកើតឡើងដូចភ្លៀងរលឹមដដែលជាដដែល។
បើតាមរបាយការណ៍ដែល ក្រុមអ្នកសារព័ត៍មានទទួលបានៗ បានបង្ហាញថា ចន្លោះពី ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដល់ ខែ ឧសភា ឆ្នាំ
២០១៧នេះ មានឈើខុសច្បាប់ដឹកចេញពី ស្រុក សណ្តាន់ ខេត្ត កំពង់ធំ ជាច្រើនរយម៉ែត្រគូប ឆ្ពោះទៅកាន់រាជធានីខេត្តមួយចំនួន
និង នាំចេញទៅស្រុកយួនផងដែ។
សកម្មភាពកាប់ឈើខុសច្បាប់បានកើតមានឡើងក្នុងតំបន់ព្រៃការពារព្រៃអភិរក្សដូចជាព្រៃឡង់និងព្រៃអង់តែន។ល។នៅក្នុងរបាយការណ៍
នីមួយៗបានបង្ហាញថា សកម្មភាពកាប់ឈើ និង ដឹកជញ្ជូនឈើខុសច្បាប់ដែលអាចធ្វើទៅបានគឺដោយសារមានការឃុបឃិតសូកប៉ាន់រវាង
មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចពាក់ពន្ធ័មួយចំនួន ហើយ ពួកឈ្មួញក៍បាន សូកប៉ាន់ មន្ត្រីជំនាញដើម្បីចូលទៅកាប់ឈើ នៅ ក្នុងតំបន់ព្រៃឡង់
និងព្រៃអង់តែនជាដើម។
ជាក់ស្តែងកាលពីល្ងាចថ្ងៃ ចន្ទទី ១៩ ខែមិថុនា ឆ្នាំ២០១៧ នេះមានរថយន្តជាច្រើនគ្រឿងបានសំរុកដឹកឈើចេញពី ព្រៃឡង់ ក្នុង ស្រុក សណ្តាន់
ខេត្តកំពង់ធំឆ្ពោះមកស្រុកបារាយណ៍ និង បន្តទៅ ខេត្តកំពង់ចាម យ៉ាងរលូនដោយពុំមានឃើញមន្ត្រីជំនាញ និង អាជ្ញាធរមានសមត្ថកិច្ចណា
ចាប់ឃាត់សោះឡើយ ឬក៍ ត្រូវថ្នាំសណ្តំពី ក្រុមឈ្មួញទាំងអស់នោះហើយទេដឹង។
ហើយក្រុមឈ្មួញទាំងនោះត្រូវបានគេស្គាល់ឈ្មោះទី១៖ឈ្មោះ កៅយ៉ូ មានផ្ទះនៅ ផ្សារប្រាសាទសំបូរ ឃុំ ស្រុក ប្រាសាទ សម្បូរណ៍ ទី២ ៖
ឈ្មោះ ឃាង នៅ ឃុំសណ្តាន់ ស្រុកសណ្តាន់ ទី ៣ ៖ឈ្មោះ ម៉េង នៅ ភូមិ.ឃុំស្រុកប្រាសាទសំបូរ ទី ៤ ៖មាន ឈ្មោះសឿន នៅសណ្តាន់។
ពួកឈ្មួញទាំង៤នាក់ខាងលើនេះកំពុងរកស៊ីដឹកជញ្ជូនឈើបានយ៉ាងរលូនពុំមានការរំខានដល់ ក្រុមសមត្ថកិច្ច សោះឡើយ។ បើតាមប្រភពពីអ្នកដឹកជញ្ជូនឈើអោយឈ្មួញទាំង៤ខាងលើនេះ បានប្រាប់ព័ត៌មានយើងថា ឈើទាំងអស់នេះ ពួកគេបានដឹកចេញពីចំនុចផ្សេងៗ
គ្នាក្នុងស្រុកសណ្តាន់ អ្នកខ្លះដឹកចេញពី ភូមិសំអោង ភូមិជាំស្វាយ ភូមិ៩៩ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខ្លះទៀតដឹកចេញពី ភូមិស្រែព្រីង. ភូមិក្រាំង
ភូមិ ពោធិរោង ភូមិ រំចេក ឃុំ សុចិត្រ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ។ ដោយ ក្រុមឈ្មួញ ទាំងនោះបានបំផុសអោយប្រជាពលរដ្ឋនៅទីនោះ ចូល
ទៅកាប់ ជ្រៀក អារដឹកជញ្ជូនចេញពី ព្រៃឡង់ ក្នុង ស្រុកសណ្តាន់ មកដាក់នៅ ចំនុចភូមិ ឃុំខាងលើ រួចបន្តដឹកតាមរថយន្តឆ្ពោះ ទៅកាន់
ស្រុកបារាយណ៍ និង ស្រុកចំកាលើ ខេត្ត កំពង់ចាម និងយកទៅ ស្រុកព្រៃឈរ ស្រុក ជើងព្រៃ ខេត្ត កំពង់ចាម។ល។
សកម្មភាពទាំងអស់នេះគេសង្ស័យថាមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើ និង ស្ថាបន័ពាក់ពន្ធ័មួយចំនួន ។
លោកសៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើ សណ្តាន់បានប្រាប់ បណ្តាញយើងតាមទូរស័ព្ទមកថា លោកពុំបានដឹងទេអំពីរឿងនេះព្រោះ
លោកកំពុងជាប់ភារកិច្ចនៅភ្នំពេញ លោកបានអោយបណ្តាញយើងថតរូបភាពទុកជូនគាត់ផង បន្ទាប់ពី រូបលោកត្រឡប់ ពី ក្រុង ភ្នំពេញវិញ
លោកនឹងត្រួតពិនិត្យមើលឡើងវិញ។លោកបានបន្តទៀតថា ចុះលោកអភិបាល ស្រុកសណ្តាន់ និងមន្ត្រីសមត្ថកិច្ចពាក់ពន្ធ័ នៅទីនោះទៅ
ណាហើយអស់លោកបានសន្យាថា និង ចាត់ការតាមផ្លូវច្បាប់ស្តីពីព្រៃឈើ។ ក្នុងការដឹកជញ្ជូនឈើនេះយើងពុំមានលទ្ធភាពចុះទៅបង្ក្រាបទេ
ដោយអត់មានកំលាំងនៅកន្លែង។លោកសន្យាថានឹងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ ចំណែកពួកឈ្មួញឈើជើងខ្លាំងៗសំបូល្បិចដឹកជញ្ជូនឈើ.
ដែលកំពុងតែបង្កើតភាពល្បីល្បាញខាងប្រមូលទិញលក់ឈើអាណាធិប្បតេយ្យនោះអ្នកយកព័ត៍មានយើងពុំអាចសុំការបំភ្លឺបានទេនៅពេលនេះ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅទីនោះបានអោយដឹងថា ដោយសារពួកឈ្មួញស្គាល់ចិត្ត ស្គាល់ថ្លើមរដ្ឋបាលព្រៃឈើ និង ស្ថាបន័ពាក់ពន្ធ័
ទើបអាចនាំឈើអាណាធិប្បតេយ្យទាំងនោះបានយ៉ាងរលូន ហើយ ក៍កំពុងជំរុញឲ្យមានការកាប់បំផ្លាញព្រៃឈើនៅតំបន់ហាមឃាត់ជាបន្តបន្ទាប់
ដែលធ្វើអោយខាតបង់ថវិការជាតិយ៉ាងច្រើនសន្ទឹកសន្ធាប់ក្នុងមួយឆ្នាំៗនៅខេត្តកំពង់ធំ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋក្នុង ខេត្ត កំពង់ធំ ដែលរស់អាស្រ័យផលពី ព្រៃឈើ បានលើកឡើងស្រដៀងៗគ្នាថា បើពួកគាត់កាប់ឈើ អារឈើ និង ដឹកឈើបន្តិចបន្ទួចធ្វើផ្ទះនៅ មន្ត្រីរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធដេញចាប់ប្រផិតប្រផីងដូចដេញចាប់ចោរ
តែបើក្រុមឈ្មួញមានលុយ មានអំណាចវិញ ដឹកឈើអាណាធិប្បតេយ្យរាប់រយម៉ែត្រគូប ក្នុងមួយខែៗដាក់តាមដេប៉ូមើលមិនឃើញទេឯណា
ឮទៅយុត្តិធម៌សំរាប់អ្នកក្រីក្រ៕