ខេត្តឧត្តរមានជ័យ៖ស្រុកចំនួន ២ គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទក្នុងខេត្តឧត្តរមានជ័យត្រូវបានទទួលរង
ការវាយប្រហារដោយសារទឹកជំនន់ភ្លៀង ដែលបានបំផ្លិចបំផ្លាញប្រព័ន្ធធារាសាស្រ្ត ស្រែចំការផលដំណាំ លំនៅដ្ឋាន
ប្រជាពលរដ្ឋ និងហេដ្ឋានរចនាសម្ព័ន្ធ ត្រូវទឹកហូរកាត់ បានបង្កការរាំងស្ទះដល់ការធ្វើដំណើរ ក្រោយពីអាកាសធាតុភ្លៀង
ធ្លាក់ជាបន្តបន្ទាប់ ក្នុងអំឡុងប៉ុន្មានថ្ងៃមកនេះ។ស្ថានភាពមេឃ នៅតែបន្តធ្លាក់ភ្លៀង ដែលក្តីបារម្ភ អាចនឹងមានផលប៉ះពាល់
កើតឡើងជាបន្តទៀត ខណះពេលនេះ ស្រុកអន្លង់វែង កំពុងទទួលរងសម្ពាធធ្ងន់ដោយសារទឹកជំនន់ភ្លៀង។
តាមឱ្យដឹងពីលោក ចាប ប៊ុនធឿន ជាជំទប់ទី១ ឃុំត្រពាំងប្រិយ៍ បានរៀបរាប់ថា ទឹកជំនន់ភ្លៀងបានវាយប្រហារនៅក្នុងឃុំ
ត្រពាំងប្រិយ៍ ក្នុងអំឡុងម៉ោង ៣យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ហើយទឹកបានហូរផ្តាច់ទាំងស្រុង ជាទំបន់រក្សាទឹករបស់
សហគមន៍ ដែលជាកេរ្តិ៍ដំណែលរបស់តាម៉ុក និងបណ្តាលឱ្យទឹកក្នុងបឹងទំនប់លើ ត្រូវហូរចេញអស់ ស្ថិតនៅភូមិទំនប់លើ
ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរ ផ្លូវគ្រួសក្រហមមួយខ្សែរ ដែលតភ្ជាប់ពីភូមិទួលសាលា
ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ទៅកាន់ភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដែលទឹកជំនន់បានហូរកាត់ និងហូរដាច់ផ្លូវ
ក្បាលស្ពានថ្មទាំងសងខាង ជាហេតុធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក ហោជិន វីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានមានប្រសាសន៍ថា ស្ថានភាពទឹកបឹងតាម៉ុក បានហក់ឡើងយ៉ាងលឿន
ដោយសារតែទឹកទំនប់អាងស្តុកទឹកសូន្យ(០៥) ក្នុងស្រុកត្រពាំងប្រាសាទ ត្រូវបានបើកបង្ហូរជាបណ្តោះអាសន្ន មិនអាចគ្រប់គ្រង
ស្ថានភាពទឹកបាន។ ដូច្នេះហើយ បានធ្វើឱ្យស្ថានភាពទឹក ក្នុងបឹងតាម៉ុក បានជន់ឡើង ធ្វើឱ្យទឹក ហូរលើស្ពានអូរជីក ដែលអាជ្ញាធរ
រួមនឹងសមត្ថកិច្ច បានសម្រេចចិត្ត បិទចរាចរជាបណ្តោះអាសន្ន។ ហើយក្នុងនោះ ផ្លូវឡើងភ្នំទៅកាន់ច្រកអន្តរជាំដែលទឹកហូរច្រោះ
បណ្តាលឱ្យដុំថ្មភ្នំដងរែក បាក់ធ្លាក់បាំងផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ដោយអាជ្ញាធរស្រុក បានចាត់តាំងកម្លាំងប្រចាំ
ការ ចុះធ្វើចរាចរណ៍ ដល់អ្នកធ្វើដំណើរខ្លាចមានគ្រោះថ្នាក់កើតឡើង។
លោក ញឺន កួន ប្រធាមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ប្រាប់ថា កំរិតកំពស់ទឹកជំនន់បានកើន
ឡើងដល់ ១៥០មម ហើយចំពោះបឹងតាម៉ុកជាអាងស្តុកទឹកមួយដ៏សំខាន់ ដែលទទួលរងសំពាធទឹកធ្លាក់មកពីស្រុកត្រពាំងប្រាសាទ
និងទឹកធ្លាក់មកពីតំបន់ជួរភ្នំដងរែក បានធ្វើឱ្យទឹកបឹងឡើងដល់ ៤ម៉ែត្រ ដែលហួសពីកំរិតប្រកាសអាសន្នត្រឹមតែ ២.៩០ម៉ែត្រ ។
នៅស្រុកត្រពាំងប្រាសាទ ឃុំអូរស្វាយ ក្នុងភូមិទំនប់អភិវឌ្ឍន៍ បានទទួលរងការវាយប្រហារជាខ្លាំងក្នុងទូរទាំងភូមិ នៃជំនន់ទឹកភ្លៀងនេះ
ហើយពេលនេះ លោកបានត្រៀមកម្លាំង និងគ្រឿងចក្រ ប្រចាំការ ដើម្បីធ្វើការជីកកាយ ធ្វើយ៉ាងណា ក្នុងការបញ្ចៀសទឹកជំនន់ភ្លៀងនេះ៕