ខេត្តបន្ទាយមានជ័យ ៖
ម្ចាស់គ្លីនិកមួយកន្លែងមានឈ្មោះសែនសុខសាន្ត ដែលមានទីតាំងជាប់ដងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូម៉ែតលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតត្រូវបានក្រុមគ្រួសារស្រ្តីរងគ្រោះម្នាក់ប្តឹងថាបានព្យាបាលខុសបច្ចេកទេស ធ្វើឱ្យមនុស្សស្លាប់។
តាមការអះអាងពីក្រុមគួសារស្រ្តីរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះម៉ាសុធាភេទស្រីអាយុ២៦ឆ្នាំ មានទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានមុខរបរលក់ដូរនៅអាងអូរខៃដន ក្នុងភូមិកូនដំរី ។
ស្រ្តីរងគ្រោះដែល ត្រូវពស់វែកក្របីចឹក កាលពីវេលាម៉ោងប្រហែលជាង២រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រូវសាច់ញាតិដឹកទៅ កាន់គ្លីនិកឯកខាងលើដើម្បីសង្គ្រោះបន្ទាន់។ម្ចាស់គ្លីនិកព្រោះតែស្រែកឃ្លានចង់បានលុយពីជនរងគ្រោះពេកមិនព្រមបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យរដ្ឋឡើយដោយធ្វើការព្យួរសេរ៉ូមអស់ចំនួន២កំប្លោកបណ្តាលធ្វើឱ្យពិសពស់ជ្រាបដល់បេះដូង ក៏ស្លាប់នៅក្នុងគ្លីនិកនោះតែម្តងទៅ នៅវេលាម៉ោងប្រហែល០៦និង៤៥នាទីនៅថ្ងៃទី១៧ ខែឆ្នូឆ្នាំ២០១៦។
ម្ចាស់គ្លីនិកដែលធ្វើឱ្យមនុស្សស្លាប់មានឈ្មោះ ឈុំប៊ុនឆេងតាមច្បាប់របស់ក្រសួងសុខាភិបាល ចំពោះជម្ងឺពស់ចឹក ក្រសួងសុខាភិបាល បានហាមមិនអនុញ្ញាតិឱ្យគ្លីនិកឯកជនណាមួយព្យាបាលជាដាច់ខាតប្រសិនជាមានករណីពស់ចឹកចូលព្យាបាលត្រូវបញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យរដ្ឋ ដើម្បីសង្គ្រោះបន្ទាន់ ។
ប៉ុន្តែលោកឈុំប៊ុនឆេងព្រោះតែចង់បានលុយពីអ្នកជម្ងឺខ្លាំងពេកហ៊ានព្យាបាលជម្ងឺពស់ចឹកទាំងប្រថុយប្រថានបំពានច្បាប់ក្រសួងសុខាភិបាលបណ្តាលឱ្យស្រ្តីរងគ្រោះស្លាប់ទាំងវ័យក្មេងព្រមទាំងបានស្លាប់ចោលក្រុមគ្រួសារយ៉ាងអណោចអធ័ម។
ប៉ុន្តែមកទល់ពេលនេះក្រុមគ្រួសារជនរងគ្រោះនៅមិនទាន់បានភាពយុត្តិធម៌នៅឡើយទេហើយក៏បាននាំបងប្អូនមកសុំអោយខាងសារព័ត៌មានជួយផ្សព្វផ្សាយនិងអោយបានដឹងដល់សម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ដល់
សព្វប្អូននិងកូនរបស់ពួកគាត់ផងនិងសូមអោយមន្រ្តីក្រសួងសុខាភិបាលមេត្តាជួយផងរួមទាំងសមត្ថកិច្ចគួរចាត់វិធានការតាមច្បាប់។
ជាចុងក្រោយពួកគាត់សូមអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយដល់ពួកគាត់ផងព្រោះតែជីវភាពក្រីក្រនិងខ្វះខាតណាមួយទៀតបាត់បង់កូនស្រីជាទីស្រឡាញ់ដែលធ្លាប់តែផ្គត់ផ្គង់ក្រុមគ្រួសារបានលាចាកលោកនេះទៅហើយពួកគាត់គ្មានសល់អីទៀតទេមានតែអំពាវនាវដល់សប្បុរសអោយជួយគាត់តែប៉ណ្ណោះ៕ សុ វណ្ណា