ខេត្តឧត្តរមានជ័យៈអាជ្ញាធរម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ប្រជាពលរដ្ឋចំនួន ២នាក់ទៀត បានរងរបួសធ្ងន់ ខណៈដែលឡើងភ្នំដងរែកអារគល់ឈើប្រណីតដើម្បីជីវិត ហើយបានជាន់គ្រាប់មីន ដែលនៅសេសសល់ពីសម័យសង្គ្រាម។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចលើខ្នងភ្នំដងរែកតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុង ភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចនគរបាលព្រំដែនគោកលេខ៩០៥ ប្រចាំការព្រំដែនបានឱ្យដឹងថា ករណីប្រជាពលរដ្ឋបានឡើងទៅ អារគល់ឈើ នៅលើខ្នងភ្នំដងរែក ហើយ បានជាន់មីនផ្ទុះ ដែលមានឈ្មោះ សេង ស្រឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាអនុប្រធានភូមិដងទង់ សង្កាត់កូនគ្រៀល បានដាច់ជើងឆ្វេង និងរបួសជើងស្តាំ ដែលត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ តែជាអកុសលជនរងគ្រោះបានស្លាប់ ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយចំណែកប្រជាពលរដ្ឋ ២នាក់ទៀត ដែលរួមដំណើរឡើងភ្នំដងរែកជាមួយគ្នាបានរងរបួសធ្ងន់ប៉ុណ្ណោះតែមិនដល់អាយុជីវិតនោះឡើយ។
គួរបញ្ជាក់ថា នេះជាករណីលើកទី២ហើយ ដែលប្រជាពលរដ្ឋ បានរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាមបានឆាប់ឆក់យកជីវិត ប្រជាពលរដ្ឋចំនួន ២នាក់ នៅក្នុងខេត្ត ឧត្តរមានជ័យ។ ហើយកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋម្នាក់ឈ្មោះ យិញ យឿបភេទប្រុសអាយុ ៦៩ឆ្នាំ រស់នៅភូមិខ្ទុម សង្កាត់ កូនគ្រៀល ក្រុងសំរោង បានជីករំលាយដីដំបូក ដើម្បីធ្វើស្រែ ហើយប៉ះចំគ្រាប់មីន ប្រភេទ ៦០មីលលីម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗផងដែរ៕.ដោយ៖រំដួលក្រុងសំរោង