ខេត្តបាត់ដំបង៖មន្ត្រីគយក្នុងខេត្ត បាត់ដំបង បានបញ្ជាក់ថាលោក យ៉ែម ហេរ៉ាត កំពុងតែប្រព្រឹត្ត អំពើពុករលួយយ៉ាងច្បាស់ក្រឡែតតាមរយះការបើកដៃឲ្យឈ្មួញមួយចំនួនដឹកទំនិញពីទឹកដីថៃចូលទឹកដីខ្មែរនៅវេលាម៉ោង៣ឬម៉ោង៤ទៀបភ្លឺ ខុសម៉ោងរដ្ឋបាលដែលជាអំពើខុសច្បាប់ទាំងស្រុងហើយទំនិញទាំងនោះអាចជាទំនិញគេចពន្ធទៀតផង។ សមត្ថកិច្ចពាក់ព័ន្ធនៅច្រកអូររំដួល ឃុំ ពេជ្រចិន្តា ស្រុក ភ្នំព្រឹក បានឲ្យដឹងថាមួយ រយៈពេលកន្លងទៅនេះលោក យ៉ែម ហេមរ៉ាត ប្រព្រឹត្តអំពើពុករលួយយ៉ាងងងើល ជាពិសេសទាក់ទងទៅនឹងការបន្លំប្រភេទទំនិញ ហើយប្រមូលលុយដាក់ហោប៉ៅដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ទំនិញនាំចូលពីប្រទេសថៃច្រើនប្រភេទដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់ត្រូវបានលោក យ៉ែម ហេមរ៉ាត ឃុបឃិតដាក់ក្នុងបង្កាន់ដៃបង់ពន្ធថាជាទំនិញចម្រុះ ហើយឈ្មួញបង់ពន្ធត្រឹមតែពាក់កណ្តាលឬមិនដល់ពាក់កណ្តាលផងគឺលោក យ៉ែម ហេមរ៉ាត ហ៊ានប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់។
តាមសេចក្តីរាយការណ៍ពីមន្ត្រីមួយចំនួននៅច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងថា ឥឡូវនេះមានឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ជាច្រើនប្រភេទ ដោយសារតែមេគយប្រចាំច្រកនេះគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។ឈ្មួញមិនត្រឹមតែអាចសម្រុកនាំចូលទំនិញបង់ពន្ធមិនគ្រប់ដូចជាគ្រឿងបន្លាស់រថយន្ត គ្រឿងបន្លាស់ម៉ូតូ ភេសជ្ជៈ និង ទំនិញចាប់ហួយប៉ុណ្ណោះទេគឺសូម្បីតែគ្រឿងចក្រក៏ឈ្មួញអាចនាំចូលតាមច្រកអូររំដួលយ៉ាងលូនដែរ។ ប្រការនេះហើយទើបមន្ត្រីប្រចាំច្រកអូររំដួលមួយចំនួនរាយការណ៍ថាលោក យ៉ែម ហេមរ៉ាត កំពុងតែប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយ គ្មានញញើតអ្វី ទាំងអស់ ហើយឈ្មួញអាចនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនជាង មុន ទៅទៀតព្រោះគ្មាននរណាទប់ស្កាត់ឡើយ។
សមត្ថកិច្ចពាក់ព័ន្ធនិងមន្រ្តីគយនៅ ច្រកអូររំដួលនេះ បានឲ្យដឹងថាលោក យ៉ែម ហេមរ៉ាត ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអូររំដួល ដែលត្រូវថ្នាក់លើដកបញ្ឈរជើងអស់មួយរយះនោះ នៅពេលវិលត្រឡប់មកកាន់កន្លែងដើមវិញក៏ចាប់ផ្តើបប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយចាំជួយការពារគ្រប់ពេលវេលា។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនិងមន្រ្តីគយនៅច្រកអូររំដួល បានឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះលោក យ៉ែម ហេមរ៉ាតបានឃុបឃិតបើកដៃឲ្យឈ្មួញជាច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកអូររំដួល យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រការនេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធកាន់តែច្រើនជាងមុនទៅទៀត ដូច្នេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរចាត់វិធានការទប់ស្កាត់ខ្លះផង។
សេចក្តីរាយការណ៍ខ្លះបានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញនាំចូលតាមច្រកអូររំដួល មានដូចជាគ្រឿងបន្លាស់រថយន្ត គ្រឿងបន្លាស់ម៉ូតូ សំបកកង់រថយន្ត និង ម៉ូតូ ព្រមទាំងទំនិញជាច្រើនប្រភេទទៀតដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់។ ប៉ុន្តែលោក យ៉ែម ហេមរ៉ាត បានឃុបឃិតជាមួយឈ្មួញក្នុងការបន្លំប្រភេទទំនិញដោយដាក់ក្នុងឯកសារថាជា ទំនិញចម្រុះដែលត្រូវបង់ពន្ធក្នុងកម្រិតទាប ហើយបង់ពន្ធត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ។ក្រៅពីនេះត្រូវធ្លាក់ក្នុងហោប៉ៅ លោក យ៉ែម ហេមរ៉ាត និង បក្ខពួកមួយក្តាប់តូច។ តាមរយះអំពើពុករលួយបែបនេះលោក យ៉ែម ហេមរ៉ាត អាចប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ ព្រោះថ្នាក់ដឹកនាំអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ តាមប្រភពខ្លះបានលើកឡើងថាលោក យ៉ែម ហេម រ៉ាត មានខ្នងបង្អែកធំជាង លោក គុណ ញឹម ដែលជាអគ្គនាយកគយទៅទៀតទើបលោក គុណ ញឹម មិនហ៊ានប៉ះពាល់ហើយទុកឲ្យលោក យ៉ែម ហេមរ៉ាត ធ្វើអ្វីៗតាមអំពើចិត្ត។ក្រុមសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននិងមន្រ្តីគយបានឲ្យដឹងថាការដែលលោក យ៉ែម ហេមរ៉ាត ប្រធានការិយាល័យគយច្រកអូររំដួលហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺអាចមានការឃុបឃិតបើកដៃពីប្រធានសាខាគយខេត្តបាត់ដំបង ផងដែរព្រោះមកដល់ពេលនេះប្រធានសាខាគយខេត្ត បាត់ ដំបង ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះអំពើពុករលួយរបស់លោក យ៉ែម ហេមរ៉ាត ដែលជា មន្ត្រីក្រោមឱវាទ។ អាចនិយាយបានថាការដែលលោក យ៉ែម ហេមរ៉ាត អាចធ្វើអ្វីៗតាមអំពើ ចិត្តគឺមានការឃុប ឃិត ជាប្រព័ន្ធ ហើយករណីឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់តាមច្រកអូររំដួល ដូចសព្វថ្ងៃនេះកំពុងតែធ្វើឲ្យរដ្ឋត្រូវបាត់បង់ចំណូលពន្ធយ៉ាង ច្រើនក្នុងមួយខែៗ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនគួរមើលរំលងតទៅទៀតទេព្រោះ លោក យ៉ែម ហេមរ៉ាត ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗហើយ៕គេហទំព័រព្រះវិហារមិនអាចសុំការបំភ្លឺពី លោក យ៉ែម ហេមរ៉ាត បានទេ ពីព្រោះ គ្មានលេខទូរស័ព្ទ ការរិយាល័យ នៃ អង្គភាពសារព័ត៌
មាន គេហទំព័រ ព្រះវិហារ អេឡិចត្រូនិច រង់ចាំការបកស្រាយគ្រប់ ពេលាវេលា រៀងរាល់ធ្វើការ៕ ដោយ៖ (រំដួលជាយដែន)