ស្ទឹងត្រែងៈ និស្សិតពេទ្យម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗខណៈកំពុងជិះម៉ូតូនៅ លើដងផ្លូវជាតិលេខ ៧អា រួចបានបន្តទៅបុកម៉ូតូ១គ្រឿងផ្សេងជិះគ្នា២នាក់ប្តីប្រពន្ធបណ្តាលអោយរងរបួសធ្ងន់ ខណៈមេឃកំពុងភ្លៀងរឹមៗ ហេតុការណ៍នោះបានកើតឡើង នៅចំណុច អូរខ្លុង នៃគីឡូម៉ែត្រលេខ៩ ស្ថិត នៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង វេលាម៉ោងប្រមាជា២និង៣០នាទីរសៀល ថ្ងៃទី៣កញ្ញា២០១៧ ។មន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ភួយ ណារីម ភេទ ប្រុស អាយុ ២២ ឆ្នាំ ជាបុគ្គលិក មណ្ឌលសុខភាព ៣ ស្រុក រស់នៅបីស្រុក នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ មន្ត្រីដដែលបានបន្តថា ជនរងគ្រោះបានមកបន្តសិក្សាជា និស្សិតឆ្នាំទី២ នៃសាលាពេទ្យ ភូមិភាគស្ទឹងត្រែង ដោយ ជិះម៉ូតូប្រភេទ ហុងដាឌ្រីមសង់ C-125 ម្នាក់ឯង ធ្វើដំណើរពី ត្បូង ទៅ ជើង «ចេញពី ភូមិច្រប់ ចូលមក ក្រុង ស្ទឹងត្រែង »លើដងផ្លូវជាតិលេខ ៧ ហើយ មានមិត្តភក្តិម្នាក់ទៀត ជានិស្សិតពេទ្យ ដូចគ្នា ជិះម៉ូតូមួយគ្រឿង ផ្សេងទៀតពីក្រោយ ជនរងគ្រោះ គាប់ជួនពេលនោះ ផ្ទៃមេឃមានសភាពអួរអ័ព្ទ ហើយ ធ្លាក់ ភ្លៀងស្រិចៗ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរន្ទះគ្មានធម៌មេត្តាមកផ្តាច់សង្ខារ បានបាញ់ជនរងគ្រោះ ចំក្បាល និង កញ្ចឹងកពីក្រោយ ធេះខ្លោចបណ្តាលឲ្យម៉ូតូប៉ើងខ្ទាតជាច្រើនម៉ែត្រ ទៅប៉ះចំម៉ូតូអ្នក ដំណើរ១គ្រឿង ផ្សេងទៀត ដែលកំពុងឌុបគ្នា ពីរនាក់ប្តីប្រពន្ធ ធ្វើ ដំណើរនៅលើដងផ្លូវនោះ ក្នុង ទិសដៅផ្ទុយគ្នា រងរបួសជាទម្ងន់ ឯនិស្សិតពេទ្យនោះ បានខ្ទាតធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗនៅគ្រានោះផងដែរ។សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ក្រោយហេតុការណ៍នេះ រថយន្តសង្គ្រោះរបស់ មន្ទីរពេទ្យបង្អែក ខេត្ត ស្ទឹងត្រែង បានចុះទៅយកជនរងរបួសពីរនាក់ ប្តី និង ប្រពន្ធនោះទៅកាន់មន្ទីរពេទ្យខេត្ត ចំណែក សាកសពនិស្សិតម្នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍រន្ទះបាញ់នោះ មិនបានបញ្ជូនទៅនោះទេ ។ អ្នកចោមរោមហេតុការណ៍នោះ និង មិត្តភក្តិជនរងគ្រោះម្នាក់ បានធ្វើការរិះគន់ធ្ងន់ៗទៅដល់ រថយន្តសង្គ្រោះនោះ ថាមិនគួរទុក សាកសព និស្សិតពេទ្យម្នាក់នោះ នៅលើចិញ្ចើមផ្លូវយ៉ាដូច្នេះទេ គួណាស់យកទៅកម្កល់ទុក ដោយរង់ចាំក្រុមគ្រួសារសពមកទទួលយក ។ ចំណែកម៉ូតូពីរគ្រឿងរបស់ជនរងគ្រោះទាំង៣នាក់ ត្រូវបានកម្លាំនគរបាលចរាចរផ្លូវគោក ខេត្ត នាំយកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាល ខេត្ត ស្ទឹងត្រែង ឯសាកសពនិស្សិតនោះ ត្រូវមិត្តភក្តិជនរងគ្រោះនិង ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតនោះ គ្របទុកនៅលើចិញ្ចើមផ្លូវ ដោយរង់ចាំឪពុកម្តាយ និង ក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត៕ដោយ៖ (រំដួលស្ទឹងត្រែង).
0
និស្សិតពេទ្យម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ និង មនុស្សពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់
Filed in: សង្គម