ខេត្តប៉ៃលិនៈ ក្រុមឈ្មួញ និង មន្រ្តីគយនៅច្រកព្រុំបានទម្លាយរឿងឲ្យដឹងថាមេគយច្រកទ្វារព្រុំ កំពុងតែជិះសេះលែងដៃ ឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយ និង ក្រុមមន្ត្រីនាំទំនិញគេចពន្ធសម្រុកចេញពី ប្រទេស ថៃ ទាំងយប់ទាំងថ្ងៃចូល មកកម្ពុជា យ៉ាងអាណាធិបតេយ្យបំផុត ដោយគ្មានការទប់ស្កាត់ព្រោះតែមានកម្រៃ ចែកភាគហ៊ុនធ្វើមានបានលើគំនរពន្ធរបស់រដ្ឋ ហើយដែលបញ្ហានេះ ក៏មានក្រុមមន្ត្រីដែលដឹង រឿងស្នើសុំ អោយមាន ការទប់ស្កាត់ និងដាក់ការស៊ើបអង្កេតជាបន្ទាន់ ។តាមប្រភពពីមន្រ្តីគយលួចខ្សឹបអោយដឹងថា បច្ចុប្បន្នមានក្រុម ឈ្មួញធំៗ ប្រមាណ៦ទៅ៧នាក់ ដែលជាមេឈ្មួញធំៗដុះស្លែរកស៊ីនាំទំនិញ លោតឆ័ត្រគេចពន្ធ ឬបង់ពន្ធឃុបឃិតតែ១០% ៣០% ប្រចាំផ្លូវនេះ ជាច្រើនឆ្នាំមក ហើយដែលគេឃើញតែពួកនេះដឹកទំនិញគេចពន្ធចម្រុះតាមរថយន្តកុងតឺន័រ និង រថយន្តសណ្ដោង និង រថយន្ដយីឌុបទាំងខ្សែៗភាគច្រើនបានសម្រុកដឹកចេញនាពេលយប់ ស្ងាត់ព្រោះតែងាយស្រួលក្នុងការផ្ទេរផ្ទូលើកដាក់ដុះដូរទំនិញ
ពីរថយន្តមួយទៅរថយន្ដមួយ តាមអំពើចិត្តដែលគ្មាននរណាដឹងឮឡើយ ។
បើតាមសេចក្ដីរាយការណ៍ នៅ ច្រក ទ្វារព្រុំ បានអោយដឹងទៀតថា ពេលឡានដឹកទំនិញឆ្លងកាត់កុងត្រូលព្រំដែនចូលមកកាន់ទីតាំងផ្ទេរទំនិញម្ដងៗគេពុំដែលឃើញមុខ លោក ប្រធានគយ ច្រកទ្វារព្រុំ អើតមុខមកត្រួតពិនិត្យមើលទំនិញរបស់ក្រុមឈ្មួញ សូម្បីតែ បន្តិចម្ដងណាឡើយ ។ ហើយដែលបញ្ហានេះស្ដែងអោយ ឃើញពីការឃុបឃិតមួយគៃបំបាត់ពន្ធរដ្ឋ បណ្ដោយអោយក្រុមឈ្មួញ ដឹកទំនិញខុសច្បាប់លើសពីការកំណត់ស្រេចតែអំពើចិត្ត បន្លំ មុខស្លាក យីហោក្លែង យថាប្រភេទ ទំនិញ ពីទំនិញថ្លៃមកជាប្រភេទទំនិញចម្រុះ ថោក ខុសពីការនាំចូល នូវទំនិញល្អៗថ្លៃៗ តាមតែការ បូញ មាត់របស់មេគយ និង ក្រុមឈ្មួញ តាមទូរស័ព្ទ ហើយបណ្ដោយអោយឈ្មួញដឹកទំនិញនាំចូលតាមរថយន្ត ស្រេចលើទំនើងចិត្ត ដែលបញ្ហាអាណាធិបតេយ្យនៃការនាំចូលទំនិញយ៉ាងអាណាធិបតេយ្យបែបនេះអតីតពុំធ្លាប់មានទាល់តែសោះទើបតែជំនាន់លោកមេគយច្រកទ្វារព្រំ ទី ប៊ុនឡង់ និង លោក មេសាខាគយ ខេត្ត ប៉ៃលិន ថ្មី ឈ្មោះ សំ សុវណ្ណារិទ្ធ ប៉ុណ្ណោះដែលគេ ឃើញក្រុមឈ្មួញនាំចូលនូវប្រភពទំនិញយ៉ាងផុលផុសទាំងយប់ទាំងថ្ងៃបែបនេះ។ប៉ុន្តែ បែរជាលេចឮលើការប្រមូលពន្ធបែរជាទាបធ្លាក់ចុះទៅវិញហាក់មិនគួរអោយ ជឿបានឡើយ ។ជាងនេះទៅទៀត បើតាមការកត់សម្គាល់គេបានឃើញក្រុមឈ្មួញនាំចូលរថយន្តស៊េរីទំនើបៗ តែកាត់ត ឲ្យទៅជាប្រភេទរថយន្តកាប់សាច់ ឬ (រថយន្តជជុះ)ដើម្បីបង់ពន្ធទាបត្រឹម ៣០ ទៅ ៤០ ភាគរយប៉ុណ្ណោះ ហើយដែលនូវក្នុងបណ្ដាប្រទេសរីកចំរើន ដូចជា ៖ប្រទេស យួន ថៃ ជាដើម ប្រទេសគេមិនអោយមានការនាំចូល រថយន្ដហួសការកំណត់ នោះឡើយព្រោះវាងាយរងគ្រោះបំផុតដល់អ្នកប្រើប្រាស់ ។ពាក់ព័ន្ធ នឹង ល្បិចបំភ័ន្តភ្នែក របស់ លោកមេគយ និង ក្រុមមន្រ្តីមួយចំនួនតូច ប្រើល្បិចបណ្ដោយអោយក្រុមឈ្មួញ បំភ័ន្តភ្នែកលួច គៃកោរលើពន្ធរដ្ឋនៅច្រកទ្វារព្រំបែបនេះ វាបានកើតឡើងស្ដែងជាគំរូអាក្រក់មួយ។ដូច្នេះគួរតែអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតជាបន្ទាន់ ដែលយ៉ាងហោចណាស់ក៏លោកមេគយជំនាន់មុនៗបានប្រមូលពន្ធលើសលប់តាមផែនការកំណត់ដែលរដ្ឋាភិបាលបានដាក់ចុះដែរ។ ក៏ប៉ុន្ដែប្លែកអ្វីនៅពេលដែលក្រុមឈ្មួញកំពុងតែសម្រុកនាំទំនិញចូលដូចព្យុះទាំងយប់ទាំងថ្ងៃនោះ បែរជលោកមេគយព្រំថ្មី ទី ប៊ុនឡង់ ចូលមកកាន់តំណែងមិនបានប៉ុន្មានខែផង បែរជាធ្វើឲ្យចំណូលពន្ធគយធ្លាក់បាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ។ជាងនេះទៅទៀតបច្ចុប្បន្ននេះ គេបានឃើញក្រុមឈ្មួញបានសម្រុកនាំចូលទំនិញដូចជា ប្រភេទរថយន្តស៊េរីទំនើបៗ ដែលឈ្មួញបានកាត់តទៅជារថយន្តកាប់សាច់ដឹកតាមកុងតឺន័រ ដូចជាស្រាបៀរ ភេសជ្ជៈគ្រប់មុខ ទំនិញចាប់ហួយ គ្រឿងអេឡិចត្រូនិច និង គ្រឿងសំណង់ ជាដើម។ល។ ដឹកចូលស្អេកស្កះទាំងយប់ទាំងថ្ងៃ ហើយត្រូវបានឈ្មួញនាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រុំនៃខេត្តប៉ៃលិន ក្នុងមួយថ្ងៃៗមិនតិចជាង៣០០ ឡាន នោះឡើយ ។ក្រុមមន្ត្រីននៅច្រកព្រុំដដែលបានលើកឡើងទៀតថាមិនចាំបាច់សង្ស័យនោះទេ ព្រោះតែរាល់ទំនិញទាំងនោះគឺឈ្មួញនាំចូលបង់ពន្ធប្រមាណតែ ១០% ទៅ៣០% ប៉ុណ្ណោះក្រោមល្បិច ចែកភាគហ៊ុនជាមួយគ្នានេះហើយជាបញ្ហាធំមួយដែលនាំអោយការប្រមូលពន្ធចូលរដ្ឋត្រូវបានធ្លាក់ចុះនោះ។ ហើយដែលបញ្ហានេះមិនគួរបើថ្នាក់លើមើលរំលងនោះទេ។អ្វីដែលគេកត់សម្គាល់ឃើញនោះជាប្រចាំថ្ងៃ គឺក្រុមគយនៅច្រកទ្វារអន្ដរជាតិព្រុំនេះ ពូកែតែអង្គុយចាំរាប់ក្បាលឡាន ដឹកទំនិញយកលុយ និងចាំចាប់ជម្រឹតប្រជាពលរដ្ឋ
ក្រីក្រដឹកទំនិញតិចតួចឆ្លងដែនទៅលក់ស្រុកថៃជម្រឹតយកលុយតេប៉ុណ្ណោះ គេពុំដែលឃើញមេគយ ទីប៊ុនឡង់ ចេញមុខចុះទៅឆែកឆេរទំនិញរបស់ក្រុមឈ្មួញ ជាបក្ខពួករបស់ខ្លួននោះម្ដងណាឡើយ។ប្រភពនោះបានបង្ហើបឲ្យទៀតថាករណីគេចពន្ធនោះវាគឺជាឆ្នាំងបាយរបស់ពួកគេ បានឃុបឃិតចែកគ្នាជាមួយគ្នា ជាមួយមន្ត្រីគយ តើអោយបង្ក្រាបម៉្តេចទៅកើត បើលុយដែលបង់ក្រៅប្រព័ន្ធទាំងនោះគឺបានហូរចូលទៅក្នុងហោប៉ៅមន្ត្រីគយ ទី ប៊ុនឡង់ និងបក្ខពួកតែម្តង ។ ហេតុដូច្នេះ លោក គុណ ញឹម អគ្គនាយកគយ រដ្ឋាករ និង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយអោយលោក មេគយ ច្រកទ្វារព្រុំ ទី ប៊ុនឡង់ ឃុបឃិតជាមួយក្រុមឈ្មួញនាំចូលទំនិញគេចពន្ធតាមតែអំពើចិត្តបែបនោះ គេ ពុំដឹងថា តើ លោកប្រធានមេសាខាគយខេត្តប៉ៃលិន សំ សុវណ្ណរិទ្ធ ដឹងរឿងផងដែរឬក៏ធ្វើជាមិនដឹង ហើយដេកចាំទទួលផលប្រយោជន៍ ចែកភាគរយយកចំណែកពីមេគយច្រកទ្វារព្រុំ ដឹង ឬក៏អាចថា
បាន ព្រោះថា តាមសកម្មភាព បានបណ្ដោយអោយមានភាពអាណាធិបតេយ្យបែបនេះកើតមានឡើងនៅច្រកទ្វារព្រុំយ៉ាងពេញបន្ទុក ។ ប៉ុន្តែតែមានករណីនាំចូលឡានដឹកទំនិញយ៉ាងភ្លូកទឹកភ្លូកដី មកក្នុងទឹកដីកម្ពុជា ត្រូវបានគេដឹងថា ក្រុមឈ្មួញ និង មន្ត្រីគយនូវតែបន្ដឃុបឃិតគ្នា លួចចំណូលរដ្ឋមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនជាបន្តបន្ទាប់រាប់ឆ្នាំមកហើយដែលបញ្ហានេះគួរតែមានការចុះស៊ើបអង្កេតជាបន្ទាន់ផង ។
ជុំវិញទាក់ទងនិងព័ត៌មានគេហទំព័រព្រះវិហារអេឡិចត្រូនិច មិនទាន់អាចសុំការបំភ្លឺពី លោក ទី ប៊ុនឡង់ នឹង លោក សំ សុវណ្ណរិទ្ធ បានទេ ដោយ គ្មានលេខ ទូរស័ព្ទ ទីចាត់ការយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖(ចៅចិត្តប៉ៃលិន)
0
មេគយច្រកទ្វារព្រុំ បើកដៃឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ នាំ ទំនិញ គេចពន្ធសចេញពីប្រទេសថៃចូលមកកម្ពុជាបាត់ចំណូលពន្ធរដ្ឋ
Filed in: ព័ត៌មានជាតិ