ភ្នំពេញ ៖ ជាកាដូដ៏ធំមួយទៀតហើយផ្ដល់ជូនដល់ជនរួមជាតិខ្មែរនោះគឺ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាសាធារណៈទិញយកស្ពាន និង ផ្លូវ លីយ៉ុងផាត់ ព្រែកព្នៅ មកគ្រប់គ្រងវិញ ដូច្នេះបងប្អូនប្រជាពលរដ្ឋ នឹង ធ្វើដំណើរដោយមិនបាច់បង់ថ្លៃតទៅទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៧ខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើ Facebook Page នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នេះយ៉ាងដូច្នេះថា «ដើម្បីដោះស្រាយនូវការលំបាក និង ជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នេះតទៅ ស្ពាន និង ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ (ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) នឹង ត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាល នឹង ទិញយកមកគ្រប់គ្រងវិញ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា « ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងសាធារណការ និង ដឹកជញ្ជូន សាលារាជធានីភ្នំពេញ និង ស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សា ជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថា ប្រជាពលរដ្ឋយើង នឹង ទទួលបានផលប្រយោជន៍ពីការសម្រេចនេះ»។សូមជម្រាបថា ស្ពាន លី យ៉ុងផាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់ កាលពីថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ ២០១០ ដែលវិនិយោគ និង សាងសង់ដោយក្រុមហ៊ុនៈ LYP Group ទឹកប្រាក់សរុបចំនួន ៤៣លានដុល្លារអាមេរិក។ស្ពាននេះមានបណ្តោយ ៩៩៦ ម៉ែត្រ និង ទទឹង ១៤ ម៉ែត្រ តភ្ជាប់ពីផ្លូវកប់ស្រូវ ( ត្រើយខាងលិចបឹងទន្លេសាប ) ទៅចំនុចស្ពានទី៦ ផ្លូវជាតិ៦A( ត្រើយខាងកើតបឹងទនេ្លសាប ) ដែល តំរូវឲ្យមានការសាងសង់ផ្លូវបេតុងប្រវែង៨១៧០ម៉ែត្រ ភ្ជាប់ពីគល់ស្ពានត្រើយខាងកើត ទៅផ្លូវជាតិលេខ៦A៕ដោយ៖( យាយដូនពេញ ).
0
សម្ដេចតេជោ ហ៊ុន សែន ប្រកាសទិញផ្លូវ និងស្ពានលីយ៉ុងផាត់ ព្រែកព្នៅ មកគ្រប់គ្រងវិញ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ មិនបាច់បង់ប្រាក់ទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា
Filed in: ព័ត៌មានជាតិ