ខេត្តឧត្តរមានជ័យៈផ្លូវលំគ្រួសក្រហមមួយខ្សែ ចាប់ពីមុខមណ្ឌលសុខភាព ឃុំ ត្រពាំងប្រាសាទ ស្ថិនៅក្នុងទីរួម ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យដែលតភ្ជាប់ទៅកាន់ ភូមិចំនួន ៣ ភូមិបានរងការខូចខាតអស់រយពេលជាង២ឆ្នាំមកហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ដោយពួកគាត់ ស្នើសុំឱ្យអាជ្ញាធរមេត្តាជួយជួសជុល។ប្រជាពលរដ្ឋដែលរស់នៅ ភូមិទាំង៣ខាងលើ បានលើកឡើថា ផ្លូវគ្រួសក្រហមនេះតភ្ជាប់ចាប់ពីផ្លូវជាតិPR174 គឺ ចាប់ពីមុខមណ្ឌលសុខភាពឃុំ ត្រពាំងប្រាសាទ ក្នុងភូមិត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ដែលឆ្លងកាត់មុខស្នាក់ការកងរាអាវុធហត្ថស្រុកត្រពាំងប្រាសាទ និង មុខអា
គាររដ្ឋបាលសាលាស្រុកចាស់ បានរងការខូចខាតប្រហែលជា ២ទៅ៣ឆ្នាំមកហើយ ដោយសារតែរថយន្ដធំៗបើកបរឆ្លងកាត់ជារៀងរាល់ថ្ងៃដូចជារថយន្ដដឹកស្រូវ ដឹកដំឡូង និង រថយន្ដដឹកដីជាដើម។ប្រជាពលរដ្ឋបន្ដថា ការលំបាកផ្លូវគ្រួសក្រហមនេះ នៅរដូវប្រាំងធ្វើដំណើរតាមកង់ ម៉ូតូ គោយន្ដកន្ត្រៃ និង រថយន្ដផ្យេងមានការយឺតយ៉ាវ ព្រោះស្ថានភាពផ្លូវមានជំហុកជាច្រើនកន្លែង។ហើយនៅរដូវវស្សាវិញ ទឹកដក់នៅតាមជំហុក ដែលរថយន្ដធំៗ និង គោយន្ដបើកបរកាត់ពីលើ ធ្វើឱ្យទៅជាភក់ផុង និងជំហុកតូចៗ បានក្លាយទៅជាជំហុកធំៗ ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកដំណើរ។ហើយនៅពេលមានភ្លៀងធ្លាក់មកម្ដងៗពួកគាត់ធ្វើដំណើរថ្មើរជើងក៏សឹងតែដើរមិនរួចទៀត ដោយសារតែផ្លូវរអិល និង មានភក់ច្រើន ដែលជាពិសេស ព្រះសង្ឃដែលគង់នៅវត្ត ត្រពាំងប្រាសាទក៏អាស្រ័យនូវផ្លូវនេះដែរ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ប្រសិនបើអាជ្ញាធរ និង ស្ថាប័នផ្សេងៗមិនជួយជួសជុលផ្លូវគ្រួសក្រហមមួយខ្សែនេះទេ ពួកគាត់មានតែទ្រាំធ្វើដំណើរតទៅទៀតដោយគ្មានជម្រើសនោះដែរ ហើយផ្លូវគ្រួសក្រហមនេះ មិនត្រឹមតែបម្រើឱ្យប្រជាពលរដ្ឋចំនួន ៣ ភូមិប៉ុណ្ណោះទេ គឺមានប្រជាពលរដ្ឋជាច្រើនភូមិទៀត ដែលអាស្រ័យធ្វើដំណើរទៅកាន់ស្រែចំការ និង ដឹកផលដំណាំឆ្លងកាត់៕ដោយ៖( រំដួលក្រុងសំរោង .)