កំពង់ធំ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ គឺជាថ្ងៃគម្រប់ខួប ៥ឆ្នាំគត់ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន ។
នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាមន្ទីរ ស្ថាប័ននានា អង្គការផ្សេងៗ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋិ នរោត្តម សីហនុ គម្រប់៥ព្រះវស្សា នៃការសោយទីវង្គត ។ប្រជារាស្រ្តខ្មែរទូទាំងប្រទេស សែនក្ដុកក្ដួល និងសោកស្តាយឥតគណនា ដែលកម្ពុជា បានបាត់បង់ព្រះមហាវីរក្សត្រ ដ៏ឆ្នើមបំផុត។ ទោះបីព្រះអង្គ បានសោយទីវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំងប្រទេស នៅចងចាំចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម បំផុតរបស់ព្រះអង្គ ។ពេញមួយព្រះជន្មាយុរបស់ សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង គឺព្រះអង្គបានបូជា និងបំពេញនូវកាតព្វកិច្ចជាព្រះប្រមុខរដ្ឋ និង ជា ព្រះមហាក្សត្រ ដែលបាននាំមកនូវ ម្លប់សុខសន្តិភាពដល់ ប្រទេសជាតិទាំងមូល ។ប្រជារាស្រ្តទូទាំងប្រទេស ចងចាំគ្មានថ្ងៃបំភ្លេចបាន ចំពោះស្នាព្រះហស្ថ ព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពីបារាំងនៅ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជា ងើបមុខមាត់រីកចម្រើន ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ ។
ប្រជាពលរដ្ឋទូទាំងប្រទេស សូមសម្តែងនូវការគោរពដឹងគុណ ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋិ ដែលព្រះអង្គបានលះបង់។ នៅក្នុងថ្ងៃគម្រប់ខួបទី៥នៃថ្ងៃដែលព្រះអង្គចូលទីវង្គត សូមក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋិ សូមបានយាងទៅសោយសុខ នៅឋានសួគ៌ា និងសូមកម្ពុជា ទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្ត៕ដោយ៖( ព្រះវិហារ ).