ខេត្តស្ទឹងត្រែងៈ ដោយមានការសហការគ្នារវៀងកម្លាំងស្នងការដ្ឋាននគរបានខេត្ត ស្ទឹងត្រែង និង កម្លាំងអធិការដ្ឋានគរបាលស្រុក សៀមប៉ាងបានបន្តការស្រាវជ្រាវវែកមុខរកឃាតករសម្លាប់ក្មេងប្រុស អាយុ៤ឆ្នាំ ដែលគេយកទៅបោះចោលនៅក្នុងទឹកស្រះ ដោយមានការសង្ស័យខាងសមត្ថកិច្ចរបស់ស្នងការខេត្ត បានហៅប្តីប្រពន្ធ២នាក់ មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែង រួចក៏បានធ្វើការឃាត់ខ្លួនទាំង២នាក់ប្តីប្រពន្ធនេះតែម្តង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ក្មេងប្រុស ដែលត្រូវបានឃាតករសម្លាប់នោះត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៧ នៅត្រង់ចំណុចទួលវែង ស្ថិតនៅក្នុងភូមិពងគ្រៀល ឃុំ ព្រែកមាស ស្រុក សៀមប៉ាង ខេត្ត ស្ទឹងត្រែង។លោកវរៈសេនីយ៍ទោ ដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់
ប្តីប្រពន្ធ មានឈ្មោះ មី នួន ភេទស្រី អាយុ៣៣ឆ្នាំ (ជនដៃដល់) និងប្តីមានឈ្មោះ សាន សូម ភេទប្រុស អាយុ៧១ឆ្នាំ (អ្នកផ្សំគំនិត) ចំណែកក្មេងប្រុសដែលរងគ្រោះស្លាប់បាត់បង់ជីវិតខាងលើនោះមានឈ្មោះ ម៉ៅ តយ ភេទប្រុស អាយុ៤ឆ្នាំ ។ហើយជនរងគ្រោះនិងជនសង្ស័យមានទីលំនៅក្នុងភូមិពងគ្រៀល ឃុំព្រែកមាស ស្រុក សៀមប៉ាង ខេត្ត ស្ទឹងត្រែង។ នៅល្ងាចកើតហេតុម្តាយជនរងគ្រោះបានបាត់កូន ដោយក្រុមគ្រួសារព្រមទាំងម្តាយមីងបាននាំគ្នាដើររកសព្វទីកន្លែង ប៉ុន្តែរកមិនឃើញនោះទេ លុះដល់ព្រឹកស្អែកនៅថ្ងៃទី១៥ ខែតុលា ម្តាយមីងបានទៅរក នៅស្រះទឹកក៏បានប្រទះឃើញការ៉ុងមួយគេបានចងមាត់ជិតអណ្តែតក្នុងទឹកដោយមានការសង្ស័យក៏បានកាយយកមកមើល ហើយក៏បានឃើញក្មួយប្រុសនៅក្នុងការុងនោះ ក៍បានមានការភ្ញាក់ផ្អើលរួចហើយក៏បានរាយការណ៍ទៅដល់សមត្ថកិច្ចឱ្យចុះមកពិនិត្យមើលធ្វើកោសល្យវិច្ច័យដោយរកឃើញ និង បានធ្វើការសនិដ្ឋានថា ក្មេងប្រុសរងគ្រោះនោះ ត្រូវបានគេវាយឱ្យសន្លប់ ហើយច្រកការ៉ុងយកទៅបោះចូលក្នុងទឹកស្រះបំណងបំបាត់ដាន។ លោកបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចរបស់យើងបានចុះស្រាវជ្រាវនៅចំណុចកើតហេតុ និង មានសាក្សីនិយាយថា នៅថ្ងៃកើតហេតុ គាត់បានឃើញក្មេង២នាក់រួម និងកូនគាត់ម្នាក់កំពុងវ៉ៃគ្នាលេងនៅទីនោះ ហើយគាត់ក៏បានហៅកូនគាត់មកផ្ទះវិញនៅសល់តែកូនជនសង្ស័យ និង កូនក្មេងដែលរងគ្រោះខាងលើ ហើយបានឃើញជនសង្ស័យ ហៅកូនមកផ្ទះដែរ ហើយក្មេងរងគ្រោះបានកាន់រំពាត់ដើរតាមកូនជន
សង្ស័យ ពីក្រោយតែមិនដឹងថាគេបានវ៉ៃដែរឬក៏អត់នោះទេទើបបណ្តាលឲ្យជនរងគ្រោះឈានដល់ស្លាប់់បាត់បង់ជីវិត។លោកបានបញ្ជាក់ថា បន្ទាប់ពីអធិការស្រុក សៀមប៉ាង បើកការស្រាវជ្រាវអស់ពេលមួយថ្ងៃមួយយប់ និង មានសាក្សីបញ្ជាក់រួចមក លោក អធិការស្រុក នឹង ជំនាញក៍បានបញ្ចូនជនសង្ស័យ២នាក់ប្តីប្រពន្ធមកស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែង ធ្វើការសាកសួរបន្ត។ ដោយជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចជំនាញថាខ្លួនបានប្រើហឹង្សាទៅលើក្មេងនោះពិតប្រាកដមែនដោយសារខឹងនឹងក្មេងរងគ្រោះនោះខ្លាំងពេក ដែលវាយកូនរបស់ខ្លួន តែមិនបានសម្លាប់និងច្រកការ៉ុង យកទៅបោះចូលក្នុងទឹកស្រះនោះឡើយ។តាមការសនិដ្ឋានរបស់សមត្ថកិច្ចជំនាញថា នេះជាចម្លើយដោះសារតែប៉ុណ្ណោះ ព្រោះជនសង្ស័យអាចប្រើអំពើហឹង្សាទៅលើក្មេងរងគ្រោះ ធ្វើឱ្យសន្លប់រួចមានការភ័យខ្លាច ទើបយកក្មេងនោះជ្រកការ៉ុងទាំងមិនទាន់ស្លាប់យកទៅបោះចោលចូលក្នុងទឹកស្រះដើម្បីបំបិតដាន ទើបសមត្ថកិច្ចឈានដល់ឃាត់ខ្លួនជនសង្ស័យពីរអ្នកប្តីប្រពន្ធនេះតែម្តង នឹងកសាងសំណំរឿងបញ្ចូនខ្លួនទៅសាលាតំបូងចាត់ការបន្ត។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធដែលជាប់ពាក់ព័ន្ធក្នុងករណីសម្លាប់ក្មេងប្រុសខាងលើនោះ សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការបន្តនៅព្រឹកថ្ងៃទី១៨ ខែតុលា នៅថ្ងៃនេះហើយ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ដោយ៖( រំដូលស្ទឹងត្រែង ).