ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍ឱ្យដឹង នៅព្រឹកថ្ងៃទី០៥ មករា នេះថា កម្លាំងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីងវេរលុយយីហោ «ចំរើន សុម៉ាលី» ដែលជាប់សង្ស័យពីបទ «ឆបោក» ប្រាក់អស់រាប់លានបាតពីអតិថិជនរបស់ខ្លួន ស្ថិតនៅស្រុកមោងប្ញស្សី ដើម្បីសាកសួរដំណើររឿងសារជាថ្មី ។
បើតាមសេចក្ដីរាយការណ៍ថា ការសម្រេចនាំខ្លួនស្ត្រីខាងលើនេះ មកសាកសួរនាំជាថ្មីនៅពេលនេះ គឺធ្វើឡើងតាមបទបញ្ជារបស់ស្ថាប័នអយ្យការអមសាលាបំបូងខេត្ត និងបន្ទាប់ពីមានប្រជាពលរដ្ឋដែលរងគ្រោះជាច្រើននាក់ បានសម្រុកទៅពាក្យបណ្ដឹងប្រឆាំងនឹងលោកចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ដែលបានដោះលែងស្ត្រីឈ្មោះជា សុម៉ាលី (ដែលជាប់សង្ស័យ) ដោយមិនទាន់បានសម្របសម្រួលជាមួយម្ចាស់លុយរាប់សិបនាក់នោះ ។
ស្ត្រីឈ្មោះជា សុម៉ាលី មានអាយុ៣២ឆ្នាំ ជាម្ចាស់ទីតាំងវីងវេរលុយដ៏ធំមួយ នៅក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ត្រូវអតិថិជនរបស់ខ្លួនរាប់សិបនាក់ បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា ប្រើល្បិចបោកប្រាក់សរុបរាប់លានបាត ដែលកូនចៅពួកគាត់ធ្វើការនៅប្រទេសថៃ ផ្ញើមកឱ្យយជារៀងរាល់ខែនោះ ហើយស្ត្រីរូបនេះត្រូវព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០២ មករា កន្លងមក ។
លុះដល់ថ្ងៃទី០៤ មករា ក្រោយពីបញ្ជូនដល់តុលាការ និងក្រោយពីសួរនាំ ក៏ត្រូវលោកចៅក្រមស៊ើសួរម្នាក់ បែរជាដោះលែងវិញ ដោយអះអាងថា ដាក់ឱ្យស្ថិតក្រោមការត្រូតពិនិត្យរបស់តុលាការ ។ ប៉ុន្តែការដោះលែងនេះបានធ្វើឱ្យដើមបណ្ដឹងផ្ទុះប្រតិកម្មយ៉ាងខ្លាំង ។
បើតាមប្រភពដដែលបញ្ជាក់ថា នៅពេលនេះ សមត្ថកិច្ចបានព្យាយាមហៅស្ត្រីឈ្មោះជា សុម៉ាលី នេះមកសួរនាំជាថ្មី តែស្ត្រីរូបនេះមិនព្រមចេញពីផ្ទះឡើយ ខណ:មានប្រជាពលរដ្ឋដែលជាម្ចាស់លុយរាប់សិបនាក់ កំពុងកញ្ជ្រោលនៅខាងមុខផ្ទះវីងវេរលុយនោះ។
បើតាមប្រភពបានបញ្ជាក់ទៀតថា ការព្យាយាមនាំខ្លួនស្ត្រីរូបនេះមកសួរនាំឡើងវិញ គឺបន្ទាប់ពីមានការអន្តរាគមន៏ពីថ្នាក់កំពូលៗផងដែរ ។ គិតត្រឹមវេលាម៉ោង១២ និង៤៤នាទីថ្ងៃដដែល ស្ត្រីខាងលើនៅតែមិនព្រមចេញពីក្នុងផ្ទះ ដោយបានដាក់គន្លឹះពីក្នុងអត់ឱ្យអ្នកណាចូលទៅចាប់គាត់បានទេ ។ ដូច្នេះ សមត្ថកិច្ចត្រូវរង់ចាំដីកាពីព្រះរាជអាជ្ញា ដើម្បីចាត់ការតាមនីតិវិធី ៕