ភ្នំពេញៈ ម៉ូតូឡាំប៉ាតា ឬម៉ូតូតាក់ស៊ីម៉ែត្រ ជាច្រើនគ្រឿង ដែលគ្មានស្លាកលេខត្រឹមត្រូវ ត្រូវបានកងកម្លាំងនគរបាលក្រុងភ្នំពេញ ប្រើវិធានការក្ដៅៗចុះចាប់ភ្លាមៗតែម្ដង។ កម្លាំងសមត្ថកិច្ចនគរបាលតាមប៉ុស្ដិ៍រដ្ឋបាលនីមួយៗនៅតាមមូលដ្ឋានត្រូវបានបញ្ជាឲ្យតាមឃ្លាំមើលនិងចាប់ម៉ូតូឡាំប៉ាតាទាំងនេះ តាំងពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២១០៧នេះ។បើតាមលោកស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការចាប់ម៉ូតូឡាំប៉ាតាទាំងនេះ គឺធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង ក្នុងការទប់ស្កាត់បទល្មើស និងរឹតបន្តឹងការអនុវត្តច្បាប់នៅក្នុងរាជធានីភ្នំពេញ។ បន្ថែមពីលើបទបញ្ជានេះ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាឲ្យអធិការនគរបាលទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញបន្តបញ្ជាទៅនាយនគរបាលប៉ុស្ដិ៍ទាំងអស់នៅក្នុងក្រុង រឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀត។បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចប្រើធម៌ក្ដៅភ្លាមៗ ក្រុមម្ចាស់ម៉ូតូឡាំប៉ាតាមួយចំនួន ក៏បានប្រតិកម្មធ្វើការតវ៉ានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះផងដែរ។ ពួកគាត់ម្នាក់ៗ បានលើកឡើងថា បើសិនជាការអនុវត្តន៍ច្បាប់ ចុះហេតុអ្វីមិនចាប់ទាំងរ៉ឺម៉កម៉ូតូកង់បីផ្សេងទៀត ដែលអត់ស្លាកលេខដូចគ្នា។ទោះជាយ៉ាងណាក៏ដោយ ពួកគាត់បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយស្នើឲ្យអាជ្ញាធរដោះលែងពួកគាត់ជាមុន និងធ្វើកិច្ចសន្យា ដើម្បីទៅធ្វើស្លាកលេខឲ្យបានត្រឹមត្រូវ។ ពួកគាត់ក៏ស្នើឲ្យសមត្ថកិច្ចអនុវត្តន៍ច្បាប់ឲ្យស្មើភាពផងដែរ ពោល គឺត្រូវចាប់គ្រប់
យានយន្ត ដែលកំពុងចរាចរនៅលើដងផ្លូវសាធារណៈ ដោយគ្មានស្លាកលេខ ឬខុសច្បាប់។
ក្នុងករណីនេះដែល ស្នងការនគរបាលក្រុងភ្នំពេញ បានប្រតិកម្មចំពោះការលើកឡើងរបស់ម្ចាស់ឡាំប៉ាតាទាំងនោះ ដោយលោកបានបអះអាងថា សមត្ថកិច្ចអនុវត្តន៍ច្បាប់ដោយស្មើៗគ្នា មិនមានការរើសរអើងឡើយ ហើយការអនុវត្តន៍ច្បាប់ចរាចរនេះ បានធ្វើឡើងយូរមកហើយ។ លោកក៏បានទទួលស្គាល់ថា កន្លងមក កម្លាំងសមត្ថកិច្ចរបស់លោកពិតជាឆកល្វែងក្នុងការអនុវត្តច្បាប់ចរាចរមែន។ទោះជាបែបណាក៏ដោយ លោកស្នងការបាន បញ្ជាក់ហើយថា គ្មានការដោះលែងម៉ូតូឡាំប៉ាតាទាំងនោះទេ បើទោះជាមានប្រតិកម្ម ឬការតវ៉ា
ក៏ដោយ ប្រសិនបើម្ចាស់ឡាំប៉ាតាគ្មានឯកសារត្រឹមត្រូវ ពោល គឺពួកគេតម្រូវឲ្យចុះបញ្ជីស្នើសុំធ្វើស្លាកលេខឲ្យចប់សព្វគ្រប់សិនជាមុនសិន ទើបអាចអនុញ្ញាតឲ្យពួកគាត់យកត្រឡប់ទៅវិញ ឬធ្វើចរាចរលើដងផ្លូវ៕ដោយ៖(យាយដូនពេញ).
0
ប៉ូលីស ចុះចាប់ម៉ូតូតាក់ស៊ីម៉ែត្រ ឬឡាំប៉ាតា អត់ស្លាកលេខ ជាច្រើនគ្រឿងទៅតាមបទបញ្ជារបស់អាជ្ញាធរក្រុងភ្នំពេញ
Filed in: សង្គម