ខេត្តបន្ទាយមានជ័យៈ ការជញ្ជូនដឹកគោ ក្របីនិងទំនិញចេញពីប្រទេសថៃឆ្លងតាមច្រក អូរបីជាន់នេះត្រូវបានគេដឹងថាគឺជាសែស្រឡាយ របស់លោកឧត្តមសេនីយ៍ម្នាក់នៅក្រុងភ្នំពេញគ្មានអ្នកណាហ៊ានប៉ះពាល់ទាំងច្រក អូរបីជាន់ និង ទីតាំងកុងត្រូលជជុះជាច្រើនកន្លែងទៀត សូម្បីតែខាងជំនាញពេទ្យសត្វ ក៏មិនបានទទួលខុសត្រូវ ពិនិត្យលើសុខភាពសត្វនាំចូលឡើយ ព្រោះខ្លាចរលាកដៃនូវឥទ្ធិពលអំណាច លោកឧត្តមសេនីយ៍ ។សកម្មភាពឈ្មួញនាំចូលសត្វគោក្របី និង មាន់តាមច្រកអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ មានទ្រង់ទ្រាយធំ និង សម្រុកយ៉ាងខ្លាំងប្លែកពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលជាច្រកស្របច្បាប់ទៅទៀត។
តាមតួលេខដែលគេទទួលបានក្នុងមួយថ្ងៃចំពោះរថយន្តដឹកមាន់រស់ទាំងឡានតូច និងឡានធំយ៉ាងតិច៤៥គ្រឿង ក្នុងនោះចំណោម៤៥គ្រឿងដឹកមាន់ មានត្រឹម១គ្រឿង ទៅ ២គ្រឿងប៉ុណ្ណោះដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្រៅពីនោះលោតឆ័ត្រសឹង៩០%ទៅហើយ។ ចំពោះរថយន្តដឹកមាន់ មានទាំងឡានតូច និង រថយន្តយីឌុបកង់១០ ។ ក្នុងមួយថ្ងៃមិនតិចជាង៤៥គ្រឿង ទោះជាមានច្បាប់ ឬ គ្មានច្បាប់ ក្នុងនោះក៏គេសន្មត់ថាមានច្បាប់ត្រឹមតែ១ភាគរយ រាល់ការជញ្ជូនមាន់តែងប្រឈម ទៅនឹងការគំរាមកំហែង តម្រូវឲ្យបង់ប្រាក់ ពីសមត្ថកិច្ចតាម កុងត្រូលជជុះជាច្រើនស្ថាប័នដូចជា ១ ៖កម្លាំងនគរបាលសេដ្ឋកិច្ច ខេត្ត បន្ទាយមានជ័យឲ្យឈ្មួញបង់លុយក្នុង១ឡានយ៉ាងតិច៣០ ម៉ឺនរៀល ចំពោះឡានដឹកមាន់អត់ច្បាប់ តម្លៃ២០ម៉ឺនរៀល សម្រាប់ដឹកមាន់មានច្បាប់។ ២៖ គយចល័តនៅសាលាក្រហម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាខាគយនិង រដ្ឋាករ ខេត្ត បន្ទាយមានជ័យ ក៏ឆ្ងាញ់នឹងប្រមែលប្រមូលពីឡានដឹកមាន់តម្លៃខ្ពស់ជាងគេក្នុងនោះឡាន់ដឹកមាន់អត់ច្បាប់ចូលបង់១ឡាន៥០ម៉ឺនរៀល បើមានច្បាប់ចំនួន៣០ម៉ឺនរៀល ។ ៣៖ ខាងជំនាញពេទ្យសត្វ ក្រោមការគ្រប់គ្រងរបស់ លោក ហ៊ុយ ទូច តម្រូវឲ្យឈ្មួញដឹកមាន់អត់ច្បាប់បង់១ឡាន៤០ម៉ឺនរៀល មានច្បាប់៣០ម៉ឺនរៀល និងទី៤៖ ខាងមន្ត្រីសាលខា ខេត្តបន្ទាយ មានជ័យ ក៏មានវត្តមានចាំយកលុយពីឡានដឹកមាន់ ដោយមិនគិតថាមានច្បាប់ ឬអត់ច្បាប់ គឺ១ឡានបង់ចំនួន២០ម៉ឺនរៀល ដូច្នេះចំណូលរបស់អ្នកគ្រប់គ្រងច្រកអូរបីជាន់ ដោយកម្លាំងយោធារបស់យុទ្ធភូមិភាគទី៥ ក៏ដូចជាក្រុមកុងត្រូលជជុះចំនួន៤ស្ថាប័ននេះ បានប្រមូលលុយពីសកម្មភាព ដឹកជញ្ជូនមាន់ខុសច្បាប់ ពីប្រទេសថៃបានយ៉ាងច្រើនក្នុងមួយថ្ងៃៗ ខណៈក្នុងមួយ ថ្ងៃមានឡានដឹកមាន់មិនតិចជាង៤៥គ្រឿងនោះឡើយ។លោក ហ៊ុយ ទូច ដែលជាមេពេទ្យសត្វកំពូលខាងកោសរូសបន្ថែមទារលុយពីក្រុមឈ្មួញដឹកមាន់ទាំងខុសច្បាប់មានច្បាប់ ដឹងតែមួយឡាន១០០ដុល្លាហើយទម្លាប់នេះ គាត់ធ្វើបានជោគជ័យរហូតមកទល់បច្ចុប្បន្នសព្វថ្ងៃនេះ ។ បញ្ហានេះគួរតែអាជ្ញាធរខេត្តបន្ទាយមានជ័យ មានវិធានការលុបបំបាត់តាមប្រកាសរបស់ក្រសួងមហាផ្ទៃ មិនត្រូវឲ្យទំនិញហូរចូលគ្មានពន្ធ និងសត្វគ្មានសុខភាពដ៏គគ្រឹកគគ្រេងបែបនេះទេ ក្នុងនោះសូម្បីតែមន្ត្រីសាលាខេត្តនៅច្រកអូរបីជាន់ ក៏មានភារកិច្ចចាំរាប់ក្បាលឡានដឹក
មាន់យកលុយផងដែរក្នុងមួយគ្រឿង២០ម៉ឺនរៀល។គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (ចំប៉ាប៉ោយប៉ែត)