ខេត្តរតនគីរីៈរយៈពេលប្រមាណ២សប្ដាហ៍ កន្លងទៅនេះឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ ដឹកឈើចំណុះរាប់សិបម៉ែត្រគូបចេញទៅស្រុកយួនតាមច្រក ទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង ហើយក្នុងនោះមេការ របស់ឧកញ៉ា ទ្រី ភាព ឈ្មោះ
លោក សាល ក៏ធ្វើសកម្មភាពដឹកជញ្ជូន ឈើយ៉ាងពេញបន្ទុកដែរ។ នៅលើផ្លូវជាតិលេខ៧៨ពីក្រុងបានលុង ទៅដល់ ច្រក ទ្វារអន្តរ ជាតិអូរយ៉ាដាវយមានប៉ុស្ដិ៍ត្រួតពិនិត្យ របស់មន្ត្រីជំនាញនិងសមត្ថកិច្ចជាច្រើនស្ថាប័ន ក៏ប៉ុន្តែគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួននោះទេ។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងបរិស្ថាននិងថ្នាក់ដឹកនាំក្រសួងកសិកម្ម គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះព្រៃឈើដែលនៅសេសសល់ក្នុងខេត្តរតនគិរី នៅតែប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ ហើយសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រកព្រំដែន ច្រករបៀងក្នុងស្រុកអណ្ដូងមាសនៅតែកើតឡើងយ៉ាងគំហុក។ប្រជាសហគមន៍ការពារព្រៃឈើតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថាបទល្មើសកាប់ឈើក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ក៏ដូចជាព្រៃសហគមន៍និងព្រៃការពារ នៅតែកើតឡើងយ៉ាងរាលដាល ព្រោះ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាបបទល្មើសនោះទេ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី០២រហូតដល់ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ រថយន្តយីឌុបភ្លៅ៦ ពាក់ស្លាកលេខ3A-1393 បានដឹកឈើប្រណីតលើសទម្ងន់ឡើងចំណោតទៅមុខលែងរួចនៅចំណុចភូមិកំផ្លិញ ឃុំល្បាំងមួយ ស្រុកលំផាត់ ខេត្តរតនគិរី។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំល្បាំងមួយ ស្រុកលំផាត់ បានឲ្យដឹងថាពេលរថយន្តយីឌុបដឹកឈើនោះឡើងចំណោតមិនរួចគឺមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មួយក្រុមមកអើតឡឺមមួយភ្លែតក៏វិលត្រឡប់ទៅវិញអស់បាត់ស្រមោលស្ងាត់ដូចចោរលួចសេះ។ បើតាមសមត្ថកិច្ចក្នុងមូលដ្ឋានដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា រថយន្តដឹកឈើដ៏ធំនោះផ្ទុកឈើប្រណីតប្រមាណជាង៤៥ម៉ែត្រគូប ហើយដឹកចេញ
ពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ ឆ្ពោះទៅឆ្លងកាត់ក្រុងបានលុង ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ ឈ្មួញម្ចាស់រថយន្តដឹកឈើនោះត្រូវបានគេដឹងថា ជាអ្នកមានឥទ្ធិពលធំជាងអភិបាលខេត្តរតនគិរី និងមេរដ្ឋបាលព្រៃឈើខេត្តរតនគិរី ហេតុនេះហើយទើបមន្ត្រីអាជ្ញាធរខេត្តរតនគិរី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានចាត់វិធានការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ឡើយ។ពាក់ព័ន្ធករណីខាងលើនេះ លោក សាល ទូរស័ព្ទចូល តែគ្មានអ្នកលើក។ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕នៅមានបន្តភាគ( ដោយ៖សម្រស់យក្ខឡោម).