កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃនេះបានជំរុញឲ្យមន្រ្តីជំនាញមូលដ្ឋានខេត្ត កំពង់ស្ពឺបង្កើនសកម្មភាព ប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ កាន់កាប់អចលនទ្រព្យ។លោក វ៉ី សំណាង បានប្រកាសបែបនេះត្រូវនឹងថ្ងៃព្រហស្បតិ៍ ៤ កើត ខែ បុស្ស នព្វស័ក ព.ស ២៥៦១ត្រូវថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តការប្រមូលពន្ធប្រថាប់ត្រាផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីនៅអាជ្ញាធរដែនដីរដ្ឋបាលថ្នាក់ ក្រោមជាតិ ធ្វើឡើងនៅសាលប្រជុំដំរីសសង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។លោក វ៉ី សំណាង បានបន្តថាការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីផ្សព្វផ្សាយនូវបទបញ្ញត្តិស្តីពីសារពើពន្ធនិងលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចនទ្រព្យនិងការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូនព្រមទាំងកិច្ចដំណើរការនិងយន្តការប្រមូលពន្ធសំដៅ ជំរុញឲ្យមានការគាំទ្រពង្រឹងកិច្ចសហ
ការឲ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរសំដៅបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធនិងផ្តល់សេវាជូនប្រជាពលរដ្ឋដែលជាកម្មសិទ្ធិករឬអ្នកកាន់កាប់អចលនទ្រព្យនិងកម្មសិទ្ធិករមធ្យោបាយដឹកជញ្ជូន ឲ្យកាន់តែប្រសើរឡើង។លោក ជិនគឹមស្រេងប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋានពិសេសថ្នាក់ក្រុង-ខណ្ឌ ខេត្ត-ស្រុកឃុំ-សង្កាត់ ជួយយកចិត្ត ទុកដាក់ក្នុងការពង្រឹង កិច្ចសហការជាមួយសាខាពន្ធដារខេត្តក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ជំរុញការប្រមូលពន្ធមួយចំនួន ដែលពាក់ព័ន្ធការប្រមូលពន្ធប្រថាប់ត្រាមានពន្ធលើដីធ្លីមិនប្រើប្រាស់ និងពន្ធលើអចលនទ្រព្យដែលពន្ធទាំងពីរនេះមានសក្តានុពលច្រើនហើយជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ៕(រំដួលច្បារមន).