ខេត្តកោះកុង ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិងរិះគន់យ៉ាងខ្លាំង ចំពោះសមត្ដកិច្ចទាំងពីរប្រភេទក្នុងខេត្តកោះកុង ដែលបើកបនល្បែងខុសច្បាប់មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលខណៈនេះមានអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹគគគ្រេង ។
បនល្បែងដ៏ធំ និង ល្បីឈ្មោះបោះសំលេងពេញអាណាចក្រ កោះកុង នោះស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំងាយប្រមាណ ១km ពីច្រកទ្វារអន្តរជាតិចាំយាម ហើយបនល្បែងនេះត្រូវបានជួលដីសួនសត្វរបស់ក្រុមហ៊ុន LYP ធ្វើជាទីតាំង ស្ថិតនៅខាងកើតក្រៅរបងកាស៊ីណូកោះកុងរីសត ប្រមាណ700m ។
តាមសេចក្តីរាយការណ៍បានប្រាប់ថាឲ្យដឹងថា ដោយសារតែការជួលដីពីក្រុមហ៊ុន LYP ជាម្ចាស់កាស៊ីណូនេះហើយ ទើបធ្វើអោយម្ចាស់បនល្បែង អួតក្អេងក្អាងថាបនល្បែង របស់ខ្លួនមានច្បាប់ ស្របពេលដែលក្រុមហ៊ុនLYP បានស្នើសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីបន្ថែម ល្បែងភ្នាល់គ្រប់ប្រភេទ នៅក្នុងទីតាំងកាស៊ីណូរបស់ខ្លួនចំនួន២ កន្លែង គឺកាស៊ីណូកោះកុង និង កាស៊ីណូអូរស្មាច់ ហើយត្រូវបានការអនុញ្ញាត្តកាលពីថ្ងៃទី ១៥ខែកញ្ញា ឆ្នាំ ២០១៥ដែលលិខិតនេះត្រូវបានក្រុមអ្នកច្បាប់និយាយថា មិនមែនជាលិខិតអនុញ្ញាត្តអោយបនល្បែង ជល់មាន់ យូគី និង អាប៉ោង ដែលស្ថិតនៅក្រៅរបងកាស៊ីណូ ខាងលើនេះឡើយ ។
ប្រភពដែលស្និទ្ឋនិងបនល្បែងខាងលើបានទម្លាយប្រាប់ រឿងអាស្រូវពាក់ព័ន្ឋបនល្បែងនេះថា បនល្បែងពាលា អាវ៉ាសែ និង អាណាធិបតេយ្យ ខាងលើនេះ មាន 2 ភាគហ៊ុនដែល។ប្រភពពីប្រជាពលរដ្ឋបាននាំគ្នានិយាយតាមតុកាហ្វេថា បនល្បែងស៊ីសងដ៏ធំមួយនេះប្រហែលជាមានខ្នងបង្អែកធំៗ ប៉ុនៗខ្សែកាប ឬ ភ្នំព្រះសុម៉ែក៏មិនដឹងនេះយោងតាមប្រជាពលរដ្ឋរស់នៅខេត្តកោះកុង។តែបើប្រភពពីអ្នកញៀនល្បែងវិញបានព្រលយមាត់ថា បនល្បែងស៊ីសងក្រៅរបងកាស៊ីណូរលូនបែបនេះ គឺមកពីម្ចាស់បនល្បែង ដាក់មន្តអាគមអូមអាមបញ្ចុះសារិការស្នេហ៍មុខស្នេហ៍ក្រោយ ឬ គ្រលីងគ្រលោងថែមទៀតផងក៏មិនដឹង ពីព្រោះអីសមត្ថកិច្ចហាក់បីដូចជាមានភាពព្រងើយកន្តើយ។ថ្មីនេះ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី្តរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃបានក្រើនរលឹកដល់កងកំលាំគ្រប់ប្រភេទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលកំពុងគ្រប់គ្រងត្រូវតែលុបបមបាត់រាល់ភាពអសកម្ម ជាពិសេសល្បែងស៊ីសងគ្រប់ប្រភេទ តែទៅវិញ នៅខេត្តកោះកុងហាក់បីដូចជាមិនស្តាប់អនុសាសន៍របស់ថ្នាក់ដឹកនាំសោះ៕ដោយ អ្នកស្រី៖ គន្ឋី