គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រជាពលរដ្ឋ ៨២នាក់ស្នើសុំអន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ធំរឿងលោក ឈឿង គុណ ផ្នែកព្រៃឈើស្ទោង កាប់បំផ្លាញចោលដំណាំចន្ទី របស់ពួកគាត់អស់ជាង ៣០ ហិចតា

ប្រជាពលរដ្ឋ ៨២នាក់ស្នើសុំអន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ធំរឿងលោក ឈឿង គុណ  ផ្នែកព្រៃឈើស្ទោង កាប់បំផ្លាញចោលដំណាំចន្ទី របស់ពួកគាត់អស់ជាង ៣០ ហិចតា

កំពង់ធំ ៖ ប្រជាពលរដ្ឋរស់នៅភូមិ គគីរ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ភាគច្រើន ជាពលរដ្ឋជនជាតិដើមភាគតិចគួយ
កំពុងទន្ទឹងរង់ចាំអន្តរាគមន៍ពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីបញ្ឈប់សកម្មភាពរបស់លោក
ឈឿង គុណ ផ្នែករដ្ឋបាលព្រៃឈើស្ទោង និង លោក ភោគ ច័ន្ទត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ពីរឿងទៅ
កាប់បំផ្លាញចោលដំណាំស្វាយចន្ទីរបស់ពួកគាត់ជាង ៣០ ហិចតាដែលដាំនៅក្នុងចំការដំឡូងធ្លាប់អាស្រ័យផលជាង១០ឆ្នាំមកហើយ ។
ជាក់ស្តែងសកម្មភាពរបស់លោក ភោគ ច័ន្ទត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានចុះទៅកាប់ចោលដើម ស្វាយចន្ទី
ដែលដាំនៅក្នុងចំការដំឡូងរបស់ធ្លាប់អាស្រ័យផលជាង ១០ឆ្នាំ មកហើយ ។ បានចុះទៅកាប់លើកទី 1 នៅថ្ងៃ12/9/2018នឹងលើកទី
2 ថ្ងៃទី 7 /11 /2018 ។លោក យ៉ុង រុន អាយុ ៤០ឆ្នាំ ជាតំណាងឲ្យប្រជាពលរដ្ឋរងគ្រោះចំនួន ៨២ នាក់បានបញ្ជាក់ថាដំណាំស្វាយចន្ទី ដែលពួកគាត់បានដាំដុះជាង៣០ហិចតា នៅភូមិ គគីរ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្ត កំពង់ធំ ។ រូបលោកក៏មិនបានដឹងពីមូលហេតុដែលលោកមេព្រៃចុះមកកាប់បំផ្លាញចោលយ៉ាងដូច្នេះដែរ ។លោកបន្តថា ដំណាំកសិកម្មដែលនឹងជិតហុចផលទៅហើយ តែមេព្រៃមកបំផ្លាញចោលគឺជាកន្លែងដែលពួកគាត់ធ្លាប់បានបង្កបង្កើនផលមានប្លង់ទទួលស្គាល់ ពីអាជ្ញាធរភូមិឃុំត្រឹមត្រូវ តាំងតែពីមុនយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីរបស់រដ្ឋាភិបាលមកម្ល៉េះ ។ តែមេព្រៃ គឺលោក ឈឿង គុណ និង លោក ភោគ ច័ន្ទត្រា នេះនៅតែចុះមកកាប់បំផ្លាញស្វាយចន្ទីចោលពីរដងមកហើយ ។ដូច្នេះរូបលោកក៏ដូចជាពលរដ្ឋរងគ្រោះទាំង ៨២នាក់កើតទុក្ខមិនសុខចិត្តដាក់ពាក្យស្នើសុំអន្តរាគមន៍ពីឯកឧត្តម អភិបាលខេត្ត កំពង់ធំ ដើម្បីឲ្យអ្នកបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋមកទូទាត់សងសំណងថ្លៃខូចខាតដំណាំរបស់់គាត់វិញ ពិសេសស្នើអាជ្ញាធរខេត្តពន្លឿនការចេញប្លង់កាន់កាប់ដីធ្លីស្របច្បាប់ឲ្យបានឆាប់រហ័សសម្រាប់ពួកគាត់ផង ។
តំណាងសហគមន៍ព្រៃឈើសាលាឆ្តោម្នាក់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ប្រជាពលរដ្ឋប្រមាណជាង ៦០គ្រួសារ ស្នើបង្កើតសហគមន៍ឡើងនៅឆ្នាំ ២០០៤ ហើយកាលនោះ មានប្រជាពលរដ្ឋបានចូលទៅរស់នៅមុនគេនិងចាប់យកមុខរបបបង្កើតឡដុតធ្យូង ។ នៅអំឡុងឆ្នាំ ២០០៧និងក្រោយឆ្នាំ ២០០៩ រហូតដល់បច្ចុប្បន្នប្រជាពលរដ្ឋទាំងនោះបាននាំគ្នាដាំដំណាំអាស្រ័យផលរហូតមក។ ក្រោយមកពួកគាត់បានលក់ដីស្រែចម្ការពីដូនតានិងនាំគ្នារស់នៅក្បែរតំបន់ព្រៃសហគមន៍ ហើយសង់លំនៅដ្ឋាននៅទីនោះជាបន្ដបន្ទាប់ ។ ពលរដ្ឋនៅតំបន់នេះភាគច្រើនជាជនជាតិដើមភាគតិចគួយ ប្រកបរបរធ្វើស្រែចម្ការដើរព្រៃ និង ដាំដំណាំផ្សេងៗដែលជាមុខរបរតាមបែបប្រពៃណីដូនតារបស់ពួកគាត់។
ប្រភពដដែលបានឲ្យដឹងទៀតថា អាជ្ញាធរធ្លាប់បានចុះស្រាវជ្រាវ និងស្វែងរកអ្នកជាប់ពាក់ព័ន្ធដោយថានៅឆ្នាំ ២០១៦ អាជ្ញាធរបានរកឃើញចំនួន៥៥គ្រួសារកំពុងរស់នៅអាស្រ័យផលតំបន់សហគមន៍ ។បើយោងតាមឯកសាររបស់តុលាការខេត្តកំពង់ធំ ចំនួនពីរច្បាប់ដែលយើងទទួលបានបង្ហាញថាកន្លងមកខាងតុលាការរកឃើញមានម្ចាស់ប្លង់កម្មសិទ្ធិស្របច្បាប់ដែលតុលាការតម្កល់ទុកមិនមានចំណាត់ការនោះទេ ព្រោះប្លង់ទាំងនោះមានការចុះហត្ថលេខាទទួលស្គាល់ ដោយមន្ទីរសុរិយោដីនិងនគរូបនីយកម្ម និងសំណង់
ខេត្តកំពង់ធំទៀតផង ។មេឃុំ សាលាវិស័យ លោក ជីន ហ៊ីន បានមានប្រសាសន៍ថា សហគមន៍សាលាឆ្ដោនេះ មានសារៈសំខាន់ខ្លាំងណាស់ដែលថាអាចផ្ដល់ជាដីដំណាំ ជួយទប់មិនឲ្យមានជំនន់ទឹកភ្លៀង បំលាស់ប្ដូរអាកាសធាតុ និង ទ្រទ្រង់ជីវភាពប្រជាជន ។លោកបន្តថា ប្រជាពលរដ្ឋនៅឆ្នាំ ២០១៧ ក្នុងឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ មានពលរដ្ឋសរុបចំនួន ២.៣៧៧នាក់ ស្មើនឹង ៣២៣គ្រួសារ ភាគច្រើនជាជនជាតិដើមភាគតិចគួយដែលប្រកបរបរដើរព្រៃកាប់អុសលក់ធ្វើស្រែនិងដាំដំណាំបង្កាផ្សេងៗ ។សហគមន៍ «សាលាឆ្តោ» មានទីតាំងស្ថិតក្នុងភូមិ គគីរ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្គ ខេត្ត កំពង់ធំ ។ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងនៅឆ្នាំ ២០០៤ និង ត្រូវបានទទួលស្គាល់នៅឆ្នាំ ២០០៩ ។ ព្រៃសហគមន៍នេះមានទំហំសរុបចំនួន ១០០៦ ហិចតា ។

បើតាមប្រភពពីមន្ដ្រីឃុំម្នាក់បានឲ្យដឹងថាតាំងពីបង្កើតឡើង រហូតដល់ពេលបច្ចុប្បន្ន គណៈកម្មាការគ្រប់គ្រងព្រៃសហគមន៍ មានចំនួន ៣ អាណត្តិ។ ប៉ុន្ដែមានប្រធានព្រៃសហគមន៍ចំនួន២រូប គឺ លោក ធួក និល និង លោក ជន ឃន ។
សូមបញ្ជាក់ថា សកម្មភាពរបស់ លោក ឈឿង គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង និង លោក ភោគ ច័ន្ទត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើ សាលាវិស័យ បានចុះទៅកាប់ចោលដើមស្វាយចន្ទី ដែលដាំនៅក្នុងចំការដំឡូងរបស់ពួកគាត់ធ្លាប់អាស្រ័យផលជាង១០ឆ្នាំ មកហើយនោះ ។ កំពុងទន្ទឹងរង់ចាំអន្តរាគមន៍ពី ឯកឧត្តម សុខ លូ អភិបាលខេត្ត កំពង់ធំ ដើម្បីជួយពួកគាត់ឲ្យរួចផុតពីការធ្វើទុក្ខបុកម្នេញ ពីសំណាក់លោកមេព្រៃខាងលើ ។អង្គភាពរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (ដំរីជាន់ខ្លា).

001 002 003 004 005 006

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |