រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ មន្រ្តីនគរបាលដៃឆៅចិត្តសាហាវឈ្មោះ ឌួង ណាគ្រី ដែល បាញ់ ប្រហារចំនួន៥គ្រាប់សំដៅទៅលើ២នាក់ប្តីប្រពន្ធ ត្រូវ បានចៅក្រមស៊ើបសួរលោក ពេជ្រ វិជ្ជាធរ សម្រេច ចេញ ដីកា ឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគាររាជធានីភ្នំពេញ(PJ) ក្រោមបទចោទប្រកាន់ចំនួន២បទល្មើសគឺ៖«ប៉ុនប៉ងឃាតកម្មនិងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត»។
យោងតាមច្បាប់ព្រហ្មទណ្ឌបទល្មើសចោទប្រកាន់ចំនួន២បទល្មើសទី១៖«ប៉ុនប៉ងឃាតកម្មប្រឈមនឹងការជាប់ពន្ធនាគារចន្លោះ១០ឆ្នាំ ទៅ១៥ឆ្នាំ។ ទី២៖ ប្រើប្រាស់អាវុធដោយ មិនមានការអនុញ្ញាតប្រឈមនឹងជាប់ពន្ធនាគារចន្លោះពី៦ខែទៅ ២ឆ្នាំ ។ តាមមាត្រា ១៩៩-បទឃាតកម្មអំពើសម្លាប់មនុស្សដោយចេតនាដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០(បទឃាតកម្មគិតទុកជាមុន)ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្មអំពើឃោរឃៅឬអំពើរំលោភសេពសន្ថវៈ)នៃក្រមនេះគឺជាឃាតកម្មឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ (ដប់) ឆ្នាំទៅ ១៥ (ដប់ប្រាំ)ឆ្នាំ»។
សូមបញ្ជាក់ថា វរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងអាការៈស្រវឹងបានបើករថយន្ដម៉ាក Lexus RX350 តាមរករឿងជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែលបើករថយន្ដម៉ាក Rang Rover តាំងពីមុខមជ្ឈមណ្ឌលរ៉ុករហូតទៅដល់ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ហើយបានចុះពីលើរថយន្ដទាញកាំភ្លើងខ្លី បាញ់ទៅលើរថយន្ដជនរងគ្រោះ ចំនួន៥គ្រាប់ជាប់ៗគ្នាកាលពី ម៉ោង១យប់ រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បណ្ដាលឲ្យខូចខាតកញ្ចក់ខាងក្រោយ។ករណីនេះមិនបានបង្កឲ្យជនរងគ្រោះទាំង ២នាក់ ប៉ះពាល់អាយុជីវិតនោះទេគ្រាន់តែស្ដ្រីជាប្រពន្ធភ័យពេក បានដួលសន្លប់ ហើយដឹកភា្លមៗទៅកាន់មន្ទីរពេទ្យ និងបានរលូតកូន៣ខៃក្នុងផ្ទៃទៀតផង។ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដោយប្តីមានឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
តាមដំណើររឿងជនបង្ក និង ជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រហូតក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅទីដែលជននេះ បាន ចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះពីក្រោយតែម្តងចំនួន៥គ្រាប់។ ក្រោយបាញ់ហើយជនបង្ករូបនេះបានបើករថយន្តគេចខ្លួនបាត់តែមួយសន្ទុះក្រោយមកបានបើករថយន្តមកកន្លែងកើតហេតុ ក៏ត្រូវកម្លាំងនគរបាលខណ្ឌ ច្បារអំពៅឃាត់ខ្លួនតែម្តង៕ ដោយ៖ ( យាយម៉ៅ).