ខេត្តក្រចេះ៖ប្រភពពីនាយទាហានក្នុងអង្គភាពវរការពារព្រំដែនលេខ២០៤ ឃុំ ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ បានឲ្យដឹងថា៖ បច្ចុប្បន្នមេឈ្មួញ គង់ ក្រឹង ដែលមានងារជាឧកញ៉ា នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រករបៀងច្រើនកន្លែងក្នុងឃុំ២ធ្នូ យ៉ាងសុខស្រួល។ ចំណែកឯ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏ដូចជាលោក លន់ សុផាត ស្នងការនគរបាលខេត្ត មានភាពស្ងៀមស្ងាត់ទុកឲ្យមេឈ្មួញ គង់ ក្រឹង ធ្វើអ្វីៗតាមអំពើចិត្តរបស់។ រីឯទៀតលោក ទ្រី សុភ័ក្ត្រ ប្រធានមន្ទីរកសិកម្មខេត្ត និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះស្ងាត់ធ្វើមិនដឹងរឿងអ្វីទាំងអស់ ក្នុងខណៈដែលមេឈ្មួញ គង់ ក្រឹង បន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរាលដាលមួយរយៈចុងក្រោយនេះ។បើតាមប្រភពពីកូនចៅរបស់ លោក មេឈ្មួញ គង់ ក្រឹង បានឲ្យដឹងថា៖ ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុង ក្រសួងការពារជាតិ ទើបមេឈ្មួញ គង់ ក្រឹង ហ៊ានបន្តសកម្មភាពប្រមូលទិញឈើចេញទៅស្រុកយួនយ៉ាងរលូនគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានក្អកជាមួយឡើយ។
សូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើដែលចុះទៅបំពេញបេសកកម្មក្នុងខេត្តក្រចេះ ក៏មិនហ៊ានប៉ះពាល់លោកមេឈ្មួញ គង់ ក្រឹង ដែលជាឧកញ៉ានោះដែរ ព្រោះដឹងថាឈ្មួញរូបខ្នងបង្អែករឹងមាំនិងមានឥទ្ធិពលខ្លាំងក្លា។ ជាពិសេសមួយរយៈពេលចុងក្រោយនេះមេឈ្មួញ គង់ ក្រឹង ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗមួយចំនួនដើម្បីពង្រឹងឥទ្ធិពលអំណាចយ៉ាងធំធេងរបស់ខ្លួន។មន្រ្តីអង្គការបាននិយាយថា៖ ចៀសមិនផុតពីវិនាសសាបសូន្យដោយសារស្នាដៃ លោក មេឈ្មួញ គង់ ក្រឹង នោះទេ។ ជាក់ស្ដែងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម បានស្ងៀមស្ងាត់ក្នុងខណៈដែលលោកមេឈ្មួញ គង់ ក្រឹង នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែន ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ៕ ដោយ៖( រំដួលក្រចេះ).