ខេត្តក្រចេះ៖ប្រភពពីពលទាហានក្នុងអង្គភាពវរការពារព្រំដែនលេខ២០៤ ឃុំ ២ធ្នូ ស្រុក ស្នួល ខេត្ត ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ គង់ ក្រឹង ដែលមានងារជាឧកញ៉ានៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រករបៀងស្ថិតនៅក្នុងភូមិវ៉េវ និង ភូមិត្រពាំងស្រែ ឃុំ២ធ្នូ យ៉ាងសុខស្រួល។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏ដូចជាលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យមេឈ្មួញ គង់ ក្រឹង ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ លើសនេះទៅទៀតលោក ទ្រី សុភ័ក្ត្រ ប្រធានមន្ទីរកសិកម្មខេត្ត ក្រចេះ និងមេរដ្ឋបាលព្រៃឈើខេត្ត ក្រចេះ សម្ងំស្ងាត់ឈឹងធ្វើមិនដឹងរឿងអ្វីទាំងអស់ ក្នុងខណៈដែលមេឈ្មួញ គង់ ក្រឹង បន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរាលដាល។បើតាមប្រភពដែលស្និទចេញពីផ្ទៃក្នុងរបស់មេឈ្មួញ គង់ ក្រឹង បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្រសួងការពារជាតិ ទើបមេឈ្មួញ គង់ ក្រឹង ហ៊ានបន្តសកម្មភាពប្រមូល ទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។មិនមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានក្អកជាមួយឡើយ។ សូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលចុះទៅបំពេញបេសកកម្មក្នុងខេត្តក្រចេះ ក៏មិនហ៊ានប៉ះពាល់មេឈ្មួញ គង់ ក្រឹងនោះដែរ ព្រោះគេដឹងថាមេឈ្មួញរូបនេះមានខ្នងបង្អែករឹងមាំនិងមានឥទ្ធិពលខ្លាំងក្លា។ ជាពិសេសមួយរយៈពេលចុងក្រោយនេះមេឈ្មួញ គង់ ក្រឹង តែងបង្ហាញចេញនូវរូបភាពដែលមានទំនាក់ទំនងជិតស្និទជាមួយមន្ត្រីជាន់ខ្ពស់ ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗមួយចំនួនដើម្បីពង្រឹងឥទ្ធិពលអំណាចយ៉ាងធំធេងរបស់ខ្លួន។
សកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ព្រៃឈើដែលនៅសេសសល់ក្នុងខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ចៀសមិនផុតពីវិនាសសាបសូន្យដោយសារស្នាដៃមេឈ្មួញ គង់ ក្រឹង នោះទេ។ ដោយហេតុថា ទោះបីមេឈ្មួញ គង់ ក្រឹង បំពានលើបទបញ្ជារបស់ សម្តេចតេជោ ហើយបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទូកក៏ដោយ ក៏គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការលើឈ្មួញរូបនេះឡើយ។ ជាក់ស្ដែងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម បានរក្សាភាពស្ងៀមស្ងាត់ ខណៈដែលមេឈ្មួញ គង់ ក្រឹង បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែន និងច្រករបៀងក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងគឃ្លើនគ្មានគូប្រៀបផ្ទឹមបានឡើយ។អង្គភាបរង់ចាមការបកស្រាយគ្របើភាគីព័ន្ធរៀងរាល់ម៉ោធ្វើការ ស្របទៅតាមច្បាប់ស្តី អំពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ ( រំដួលក្រចេះ)