ខេត្តក្រចេះ : ថ្មីៗនេះលោកគង់ក្រឹង នៅបន្តសកម្មភាពយ៉ាងសកម្ម ក្នុងស្រុកស្នួល ខេត្តក្រចេះ បានខ្សឹបប្រាប់ ឲ្យដឹងថា មានមេឈ្មួញឈើលាក់ក្រចកដ៏ធំ និងល្បីឈ្មោះប្រចាំនៅខេត្តក្រចេះ គឺ លោក គង់ ក្រឹង ជាមេបញ្ជាការរងវរៈការពារព្រំដែនលេខ២០៤ បានកំពុងតែធ្វើសកម្មភាពប្រមូលទិញឈើតាមម៉ូតូ និងរថយន្តតូចធំគ្រប់ប្រភេទយកមកស្តុកទុកនៅត្រង់ចំណុច ក្រោលគោ ខាងក្រោយបន្ទាយទាហានតែម្ដងដែលស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរៀបចំដឹកឆ្លងដែនចូលទៅលក់នៅក្នុងទឹកដីវៀតណាម។
លោក គង់ ក្រឹងអាចរកស៊ីឈើខុសច្បាប់បែបនេះដោយសារលោក មានលោក ឧត្តមសេនីយ៏ឯក ជឿន សុវណ្ណថា មេបញ្ជាការយោធភូមិភាគទី២ ជាខ្នងបង្អែកការពារជំនួញឈើខុសច្បាប់នេះតែម្តង។មន្ត្រីយោធា នៅក្នុងវរៈការពារព្រំដែនលេខ២០៤ បានខ្សឹបឲដឹងបន្តទៀតថា លោក ឧកញ៉ា គង់ ក្រឹង បន្តការងាររកស៊ីឈើខុសច្បាប់បន្តទៀត បន្ទាប់ពីផ្អាកមួយរយៈខ្លី។ ហើយពេលនេះ លោកឧកញ៉ាលាក់ក្រចករូបនេះ បានចាប់ផ្តើមចំណាយប្រាក់រាប់លានដុល្លារអាមេរិក ដើម្បីចាត់ចែងជូនមន្ត្រីថ្នាក់លើក្នុងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពោល គឺបានឃុបឃិតគ្នាជាប្រព័ន្ធជាមួយមន្ត្រីជំនាញនានា ដោយបានបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញទាំងនោះ ចាប់តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ដើម្បីខ្លួនបានទិញ បានដឹកឈើចេញទៅលក់ឲ្យឈ្មួញវៀតណាម ដែលចាំទទួលនៅព្រំដែនក្នុងស្រុកស្នួល ដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិគ្រឹះលោកឧកញ៉ារូបនេះឡើយ។
ប្រភពខាងលើ បានខ្សឹបប្រាប់ ឲដឹងបន្តទៀតថា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ មួយចំនួនបានទៅស៊ីឈ្នួលចូលព្រៃនៅព្រំដែនរវាងខេត្តក្រចេះនឹង មណ្ឌលគីរី និងស្ទឹងត្រែង រួចហើយដឹកជញ្ជូនឈើតាមម៉ូតូដូចហែកឋិនអ៊ីចឹង ទៅលក់ឲ្យឧកញ៉ា គង់ ក្រឹង ដល់ភូមិគ្រឹះចូលតាមច្រកខាងក្រោយ និងដល់បន្ទាយយោធាវរៈការពារព្រំដែនលេខ២០៤ តែម្តង ដោយពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបឡើយ បើទោះបីជាកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយលោក សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស ជាប្រធាននោះ។ ហើយកន្លងមក លោកធ្លាប់បានបញ្ជូនក្រុមការងារទៅត្រួតពិនិត្យបទល្មើសព្រៃឈើប៉ុន្តែក្រុមការងារទាំងនោះបែរជាមិនមានវិធានការចំពោះលោក ឧកញ៉ា គង់ ក្រឹង រូបនេះឡើយ។
ប្រភពខាងលើបានខ្សឹបឲ្យដឹងបន្ថែមទៀតថាក្នុងរយៈពេលថ្មីៗចុងក្រោយនេះគេតែងតែសង្កេតឃើញមានរថយន្តដឹកឈើទាំងតូចទាំងធំ គ្រប់ប្រភេទរាប់សិបគ្រឿង សម្រុកដឹកឈើខុសច្បាប់ចេញពីទឹកដីខេត្តស្ទឹងត្រែង ខេត្តក្រចេះនិងខេត្តមណ្ឌលគីរី យ៉ាងគគ្រឹកគគ្រេង ចូលច្រករបៀងមួយដែលអ្នកស្រុកហៅថា ច្រកដេបី(D3) ស្ថិតនៅក្នុងឃុំពីរធ្នូ ស្រុកស្នួល រួចឆ្លងទៅប្រទេសវៀតណាម តាមច្រករបៀងដេបីនេះតែម្តង ដែលគេដឹងថាជាច្រក របៀងកាន់កាប់ដោយ ឧកញ៉ា គង់ ក្រឹង មេឈ្មួញឈើ និងជាមេបញ្ជាការរងវរៈការពារព្រំដែនលេខ២០៤ ប្រចាំនៅតំបន់នោះ ពោល គឺជិតនឹងច្រកទ្វារទ្វេភាគីអន្ដរជាតិ វ៉ាលឺ។ចំណែក មន្ត្រីមួយចំនួនដែលមិនបានទទួលផលរមាស់ពីឧកញ៉ាឈ្មួញឈើ គង់ ក្រឹង រូបនេះ បានខ្សឹបមកប្រាប់ឲ្យដឹងផងដែរថា ថ្មីៗនេះ មេឈ្មួញរូបនេះ តែងតែបោះពាក្យសម្ដីក្អេងក្អាងប្រាប់គេឯងថា គ្មានអ្នកណាចាប់មុខរបរគាត់ឡើយ។
កាលពីពេលថ្មីៗកងន្លងមកនេះមន្ត្រីជាច្រើននៅអាណាចក្រខេត្តក្រចេះ ក៏ធ្លាប់ខ្សឹបមកប្រាប់ឲ្យដឹងដែរថានរណាៗក៏គេដឹងដែរថា ឧកញ៉ា គង់ ក្រឹង ជាមេឈ្មួញឈើល្បីឈ្មោះម្នាក់ នៅស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្នលោកបានក្លាយជាឧកញ៉ាល្បីឈ្មោះ រឿងរកស៊ីបទល្មើសព្រៃឈើ ដឹកឈើខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ដោយគ្មានមន្ត្រីណាហ៊ានក្អកជាមួយឡើយ ។សូម្បីតែលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត លោកស្នងការខេត្ត មេអាវុធហត្ថខេត្ត បានដឹង បានឃើញហើយក៏អស់លោកឆ្លើយថាអត់ដឹងដែរ។នេះដោយសារតែដុល្លាររបស់លោក គង់ គ្រឹង វាយប្រហារឡើងងងឹតភ្នែក ទាំងសមត្ថកិច្ចថ្នាក់ក្រោម ដល់ថ្នាក់លើ ។ពាក់ព័ន្ធករណីខាងលើអង្គភាពយើងបានទូរស័ព្ទទៅកាន់ លោក ឧកញ៉ា គង់ ក្រឹង សុំការពន្យល់តែទូរស័ព្ទចូលគ្មានអ្នកលើក។អង្កភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ធ្វើការ៕ដោយ៖ ( រំដួលក្រចេះ)
\