ខេត្តកំពង់ធំ៖ជនជាតិខ្មែរចំនួន០៣នាក់ និងថៃម្នាក់ រួមនឹងថ្នាំញៀនទម្ងន់៤០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃច័ន្ទ ៨រោច ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ពេលរសៀល នៅចំណុចភោជនីដ្ឋានមួយកន្លែង យីហោ«រស់ សុខខុម»នៅលើផ្លូវជាតិលេខ០៦A ស្ថិតក្នុងភូមិ សំណាក ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ក្នុងការបង្ក្រាបនេះផងដែរ ក្រោមការដឹកនាំដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ អមដំណើរដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង និងមានការចូលរួម ពីកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃផងដែរ។បើតាមលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានឲ្យដឹងបន្តទៀតថា៖ ជនសង្ស័យទាំង០៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន៖១-ឈ្មោះ គន់ វណ្ណៈ/២-ឈ្មោះ សុខ ប៊ុនសិរិឆៃ /៣-ឈ្មោះសាក់ សេងសង /៤-ឈ្មោះ លី តឹក ។
វត្ថុតាងដែលដកហូតបានរួមមាន៖គ្រឿងញៀនទម្ងន់៤០គីឡូក្រាម និងរថយន្តចំនួន០២គ្រឿងផងដែរ។ក្រោយពីបង្ក្រាបលោកព្រះរាជអាជ្ញាបានថ្លែងអះអាងថា ជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖(តាខ្មៅ).