ខេត្តកណ្តាលៈក្នុងឱកាសជួបសំណេះសំណាល និង រៀបចំអាហារជូនកុមារពិការខ្សោយសតិបញ្ញា និង អូទីស្សឹម ក្នុងខួបគម្រប់ ៧ឆ្នាំរបស់អង្គការជំនួយក្តីសង្ឃឹមសំរាប់សហគមន៍ស្ថិតនៅ ក្រុង តាខ្មៅ ខេត្ត កណ្តាល កាលពីថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៩នេះ ។
ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានលើកឡើងពីការយកចិត្តទុកខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល និង សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាល តែងតែជួយឧបត្ថម្ភគ្រប់បែបដល់ជនពិការកុមារកំព្រានៅទូទាំងប្រទេស។
ជាក់ស្តែងដូចថ្ងៃនេះ សម្តេចទាំងពីរបានជួយឧបត្ថម្ភជាសម្ភារៈ ថវិកាគ្រឿងឧបភោគ បរិភោគ តាមរយៈឯកឧត្តម និង លោកជំទាវ យកមកចែកជូននិងផ្តល់ការហូបបាយសាមគ្គីមួយពេលដល់អាណាព្យាបាលគ្រូបង្រៀននិងក្មួយៗកុមារពិការទៀតផង។បន្ទាប់មករដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញ្ញារីទ្ធ និង លោកជំទាវ បានកាត់នំខួបកំណើតចែកជូន កុមារពិការ ខ្សោយសតិបញ្ញា និង ផ្តល់សម្ភារះ និង ថវិកា ជូនដល់អង្គការជំនួយនៃក្តីសង្ឃឹមសំរាប់សហគមន៍ផងដែរ។
លោក ចាន់ សារិន ប្រធានអង្គការ ជំនួយនៃក្តីសង្ឃឹមសំរាប់សហគមន៍បានអោយដឹងថា ៖អង្គការ នេះជាអង្គការមួយ ប្រមូលផ្តុំ និង គ្រប់គ្រង កុមារកំព្រា ខ្សោយសតិបញ្ញា និង អូទីស្សឹមមានទីតាំង ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យ អនុវត្ត ក្រុង តាខ្មៅ ខេត្ត កណ្តាល។
អង្គការមួយនេះ ក្រោមការជួយឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែននិងបណ្តា សប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេសជាច្រើនទៀត។
អង្គការមួយនេះ ចាប់ដំណើរការចាប់តាំងពីឆ្នាំ២០១២ រហូតមកទល់ពេលនេះមានរយៈពេល៧ឆ្នាំហើយមានកុមារពិការ រស់នៅចិញ្ចឹមបីបាច់ថែរក្សាចំនួន១៤០នាក់ គ្រូបង្រៀន ជនពិការចំនួន៤០នាក់ និង អាណាព្យាបាល កុមារចំនួន៥០នាក់៕ដោយ៖ (តាខ្មៅ)