ខេត្តបាត់ដំបង ៖ មន្រ្តីនគរបាលម្នាក់បាញ់បោះសេរី ដែលមានតួនាទីជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិដូង ខេត្ត បាត់ដំបង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីមន្ត្រីនគរបាលរូបនេះ បានផ្ទុះអាវុធអស់ជាច្រើនគ្រាប់យ៉ាងអនាធិបតេយ្យរួចមក។ហេតុការណ៍ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្នុងតំបន់នេះ បានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩ ចំណុចភូមិ អូដាលើ ឃុំ បឹងរាំង ស្រុក កំរៀង ខេត្ត បាត់ដំបង។
នៅក្នុងហេតុការណ៍ដ៏គួរឲ្យខ្លាចនេះដែរ ត្រូវបានប្រភពមួយអះអាងថា ការផ្ទុះអាវុធដូចលាជផ្ទុះនេះ គឺបានបង្កឡើងដោយមន្ត្រីនគរបាល ឈ្មោះ នៅ លីដា ភេទប្រុស ឋានន្តរសក្ដិ វរសេនីយ៍ត្រី នៅក្នុងអង្គភាពនគរបាលអន្តោប្រវេសន៍ ប្រចាំការនៅច្រក អន្តរជាតិ ដូង ស្ថិតក្នុងស្រុក កំរៀង ខេត្ត បាត់ដំបង។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុនេះ គឺគេសង្កេតឃើញថា មន្ត្រីនគរបាលរូបនេះមានលក្ខណៈស្រវឹងទោរទន់ ដោយទំនងជាមានរឿងអ្វីថ្នាំងថ្នាក់ចិត្ត ទើបបុគ្គលរូបនេះបានធ្វើសកម្មភាពបាញ់ចំនួនជាច្រើនគ្រាប់ដោយប្រើអាវុធខ្លី។រហូតដល់ម៉ោង២៣យប់ថ្ងៃដដែល ទាំងកម្លាំងប៉ូលិសនិងកម្លាំងកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនបង្ក ព្រមទាំងបានដកហូត កាំភ្លើងខ្លី ធុន SIG SAUER ១ដើម គ្រាប់ក្នុងបង់ចំនួន៣គ្រាប់ គ្រាប់នៅក្នុងប្រអប់ចំនួន១០៦គ្រាប់ សម្បកគ្រាប់៩គ្រាប់ និង រថយន្តLexus300 ចំនួន១គ្រឿង។បន្ទាប់មក លោក អធិការរង នៃអធិការដ្ឋាននគរបាលស្រុក កំរៀងបានប្រាប់ព័ត៌មានក្នុងស្រុកថា ៖ លោកបានប្រគល់ទៅឲ្យខាងនាយកដ្ឋានហើយដោយសារតែបុគ្គលរូបនេះស្រវឹងស្រាជោគជាំ។
បើតាមប្រភពក្រៅផ្លូវការមួយបាននិយាយថា ការផ្ទុះអាវុធបែបអនាធិបតេយ្យនេះ គឺមានចំនួន១៤ គ្រាប់ ដែលគេសង្ស័យថា អាចបណ្តាលមកពីបញ្ហារឿងស្រី ទោះបីជាយ៉ាងនេះក្តី ក៏មានមជ្ឈដ្ឋានជាច្រើនកំពុងរង់ចាំមើលថា តើច្បាប់ នឹងហ៊ានចាត់វិធានការបែបណាទៅលើបុគ្គលរូបនេះដែរឬអត់…?៕ដោយ៖( ភ្នំសំពៅ).