ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ៣ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមួយនាក់ ទៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីហិង្សាដោយចេតនា(ហិង្សាក្នុងគ្រួសារ) ប្រព្រឹត្តិនៅស្រុកបាទី ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុក បាទីបានឱ្យដឹងថា៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៩នឹង៣០នាទី មានករណីហិង្សាក្នុងគ្រួសារមួយកើតឡើង នៅចំណុចភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ មានករណីហិង្សាក្នុងគ្រួសារមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ុច នី ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ប្រដាប់ដោយពូថៅកាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ ម៉េត ម៉ាច អាយុ៤៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បណ្តាលឱ្យរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត ។ ចំពោះមូលហេតុដែលឈានដល់ការប្រើអំពើហិង្សាបណ្តាលមកជនសង្ស័យជាប្តីមានការប្រច័ណ្ឌទៅលើប្រពន្ធរបស់ខ្លួន៕ដោយ ៖ ( តាកែវស្រុកយើង).