ភ្នំពេញ៖ហាក់បីដូចជាធ្វើលើសពីតួនាទីដែលមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបាននាំខ្លួនអ្នកកាសែតម្នាក់នៅស្ថាប័ន(TNBTV NewsBrand)ទៅពិនិត្យទឹកនោមរកសារធាតុញៀនខណៈអ្នកកាសែតរូបនេះកំពុងបំពេញវិជ្ជាជីវៈរបស់ខ្លួនតាមដងផ្លូវសាធារណៈ។ប៉ុន្តែក្រោយការពិនិត្យរកមិនឃើញនគរបាលបានធ្វើកំណត់ហេតុរួចអនុញ្ញាតឱ្យអ្នកកាសែតរូបនេះត្រឡប់មកវិញ។ករណីនេះកើតឡើងកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី១១ខែធ្នូនៅចំណុចផ្លូវបំបែកជា៤តូបB19ម្ដុំផ្សារតូចផ្លូវទួលសង្កែសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ លោក ជួន ប៊ុនរឿននាយកសារព័ត៌មាន TNBបានថ្លែងប្រាប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩នេះថា៖ភ្នាក់ងាររបស់លោកគឺឈ្មោះ តាតចាន់ រុន បានជិះម៉ូតូទៅយកព័ត៌មានករណីគ្រោះថ្នាក់ចរាចរ។ប៉ុន្តែពេលធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញមានការប្រតាយប្រតប់គ្នារវាងនគរបាលស្លៀកពាក់ស៊ីវិលមួយក្រុមជាមួយយុវជន៣នាក់។ខណៈនោះភ្នាក់ងាររបស់លោកបានឈប់ម៉ូតូទាញទូរស័ព្ទថតរូបភាពក៏ស្រាប់តែនគរបាលមួយក្រុមនេះបានហាមឃាត់បើទោះបីជាភ្នាក់ងាររបស់លោកបានបង្ហាញកាតអ្នកសារព័ត៌មានយ៉ាងណាក៏ដោយ ។
លោក ជួន ប៊ុនរឿន បន្តទៀតថា៖ក្រោយមកប៉ូលីសបាននាំខ្លួនភ្នាក់ងាររបស់លោកទៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពិនិត្យទឹកនោមរកសារធាតុញៀនតែការពិនិត្យ២ដង រកមិនឃើញនោះទេ ទើបនគរបាលធ្វើកំណត់ហេតុ អនុញ្ញាតឱ្យត្រឡប់មកវិញ ។
លោក នាយកសារព័ត៌មានយល់ឃើញថា នេះជាការរំលោភសិទ្ធិអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ចំពោះការបំពេញវិជ្ជាជីវៈ និង ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធមេត្តាពិនិត្យករណីនេះឡើងវិញផង ។បញ្ហានគរបាលស្លៀកពាក់ស៊ីវិល ចាប់ខ្លួនប្រជាពលរដ្ឋតាមដងផ្លូវនេះ បង្កការភ្ញាក់ផ្អើលនិងរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលកន្លងមកនគរបាលក៏បានចេញមុខបំភ្លឺផងដែរ ។ទន្ទឹមនេះលោក ប៉ែន បូណាប្រធានក្លិបអ្នកកាសែតកម្ពុជាបានឱ្យដឹងថាបើអ្នកកាសែតបានបង្ហាញប័ណ្ណអ្នកសារព័ត៌មានត្រឹមត្រូវហើយគប្បីសមត្ថកិច្ចគោរពនូវសិទ្ធិរបស់អ្នកសារព័ត៌មានមិនអាចធ្វើការបំពានយ៉ាងដូច្នេះទេ។ខណៈប្រមុខរាជរដ្ឋាភិបាលលើកស្ទួយនិងគាំទ្រខ្លាំងណាស់ចំពោះសេរីភាពសារព័ត៌មាន ។
លោកបានបន្តទៀតថា៖សមត្ថកិច្ចគួរបង្ហាញតួនាទីឱ្យបានច្បាស់លាស់កុំឱ្យមានការយល់ច្រឡំខណៈបើសិនអ្នកសារព័ត៌មានកំពុងបំពេញតួនាទីហើយមិនត្រូវបំពានសិទ្ធិអ្នកសារព័ត៌មាននោះទេ។ជាមួយគ្នានេះលោកប៉ែន បូណាបានសំណូមពរដល់អ្នកសារព័ត៌មានផងដែរត្រូវគោរពវិជ្ជាជីវៈរបស់ខ្លួន ខណៈសមត្ថកិច្ចក៏ត្រូវគោរពតួនាទីរបស់ខ្លួន និង មិនត្រូវបំពានសិទ្ធិអ្នកសារព័ត៌មានឡើយ ៕ដោយ៖ ( យាយពេញ).