ភ្នំពេញ៖សមត្ថកិច្ចបានចុះចាប់ក្របួបានជនសង្ស័យពូកែខាងធ្វើក្លែងបន្លំឯកសាររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនហើយក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនទាក់ទងនឹងការលួចធ្វើឯកសារក្លែងក្លាយពាក់ព័ន្ធរថយន្ដ (ឈៀក និងកាតគ្រី)។ដោយមានការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបើកការស្រាវជ្រាវ និងស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ ឯក ជា ពៅ ប្រធាននាយកដ្ឋាន ព្រមទាំងមានការសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបថា៖ជនសង្ស័យឈ្មោះ ប៊ុន ម៉ារ៉ាឌី ហៅ ពៅ អាយុ ៣៣ឆ្នាំបានសារភាពថាខ្លួនបានចាប់ផ្ដើមធ្វើសកម្មភាពក្លែងឯកសាររបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនពិតប្រាកដមែន។ជនសង្ស័យបានសារភាពបន្តទៀតថាខ្លួនបានចាប់ផ្ដើមធ្វើសកម្មភាពក្លែងឯកសាររបស់ក្រសួង៖ទី១-លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម ប័ណ្ណសម្គាល់យានយន្ដ (កាតគ្រី)ទី២-លិខិតត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ (ឈៀក)ទី៣-ពន្ធផ្លូវ ប្រចាំឆ្នាំនិងឯកសារពាក់ព័ន្ធរថយន្ដមួយចំនួនទៀត។បើយោងតាមការសារភាពពីជនសង្ស័យបានបន្ថែមឲ្យដឹងទៀតថា តាំងពីឆ្នាំ២០១៧មកជនសង្ស័យមិនត្រឹមតែធ្វើឈៀក និងកាត គ្រីក្លែងក្លាយនោះទេ ថែមទាំង បង្កើត គេហទំព័រក្លែងក្លាយមួយ ដើម្បីផ្ទុកទិន្នន័យសម្រាប់ស្គែនតាម QR Code ដែលមាននៅលើឯកសារក្លែងក្លាយទៀតផង។បច្ចុប្បន្នជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្ន៕ដោយ ៖ ( យាយពេញ).