ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច សា្រវជ្រាវរកឃើញថា៖ លោកវរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ ១៩៧៣៩២ មុខងារ៖ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និង លោកអនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩ មុខងារ៖ ជំនួយការការិយាល័យប្រឆាំងគ្រឿងញឿន កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យឈ្មោះ ទុយ ស្រស់ ស្លាប់ពិតប្រាកដមែន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្តីប្រកាសព័ត៌មានជូនអ្នកសារព័ត៌មាននឹងសាធារណជនជ្រាបថា៖បន្ទាប់ពីទទួលបាននូវព័ត៌មានភាពមិនប្រក្រតីនៃការអនុវត្តតួនាទី ភារកិច្ចបណ្តាលអោយស្លាប់ជនសង្ស័យ ដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជាលទ្ធផលបានរកឃើញការពិតដូចខាងក្រោម៖ ១-នាយទាហាននៃកងរាជអាវុធហត្ថចំនួន០២នាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យស្លាប់ពិតប្រាកដមែន។ ទី១-លោកវរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ ១៩៧៣៩២( មុខងារ) មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ។ និងទី២-លោកអនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩( មុខងារ) ជំនួយការការិយាល័យប្រឆាំងគ្រឿងញឿន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ២-ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយអោយក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ។ ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់។ ៣- ជាវិធានការនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានកសាងសំណុំរឿងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទប្រកាន់តាមច្បាប់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖ (ចម្ប៉ាប៉ោយប៉ែត).
តំណាងពលរដ្ឋ១៥០គ្រួសារ