ភ្នំពេញ ៖ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះក្រសួងអប់រំ យុវជន និងកីឡា បាននាំថវិការបស់រាជរដ្ឋាភិបាលប្រមាណជិត ៤០០លានរៀលប្រគល់ជូនដល់ម្ចាស់ជ័យលាភី លើប្រភេទកីឡាគុនដាវ និងការ៉ាតេ ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនី ក៏ដូចជាគ្រូបង្វឹកក្នុងការហ្វឹកហាត់ និងបានឈានទៅប្រជែងដណ្ដើមយកមេដាយ នៅលើឆាកអន្តរជាតិនាពេលកន្លងមក ។
សម្រាប់ប្រភេទកីឡាគុនដាវបានចូលរួមការប្រកួត ព្រឹត្តិការណ៍សកលវិទ្យាល័យជើងឯកអាស៊ីអាគ្នេយ៍កាលពីថ្ងៃទី០៧ ដល់ថ្ងៃ១០ មិនា ឆ្នាំ២០១៩ នៅប្រទេសម៉ាឡេស៊ី ក្រសួងបានបញ្ជូនកីឡាករទៅចូលរួម ១២នាក់ ស្រី ៥នាក់ ជាលទ្ធផលទទួលបានមេដាយប្រាក់ ៣គ្រឿង និងសំរឹទ្ធ ២គ្រឿង ប្រាក់រង្វាន់សម្រាប់ជ័យលាភីចំនួន ៩៣លានរៀល។ និងការប្រកួត កីឡាគុនដាវសកលវិទ្យាជើងឯកអាស៊ីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី កម្ពុជាឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៤ សរុប ៥គ្រឿងប្រាក់រង្វាន់ជ័យលាភីចំនួន ២០៨.០០០.០០០រៀល។
ដោយឡែកប្រភេទកីឡាការ៉ាតែ បានចូលរួមក្នុងការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី៨ កាលពីថ្ងៃទី១០ ដល់ ១៤ ខែមេសា ឆ្នាំ២០១៩ នៅប្រទេសថៃដោយឈ្នះមេដាយសំរឹទ្ធ ៥គ្រឿង ប្រាក់រង្វាន់ទទួលបានចំនួន ៦០,៩០០,០០០រៀល និងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីលើកទី១៨ ចាប់ពីថ្ងៃទី២០ ដល់២៥ ខែមេសា ឆ្នាំ ២០១៩ នៅប្រទេសម៉ាឡេស៊ីឈ្នះមេដាយសំរឹទ្ធ ២គ្រឿងសរុប ប្រាក់រង្វាន់ជ័យលាភីចំនួន ២២.០០០.០០០រៀល។ ដូច្នេះសរុបប្រាក់រង្វាន់ជ័យលាភីទាំង៤ ព្រឹត្តិការណ៍នេះមានចំនួនថវិកា ៣៨៣.៩០០.០០០រៀល៕