ភ្នំពេញ ៖ ដោយមានកិច្ចសហការជាមួយគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រដ្ឋបាលខេត្តឧត្តរមានជ័យ រដ្ឋបាលស្រុកអន្លង់វែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍អន្លង់វែងលើកទី២ ក្រោមប្រធានបទ ថ្មើរជើងប្រវត្តិសាស្រ្ត ចាប់ពីថ្ងៃទី០៧-០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីរួមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ព្រឹត្តិការណ៍កីឡានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង និងជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិ៕