ភ្នំពេញៈនៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកងកម្លាំង និងមន្រ្តីរាជការទាំងអស់នៃក្រសួងមហាផ្ទៃដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងឆ្នាំ២០១៩កន្លងមកនេះ។ ដើម្បីលើកកម្ពស់ប្រសិទ្ឋិភាពការងារប្រកបដោយស្មារតីទទួលខុសត្រូវក្នុងឆ្នាំថ្មីជាបន្តនេះ សម្តេចតេជោហ៊ុន សែន បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ ដែលត្រូវខិតខំពុះពាសម្រេចឱ្យបានគឺ៖ទី១-បន្តប្តូរផ្តាច់ការពារ និងថែរក្សាឱ្យបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យជាតិ និង បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។ទី២បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការធានាឱ្យបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពនិងការកសាងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍នៅក្នុងសង្គមជាតិទាំងមូល។ទី៣បន្តអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ពីការអនុវត្ត និងការប្រើប្រាស់សិទ្ធិសេរីភាពតាមរយៈការរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញ និង ប្រព័ន្ធនយោបាយនៅកម្ពុជា។ ត្រូវពង្រឹងនិងជំរុញការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់និងស្មើភាពគ្នា។ទី៤លើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ស្របតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់» ។
នៅក្នុងពិធីបិទសន្និបាតរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវគោលការណ៍ណែនាំ និងអនុសាសន៍ចំនួន៨ដូចខាងក្រោម៖១-ត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ពង្រឹងជំនឿទុកចិត្តដល់ធុរជន ក្នុងការបណ្តាក់ទុនវិនិយោគ និង ការប្រកបឤជីវកម្មនៅកម្ពុជាធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលរៀបចំនៅកម្ពុជា ទប់ស្កាត់មិនឱ្យមានអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននានា។
២-ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែសកម្មផុសផុលដើម្បីជំរុញចលនាប្រជាជនបានចូលរួមជាមួយឤជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ និង បង្ក្រាបគ្រឿងញៀនខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់, បទល្មើសនេសាទ ឤជីវកម្មរ៉ែ និងឤជីវកម្មខ្សាច់ខុសច្បាប់។
៣-ត្រូវ រួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាពជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការលើកកម្ពស់ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានហ្មឺងម៉ាត់ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេសសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។
៤-ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានាទាក់ទងនឹងកិច្ចការអន្តោប្រវេសន្តដើម្បីចូលរួមបង្ការទប់ស្កាត់បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សំដៅពង្រឹងសន្តិសុខជាតិនិងសណ្តាប់ធ្នាប់ក្នុងសង្គមតាមរយៈការបង្កើនការគ្រប់គ្រងឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពនូវជនបរទេសអន្តោប្រវេសន្តស្របតាមច្បាប់ ។
៥-ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈកិច្ចសហការសម្របសម្រួលជាមួយកម្មវិធីកែទម្រង់នានា និង ក្រសួង-ស្ថាប័នញក់ព័ន្ធ ធ្វើការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យ សម្បត្តិ ស្របតាមប្រព័ន្ធវិមជ្ឈការ សំដៅធានាឱ្យរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដំណើរការបានដោយរលូន និងមានប្រសិទ្ធភាព។រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់ភាពជាម្ចាស់ប្រកបដោយភាពច្នៃប្រឌិតក្នុងការចាត់ចែង ប្រើប្រាស់មុខងារ និងធនធានដែលបានផ្ទេរហើយដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
៦-ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល, កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល, កងកម្លាំង នគរបាលជាតិ និងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈ ចំណេះដឹង និង ចំណេះធ្វើជាក់ស្តែងថ្មីៗ ជាពិសេសសេវាសង្គម, សេវារដ្ឋបាល, សេវាសន្តិសុខ, និងសេវាសាធារណៈចាំបាច់នានារបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព, គណនេយ្យភាព និង មានប្រសិទ្ធភាពខ្ពស់ ។
៧-តាមការព្យាករណ៍ឆ្នាំ ២០២០២ នេះ ប្រទេស យើងនឹងមានឤកាសធាតុក្តៅហួតហែង ហើយការមកដល់នៃរដូវវស្សានឹងមានសភាពយឺតយ៉ាវជាងសព្វដង ។ ដូច្នេះ ក្រសួង-ស្ថាប័នញក់ព័ន្ធ និង ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុកដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងចូលរួមបង្ការទប់ស្កាត់ភ្លើងឆេះព្រៃព្រមទាំងការបង្ការជំងឺដម្កាត់នានានៅក្នុងរដូវប្រាំង ។
៨-ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង ផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមនិងទទួលសំណូមពរទាំងឡាយរបស់ប្រជាពលរដ្ឋឱ្យបានសមស្រប និងទាន់ពេលវេលា ទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ពេលនេះមិនទាន់ត្រូវបានបិទបញ្ចប់នោះទេ។ សម្តេចតេជោ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា គ្មានភាពចាំបាច់អ្វីត្រូវលាក់បាំង ប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩នោះឡើយក្នុងពេលដែលរាជរដ្ឋាភិបាលមានស្មារតីទទួលខុសត្រូវគ្រប់គ្រាន់ចំពោះប្រជាពលរដ្ឋខ្មែរ ដែលរហូតមកដល់ពេលនេះគ្មានពលរដ្ឋខ្មែរយើងណាម្នាក់កើតជម្ងឺនេះទេ។ជាមួយគ្នាដែរកម្ពុជាគ្មានទំនាស់ការទូតជាមួយប្រទេសម៉ាឡេស៊ីនោះទេពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ ក្រោយពីរដ្ឋាភិបាលម៉ាឡេស៊ីប្រកាសថាបានរកឃើញស្រ្តីវ័យចំណាស់ជនជាតិអាមេរិកអាយុ៨៣ឆ្នាំម្នាក់មានផ្ទុកវីរ៉ុសកូរ៉ូណាវិជ្ជមាន បន្ទាប់ពីបានចាកចេញពីកម្ពុជា ហើយបន្ទាប់មកត្រូវបានក្រសួងសុខាភិបាលកម្ពុជាទាមទារឲ្យម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញតែប៉ុណ្ណោះ ដូច្នេះកម្ពុជាគ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី សង្ឃឹមថាអង្គសន្និបាតទាំងមូលនឹងអនុវត្តប្រកបដោយភាពជោគជ័យនូវទិសដៅការងារ និងគោលការណ៍សំខាន់ៗជាច្រើនទៀតរបស់ក្រសួងមហាផ្ទៃដើម្បីនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិនិងប្រជាពលរដ្ឋ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃមួយចំនួននៃក្រសួងមហាផ្ទៃ និងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕(ដកស្រង់ចេញពីផេក សម្តេចតេជោ).