រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ ត្រូវកម្លាំងតាមបង្ក្រាបបានជនដៃដល់ចំនួន៣នាក់។ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌ បឹងកេងកង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និង ស្នងការដ្ឋាននគរបាលខេត្ត សៀមរាប។លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា៖នៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២០ នេះថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង មានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន ព្រមទាំងមានការសម្របសម្រួលពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។បើតាមលោកវរសេនីយ៍ឯក មុំ ចេក ជនសង្ស័យទាំង ៣ នាក់នេះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាននៅចំណុចផ្លូវព្រលានយន្ដហោះ ភូមិ គោកដូង សង្កាត់ ទឹកវិល ក្រុងសៀមរាប ខេត្ត សៀមរាប រួមមាន៖ ទី១៖ ឈ្មោះ Shan Shiquan, ទី២៖ឈ្មោះ Wei Bingwen និងទី៣៖ឈ្មោះ Zeng Merng។ជនសង្ស័យបានសារភាពថា៖ នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ជនរងគ្រោះ នៅសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ បានបា្រក់ចំនួន១១ម៉ឺនដុល្លារ និង ទូរស័ព្ទ០៥គ្រឿង ប្រាកដមែន ។
ក្រោយធ្វើសកម្មភាពប្លន់បានសម្រេចរួចហើយ ពួកគេបានជិះរថយន្ដមួយគ្រឿងម៉ាក Tacoma ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-4483 ទៅប្លុងចោលនៅ ខេត្តសៀមរាប បន្ទាប់មកជិះតាក់ស៊ីទៅ ខេត្ដ បន្ទាយមានជ័យ ក្នុងគោលបំណងទៅ ប្រទេសថៃ តែច្រកព្រំដែនត្រូវបានបិទមិនឲ្យចេញចូល ហើយពួកគេស្នាក់នៅទីនោះរយៈពេល ២ ថ្ងៃ ទើបត្រឡប់ទៅ ខេត្តព្រះសីហនុ វិញ។លុះដល់ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២០ ពួកគេបានធ្វើដំណើរពីខេត្ត ព្រះសីហនុ មក ភ្នំពេញ ហើយបន្ដដំណើរទៅ ខេត្តសៀមរាប ដើម្បីទៅយករថយន្ដក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធីច្បាប់៕ ដោយ៖(យាយ ពេញ).