ខេត្តរតនគិរី ៖ លំនៅឋានប្រជាពលរដ្ឋមួយកន្លែង ត្រូវអាគ្គិភ័យលេបត្របាក់ខូចខាតអស់ទាំងស្រុង ហើយថែមទាំងឆក់យកអាយុជីវិតក្មេង០២នាក់យ៉ាងអាណោចអាធ័មទៀតផង ក្នុងពេលមួយប៉ព្រិចភ្នែកប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិ រំយោល ឃុំ អូរជុំ ស្រុក អូរជុំ ខេត្ត រតនគិរី ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ក្នុងហេតុការណ៍ខាងលើនោះ បានបង្កឱ្យឆាបឆេះកូនក្មេងតូចៗចំនួន២នាក់ក្នុងអណ្តាតភ្លើង បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត ហើយក្នុងនោះមានកូនបង ភេទស្រី អាយុ០៤ឆ្នាំ និងកូនប្អូន ភេទប្រុស អាយុ០២ឆ្នាំផងដែរ ។
ហើយម្ចាស់ផ្ទះត្រូវជាម្តាយនោះឈ្មោះ ជីន សុជាតិ អាយុ២៧ឆ្នាំ ជាជនជាតិទំពួន រស់នៅភូមិអូរជុំ ឃុំ អូរជុំ ស្រុក អូរជុំ ខេត្ត រតនគិរី។សមត្ថកិច្ចបានប្រាប់បន្តថា៖ ការឆាបឆេះក្នុងយប់កើតហេតុនេះ គឺបណ្តាលមកពីផ្ទះរបស់គាត់ប្រកបរបរលក់សាំង ខណៈពេលនោះមានម៉ូយមកចាក់សាំង រូបគាត់ ជាម្តាយ បានប្រើឱ្យកូនយកអីកបំភ្លឺ ស្រាប់តែកូនគាត់បានយកភ្លើងទៀនមក ក៏បណ្តាលឱ្យអណ្តាតភ្លើងទាន ប៉ះជាមួយនឹងចំហាយសាំងផងនោះ ធ្វើឱ្យក្លាយជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ក្នុងពេលនោះផងដែរ ក៏មានការអន្តរាគមន៍ពីសមត្ថកិច្ច ដោយប្រើរថយន្តអស់ចំនួន៣គ្រឿងទើបរលត់ទៅវិញ ប៉ុន្តែជាអកុសលកូនតូចទាំង០២នាក់បានបាត់បង់ជីវិតក្នុងទៅហើយ ។
ក្រោយពេលកើតហេតុរួចហើយនោះ ដើម្បីជួយរំលែកទុក្ខដល់គ្រួសារសព និងសម្រួលដល់ជីវភាភផងនោះ លុះនៅព្រឹកថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០២០ នេះ អនុសាខាកាកបាទក្រហម កម្ពុជា ស្រុក អូរជុំ បានដឹកនាំដោយលោក ធូ ឃឿ អភិបាលស្រុក ជាប្រធានប្រតិបត្តិអនុសាខាកាកបាទក្រហមស្រុកអូរជុំ នាំយកថវិកាចំនួន៥០០.០០០រៀល និង អង្ករ៥០គីឡូក្រាម រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ មកជួយឧបត្ថមដល់ក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើបុណ្យសពបងប្អូនកូនក្មេងតូចទាំង២នាក់ដែលបានបាត់បង់ជីវិត ដោយសារភ្លើងឆេះផ្ទះនោះ ៕ដោយ៖(រតនណះគីរី)