ខេត្តកណ្ដាល ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លោក គីម រិទ្ធី អភិបាល នៃគណៈ អភិបាលរង ខេត្ត កណ្ដាល ស្នើអោយប្រធានការិយាល័យគយ និងរដ្ឋករជ្រៃធំត្រូវខិតខំប្រមូលពន្ធអាករ និង កម្រៃ ផ្សេង ៗ អោយបានគ្រប់តាមផែនការដែលបានកំណត់។
លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលរងខេត្តកណ្ដាល ជំរុញបែប នេះក្នុង ឱកាស លោក អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង និង ផ្ទេរភារៈកិច្ចប្រធានការិយាល័យគយ និងរដ្ឋកជ្រៃធំ កាលពីរសៀលថ្ងៃ ពុធ ១១កើត ខែ អាសាឍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគយ និង រដ្ឋករជ្រៃធំ ស្រុក កោះធំ ខេត្ត កណ្ដាល។
លោក អភិបាលរងខេត្ត បន្តថា ការប្រមូលពន្ធអាករ របស់ស្នាក់ការគយ និង រដ្ឋករជ្រៃធំ គឺពិត ជា មានសារៈសំខាន់ណាស់ក្នុងការរួមចំណែក ធ្វើអោយចំណូលជាតិរបស់យើងមានកំណើនខ្ពស់ ក្នុង មួយរយៈកាលចុងក្រោយនេះ។ ដូច្នេះលោកប្រធានការិយាល័យគយ និង រដ្ឋករជ្រៃធំថ្មី ត្រូវខិត ខំ ប្រមូលព័ន្ធអាករ និងកម្រៃផ្សេងៗអោយបានគ្រប់តាមផែនការដែលបានកំណត់។ ទន្ទឹមនឹង ការ ប្រ មូលពន្ធអាករ និងកម្រៃផ្សេងៗ ប្រធានការិយាល័យគយ និង រដ្ឋករជ្រៃធំ ត្រូវខិតខំបង្កា និង បង្ក្រាប បទល្មើស គេចពន្ធឱ្យមានប្រសិទ្ធភាព។
លោក អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្រធានការិយាល័យគយ និង រដ្ឋករជ្រៃធំថ្មី ដើម្បីធានា ជំរុញ ការអនុវត្តការងារគយ និង រដ្ឋករប្រកបដោយប្រសិទ្ធភាព និងវឌ្ឍនភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈការងារខ្ពស់បំផុត ដើម្បីធានាបាននូវ គុណភាព តម្លាភាព សមធម៌ និងសុវត្ថិតភាពដូចមានចែងក្នុងក្រមសីលធម៌ និងកិរិយាមារយាទរបស់មន្ត្រីរាជការគយ និង រដ្ឋករ។ ពង្រឹងការអនុវត្តច្បាប់ បំពេញការងារដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រម។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហ ការជិតស្និទ ជាមួយ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។សូមបញ្ជាក់ផងដែរថា លោក ខណ្ណារ៉ា អេលីត ត្រូវបានតែងតាំងជាប្រធានការិយាល័យគយ និង រដ្ឋករ ជ្រៃធំ នៃសាខាគយ និង រដ្ឋករខេត្តកណ្ដាល ជំនួស លោក មួង ដារ៉ា ដែលត្រូវបានតែងតាំង និង ផ្ទេរ ភារៈ កិច្ចជាប្រធានសាខាគយ និង រដ្ឋាករខេត្ត ព្រៃវែង៕ដោយ ៖ (តាខ្មៅ).