រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអភិបាលរាជធានីណែនាំដល់មន្រ្តីរបស់ខ្លួននៅតាមមូលដ្ឋានត្រូវផ្តល់ប័ណ្ណសមធម៌ ជូនគ្រួសារក្រីក្រប្រកបដោយតម្លាភាពនិង មិនរើសអើងនិន្នាការនយោបាយ ដើម្បីអោយគ្រួសារក្រីក្រពិតប្រាកដទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលដើម្បីដោះ ស្រាយជីវភាពក្នុងស្ថានភាពវិបត្តិជម្ងឺកូវីដ១៩។ការលើកឡើងរបស់ឯកឧត្តមអភិបាករាជធានីភ្នំពេញបែបនេះ នៅក្នុងកិច្ចប្រជុំ ស្ដីពី ការត្រួតពិនិត្យការងារធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការស្នើសុំ (OD IDpoor) ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រត្រូវតែច្បាស់លាស់ចំទិសដៅដូច ប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ក្នុងគោលដៅជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយ ដោយអាជ្ញាធរមិនបានដឹងនោះទេ។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរខណ្ឌទាំង១៤ និង សង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ រាល់ការចូលរួមពិនិត្យវាយតម្លៃ នូវលិខិតស្នើសុំប័ណ្ណសមធម៌របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវតែច្បាស់ថា ពលរដ្ឋនោះក្រីក្រពិតប្រាកដ កុំឱ្យមានលេចចេញនូវបាតុភាពណាមួយកើតឡើងដោយកិច្ចការបំភាន់ បក្សពួក បងប្អូន គ្រួសារ មនោសញ្ចេតនាមន្រ្តីក្រោមឱវាទរបស់ខ្លួន ដែលមិនស្ថិតនៅក្នុងបន្ទាត់ក្រីក្រី ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋក្រីក្រ ដែលត្រូវទទួលបានការឧបត្ថម្ភ។
ឯកឧត្តមបញ្ជាក់ថា បើចង់ជួយដល់មន្រ្តី ឬ ក្នុងមានមនោសញ្ចេតនាអាណិតអាសូរ ត្រូវតែប្រើប្រាស់យន្តការដោះស្រាយ ក្នុងកម្រិតរដ្ឋបាលខណ្ឌដោយផ្ទាល់ ប៉ុន្តែបើខណ្ឌគ្មានលទ្ធភាពដោះស្រាយ ត្រូវបន្តបញ្ជូនមកថ្នាក់រាជធានី ដើម្បីចាត់វិធានការជួយសម្រួលឱ្យបានសមស្របនឹងតាមលទ្ធភាព៕ ដោយ៖(រីឈុនតាខ្មៅ)