ខេត្តកំពង់ចាម៖រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញចូលរួមប្រកាសតែងតាំងលោកស្រី សម ផល្លា ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមថ្មី ជំនួសលោក ជា ក្រូច ដែលត្រូវចូលនិវត្តន៍ ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ១០ ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ៣៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងព័ត៌មាន និង ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តនិងអ្នកសារព័ត៌មាន ជាច្រើនរូបផងដែរ ។បន្ទាប់ពីទទួលបានការតែងតាំង លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានថ្មីបានឡើងប្តេជ្ញាចិត្ត ខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរនៅក្នុងមន្ទីរ ព័ត៌មានខេត្តកំពង់ចាមរួមទាំងបណ្តាការិយាល័យ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន ពិសេស អាជ្ញាធរខេត្ត ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើដល់ប្រធានមន្ទីរព័ត៌មានថ្មីឲ្យធ្វើការដឹកនាំប្រកបដោយភាពយុត្តិធម៌ និង ត្រូវមានការប្រជុំជារៀងរាល់ព្រឹក ដើម្បីប្រមូលរាល់ទិន្នន័យ សកម្មភាព និង ហេតុការណ៍ផ្សេងៗដើម្បីរាយការណ៍ទៅដល់ថ្នាក់ដឹកនាំ និង ធ្វើការផ្សព្វផ្សាយទៅដល់មហាជនផងដែរ ។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ចាម ក៏បានណែនាំដល់ប្រធានមន្ទីរថ្មីឲ្យមានការខិតខំពង្រឹងសមត្ថភាពវិវត្តន៍តាមសម័យកាលជឿនលឿន ហើយទាមទារឲ្យមានការតាំងចិត្តម៉ុតមាំក្នុងការដឹកនាំមន្ត្រីក្រោមឱវាទ ជាពិសេស ត្រូវខិតខំគ្រប់គ្រង និង តាមដានព័ត៌មាន ដើម្បីធ្វើការប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ហើយត្រូវខិតខំផលិតព័ត៌មានបទយកការណ៍ ដើម្បីធ្វើការផ្សព្វផ្សាយ ផងដែរ ៕ដោយ៖( សុធី ហេងរីឈុន).