នៅព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ “ការយល់ដឹងច្បាស់លាស់ នាំឱ្យការថែរទាំមានប្រសិទ្ឋភាព” និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រមស្ថាពរ និងដីកាសម្រេចរឹបអូសរបស់ សាលាដំបូងខេត្តព្រះសីហនុ សាលាដំបូងខេត្តកោះកុង និងសាលាដំបូងខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅលើដីឡូតិ៍មួយកន្លែង ក្បែររូបសំណាកយាយម៉ៅ មានចម្ងាយពីច្រកចូលរមណីយដ្ឋានក្បាលឆាយប្រមាណ ១.០០០ ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថាបញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល និងជាឧក្រិដ្ឋកម្មឆ្លងដែន ដែលអាចបង្ករមហន្តរាយដល់ប្រជាពលរដ្ឋគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ការប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមកមានការវិវឌ្ឍប្រែប្រួលគួរឲ្យកត់សម្គាល់ ហើយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានចាត់ វិធានការពហុវិស័យដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀនធ្វើឱ្យសភាពការណ៍គ្រឿងញៀនស្ថិតនៅក្នុងស្ថានភាពដែលយើងអាចគ្រប់គ្រង និងត្រួតពិនិត្យបាន។ យន្តការនៃការទប់ស្កាត់គ្រឿងញៀនត្រូវបានពិនិត្យពីថ្នាក់មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុងស្រុករហូតដល់ខេត្តតាមរយៈរបាយការណ៍បញ្ជូនសារទាន់ហេតុការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំតែទោះជាយ៉ាងណាក៏ដោយសភាពការណ៍គ្រឿងញៀនដែលមកពីខេត្តផ្សេងៗនៅក្នុងតំបន់ និងនៅលើពិភពលោក ដែលជះឥទ្ធិពលដល់សន្តិសុខសណ្ដាប់ធ្នាប់ សុខភាពសាធារណៈ ចាំបាច់ត្រូវចាត់វិធានការការពារឲ្យបានម៉ឹងម៉ាត់ និងជាក់លាក់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ ជាការឆ្លើយតបយើងបានរៀបចំយុទ្ធសាស្ត្រត្រួតពិនិត្យគ្រឿងញៀនខេត្តបានចាត់ទុកបញ្ហានេះជាបញ្ហាអាទិភាពហើយបានរៀបចំផែនការកសាងប្រតិបត្តិដោយត្រៀមលក្ខណៈសម្បត្តិទាំងធនធានមនុស្សធនធានហិរញ្ញវត្ថុ លិខិតបទដ្ឋានគតិយុត្តរចនាសម្ព័ន្ធ ដែលមានការចាត់តាំងដឹកនាំអនុវត្តនិងការទទួលខុសត្រូវខ្ពស់ដើម្បីធានាឱ្យបានការអនុវត្តប្រកបដោយជោគជ័យ។ក្នុងឱកាសនោះឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថាកន្លែងណាមានប្រើប្រាស់គ្រឿងញៀនច្រើននឹងមានបទល្មើសកើតច្រើន និងមានបញ្ហាអសន្តិសុខសង្គម។ពីមុនកម្ពុជាពីមុនជាកន្លែងឆ្លងកាត់តែបច្ចប្បន្នបានក្លាយជាកន្លែងផលិតកែច្នៃគ្រឿងញៀននៅនឹងកន្លែងហើយ។ឯកឧត្ដមបានបញ្ជាក់ថាគ្រឿងញៀន បណ្តាលអោយមានគ្រោះថ្នាក់ធំ៣យ៉ាង៖
១.បំផ្លាញខ្លួនឯង
២.បំផ្លាញគ្រួសារនិងសហគមន៍
៣.ប្រទេសជាតិ។
វិធានការណ៍សំខាន់ៗ៣ដើម្បីប្រឆាំងគ្រឿងញៀន៖
១.ផ្តើមចេញពីបុគ្គលម្នាក់ៗ ឆ្លើយថាទេចំពោះគ្រឿងញៀន។
២.គ្រួសារនិងសហគមន៍ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីបង្ក្រាបទប់ស្កាត់សង្គ្រោះអ្នកញៀនថ្នាំបានទាន់ពេលវេលា។៣.មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវបំពេញភារកិបស់ខ្លួនអោយបានត្រឹមត្រូវនិងម៉ឺងម៉ាត់ដើម្បីសុខសុវត្ថិភាពប្រជាជនយើង។សូមបញ្ជាក់ថាថ្នាំញៀនចម្រុះ ដែលត្រូវដុតកំទេចចោលនៅពេលនេះមានចំនួន សរុបជាង៥១ គីឡូក្រាម ដែលនេះជាភស្តុតាងជាក់ស្តែងក្នុងការបង្ក្រាបរបស់កំលាំងសមត្ថកិច្ច។អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្តេជ្ញាបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានខ្លាំងថែមទៀត។ដោយ (សាមិត្ត កន្និកា)